រាជធានីភ្នំពេញ ៖ មានហេតុការណ៍ គួរឲ្យអស់សំណើច និងគួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពី វេលាម៉ោង ៨និង៥០ នាទីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចផ្លូវលេខ៨០ ក្រោយមន្ទីរពេទ្យកាល់ម៉ែត
ស្ថិតក្នុង ភូមិបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីកម្លាំងចម្រុះបានឃាត់ រថយន្តរបស់មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា មួយគ្រឿង ដែលសង្ស័យដឹក សម្ភារៈធ្វើបាតុកម្ម តែពេលឆែកឆេរឃើញតែផ្កាឈូកប៉ុណ្ណោះ។
រថយន្តរបស់អង្គការសិទ្ធិមនុស្ស ដែលត្រូវបានឃាត់ ដើម្បីឆែកឆេរនោះ ម៉ាកនីសាន់ ណាវ៉ារ៉ា មួយបាំងកន្លះ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ONG200 2-108 ។ កម្លាំងចម្រុះសង្ស័យថា រថយន្តនោះបានដឹកសម្ភារៈ សម្រាប់បម្រើឲ្យការធ្វើបាតុកម្ម របស់អ្នកភូមិបឹងកក់ ដែលខុសនឹងតួនាទីរបស់ខ្លួន ជាអង្គការសិទ្ធិមនុស្ស។ ម្ចាស់រថយន្តមិនអនុញ្ញាតិ ឲ្យសមត្ថកិច្ចធ្វើការឆែកឆេរឡើយ ដោយទាមទាររកដីការពីតុលាការ ទើបអាចឆែកឆេរបាន។
ពេលនោះសមត្ថកិច្ច ក៍បានសុំគោលការថ្នាក់លើ ហើយលោក មាស ច័ន្ទពិសិទ្ធ ព្រះរាជអាជ្ញរង អមសាលាដំបូង រាជធានីភ្នំពេញ បានចេញបញ្ជាឲ្យឃាត់រថយន្ត យកមកសាលាខណ្ឌដូនពេញ ដើម្បីឆែកឆេរតែត្រូវបាន ក្រុមមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា បដិសេធដោយនិយាយថា បើចងឆែកឆេរ ត្រូវធ្វើនៅកន្លែងកើតហេតុ ទើបពួកគេយល់ព្រម។ យ៉ាងណាក៏ដោយ បន្ទាប់ពីឆែកឆេរបានបញ្ចប់ គេរកមិនឃើញអ្វីទេ ក្រៅពីផ្កាឈូក ហើយករណីនេះ បានត្រឹមតែរវល់ ដល់ថ្នាក់លើប៉ុណ្ណោះ៕