ខេត្តស្ទឹងត្រែង: អាជ្ញាធរខេត្តស្ទឹងត្រែង ចាប់ផ្តើមជម្លៀសប្រជាជន ចេញពីតំបន់ទឹកលិចហើយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ បន្ទាប់ពីទន្លេសេសាន ទន្លេស្រែពក ទន្លេសេកុង ហូរបុកចូលទន្លេមេគង្គ ខ្លាំងហក់ឡើងយ៉ាងគំហុក បូករួមទាំងភ្លៀងបន្តធ្លាក់ឥតឈប់។
លោក ដួង ពៅ នាយករដ្ឋបាលសាលាខេត្តស្ទឹងត្រែង បាននិយាយឱ្យដឹងថា ប្រពលរដ្ឋក្នុងសង្កាត់ពីរ នៃក្រុងស្ទឹងត្រែង ចំនួន ៣៥ គ្រួសារ ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាពដោយសារទឹកលិចផ្ទះរបស់គាត់។ ចំណែកឃុំស្រែឫស្សីស្រុកថាឡាបរិវ៉ាត់ អាជ្ញាធរកំពុងរៀបចំឱ្យទៅកាន់ទីទួលសុវត្ថិភាពផងដែរ។
នៅឯស្រុកសៀមប៉ាង ជាប់ទន្លេសេកុង លោក ស៊ី សួន អភិបាលស្រុក បានឱ្យដឹងថា ទឹកមានកម្រិតកម្ពស់ ១១,៣៤ ម៉ែត្រហើយ។ ប្រជាជនមិនទាន់ជម្លៀសទៅកាន់ទីទួលសុវត្ថិភាពនៅឡើយទេ។ រីឯទឹកទន្លេកំពុងហូរចូលអូរទំនាបៗធ្វើឱ្យលិចផ្ទះប្រជាជន។
លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្ទឹងត្រែង បាននិយាយឱ្យដឹងថា ស្ថានីយ៍ជលសាស្ត្រទឹកទន្លេមេគង្គមានកម្ពស់ ១១,២៥ ម៉ែត្រ លើសថ្ងៃទី១៩ កញ្ញា ទឹកមានកម្ពស់ ១០,២៥ ម៉ែត្រ។ ពេលនេះ ទឹកទន្លេមេគង្គបានជន់ឡើងលើសកម្រិតត្រូវប្រុងប្រយ័ត្នហើយ។
សូមរមឹ្លកថា នៅឯខេត្តឧត្តរមានជ័យ ជំនន់ទឹកភ្លៀង ក៏បានលិចកំណាត់ផ្លូវពីស្រុកសំរោង ទៅកាន់ស្រុកអន្លង់វែង ចាប់តាំងពីថ្ងៃទី១៩កញ្ញា។ ដោយឡែកនៅខេត្តរតនគិរី ទឹកភ្លៀង ក៏បានជន់លិចផ្ទះអ្នកភូមិ ចាប់តាំងពីថ្ងៃទី១៧កញ្ញា។
រីឯនៅខេត្តកំពង់ចាម និងខេត្តក្រចេះ ទឹកទន្លេមេគង្គ ក៏បានឡើងខ្ពស់ ដល់កម្រិតប្រកាសអាសន្នផងដែរ៕


- See more at:
http://cen.com.kh/localnews/show_detail/135?token=YmNhZGFmZD#sthash.IlVNILju.dpuf