រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿង ដែលស្គាល់ថាជារបស់ក្រុមហ៊ុន SK បានបើកបុកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងពេញទំហឹងអូសជាង១០០ ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង
៧ និង ១០នាទី យប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣ នៅជិតទីតាំងបង់ប្រាក់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិគល់ ស្រុកកន្ទោក ខណ្ឌពោធិ៍សែនជ័យ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យស់ សុខឿន អាយុ ៣៣ឆ្នាំ មុខរបរលក់ខោអាវជជុះ មានទីលំនៅភូមិអូរជ្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកបើកម៉ូតូម៉ាក C110 ពណ៌ខ្មៅ អត់មានស្លាកលេខ សណ្តោងរ៉ឺម៉កដឹកខោអាវជជុះ។ ចំណែករថយន្តបង្កជាប្រភេទរថយន្តដឹកកុងតឺន័រ របស់ក្រុមហ៊ុនSK ពណ៌ស ពាក់ស្លាកលខ ក្រុងព្រះសីហនុ 3A-0367 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះបានបើកម៉ូតូសណ្តោងរ៉ឺម៉ក ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច។ ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រខាងលើ ដែលធ្វើដំណើរក្នុងទិសដៅស្របទិសគ្នាបើកបរក្នុងល្បឿនលឿន បានបុកពីក្រោយម៉ូតូរ៉ឺម៉កពេញទំហឹង និងរុញទៅមុខប្រមាណ ១០០ម៉ែត្រ បណ្តាលឱ្យមនុស្សខ្ទាចចេញរងរបួសធ្ងន់ ។ ក្រោយពេលឃើញស្ថានការណ៍មិនស្រួល តៃកុងរថយន្តកុងតឺន័រក៏បានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅអន្តរាគមន៍ដើម្បីធ្វើការវាស់វែង និងបានទំនាក់ទំនងហៅរថយន្តសាម៊ុយមកដឹកយកអ្នករបួសទៅធ្វើ ការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកម៉ូតូសណ្តោងរ៉ឺម៉ក និងរថយន្តកុងតឺន័រ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕