រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពបន្លំចូលលួចឥវ៉ាន់នៅក្នុងហាង លក់សម្ភារៈជជុះមកពីជប៉ុន ត្រូវបានម្ចាស់ហាងគេតាមទាន់ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ភ្លាមៗ។ ហេតុការណ៍នេះ
បានកើតឡើងកាលពី វេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៣ ក្នុងហាងដែលមានយីហោ «តូតូ» ស្ថិតនៅតាមបណ្តោយផ្លូវ ភ្នំពេញ-ហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនខាងលើនេះមានឈ្មោះ តាំង គឹមទូ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ គឺជាមុខសញ្ញាចាស់ដែលធ្លាប់ចូលមកលួចសម្ភារៈក្នុងហាងនេះម្តងហើយ ប៉ុន្តែម្ចាស់គេមិនទាន់។
ប្រភពដដែលបានបន្តទៀតថា កាលពីលើកទី១ ជនសង្ស័យបានធ្វើសកម្មភាពប្រមូលយកឥវ៉ាន់ដាក់ចូលទៅក្នុងថង់ និងហុចទៅឲ្យបក្ខពួកម្នាក់ទៀតដែលឈរចាំនៅខាងក្រោយ ខណៈពេលដែលខាងសន្តិសុខ និងអ្នកគ្រប់គ្រងកំពុងតែមមាញឹកមិនបានចាប់អារម្មណ៍។ បន្ទាប់ពីធ្វើសកម្មភាពបានសម្រេច រូបគេក៏បានវិលត្រឡប់មកជាលើកទី២ ដោយលើកនេះជនសង្ស័យបានធ្វើសកម្មភាពប្រមូលឥវ៉ាន់ ដែលសរុបជាទឹកប្រាក់ប្រមាណជាង ៣០០ដុល្លារអាមេរិក ដាក់ចូលក្នុងវ៉ាលីមួយ ហើយប្រុងអូសចេញទៅក្រៅដោយមិនបង់លុយ ប៉ុន្តែត្រូវម្ចាស់ហាងគេតាមទាន់ស្រែកឲ្យសន្តិសុខចាប់ឃាត់ខ្លួន តែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលបន្លំលួចយកសម្ភារៈក្នុងហាងខាងលើ ចំនួន២ដងពិតមែន។ បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ សមត្ថកិច្ចបានបង្ហើបឲ្យដឹងទៀតថា ជនសង្ស័យរូបនេះគឺជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន ព្រោះសមត្ថកិច្ចបានឆែកឆេរឃើញវត្ថុតាងថ្នាំញៀន ប្រភេទម៉ាទឹកកក ១កញ្ចប់នៅជាប់នឹងខ្លួនជនសង្ស័យ៕