ខេត្ដប៉ៃលិន ៖ ព្រោះតែផឹកស៊ីស្រវឹង និងប្រចណ្ឌប្រពន្ធខ្លាំងពេក បុរសម្នាក់បានយកខ្សែក្រវាត់ និងដំបងឈើមូលវាយ សំពងទៅលើប្រពន្ធ បណ្ដាលឱ្យរងរបួស ជាំភ្នែក ជាំភ្លៅ ខ្លួនប្រាណ រហូតសន្លប់នៅ ក្បែរផ្សារប៉ាងរលឹម
កាលពី វេលាម៉ោង ១០និង១៥ នាទី យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅចំណុច ជិតផ្សារប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន ។
ស្ដ្រីរងគ្រោះមានឈ្មោះ ជឹម សារ៉េន អាយុ ៣៣ ឆ្នាំ មុខរបរលក់ គុយទាវ បាយកាហ្វេ នៅជិតផ្សារប៉ាងរលឹម មានកូន៣នាក់ ប្រុស១ ស្រី២នាក់ មានប្ដីឈ្មោះ សាត សារ៉ន ហៅឆក អាយុ ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត រស់នៅភូមិរការ ឃុំឫស្សីក្រាំង ស្រុក មោងឫស្សី ខេត្ដបាត់ដំបង បាននាំគ្នាមករស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ជិត ៣ ឆ្នាំមកហើយ ។
មុនពេលកើតហេតុ បុរសជាប្ដីបានសុំលុយ ប្រពន្ធ ៣ ម៉ឺនរៀលដើម្បីទៅហូបការ រហូតដល់ម៉ោងជាង ៩យប់ ទើបត្រឡប់មកវិញ ក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក ហើយប្ដីរបស់គាត់ បានស្រែកឡូឡាថា មិនព្រមបើកទ្វារឱ្យអញ ប្រយ័ត្នអញវាយស្លាប់ ។ បន្ទាប់មក គាត់ក៏បើកទ្វារឃើញប្ដីស្រវឹងជោកជាំ ក៏សួរថា ម្ដេចក៏ទៅហូបការយូរម្ល៉េះ ស្រាប់តែប្ដីឆ្លើយថា ទាស់ក្បាលអីនាងហ្អែង ។
បុរសជាប្ដីដើរមកដល់មាត់ទ្វារ ក៏បានដៀលប្រពន្ធថា នាងឯងមានប្រុសថ្មី បានជាមិនចង់បើកទ្វារឱ្យអញ ឯណាប្រុសថ្មីនាងឯង ? រួចក៏កើតជាជម្លោះ ទាស់ពាក្យសម្ដីគ្នា ហើយបុរសជាប្ដីក៏បានច្រានប្រពន្ធឱ្យដួល រួចក៏ទាញខ្សែក្រវាត់ពីចង្កេះ វាយទៅលើប្រពន្ធ ជាំភ្នែកខាងស្ដាំ ជាំភ្លៅខាងឆ្វេង និងស្មា ឆ្អឹងជំនីរ ។ ទំនងជាវាយ មិនទាន់អស់ចិត្ដ បុរសជាប្តីបានទៅទាញដំបងឈើមូល មកវាយទៅលើប្រពន្ធ ចំក្បាលបែកឈាម ៕