
ខេត្តបាត់ដំបង ៖ មេការនិងបក្ខពួក ជាកម្មករសំណង់ បុរីបាត់ដំបង ជាគម្រោងរបស់ ក្រុមហ៊ុនធនាគារកាណាឌីយ៉ា បានព្រួតគ្នាវាយអ្នកលក់ ការ៉េមដ៏កំសត់ម្នាក់ បែកមុខចេញឈាមជោគអាវ ខណៈដែលបុរសម្នាក់នេះជិះម៉ូតូដឹកការ៉េមចូលលក់ ក្នុងការដ្ឋានសំណង់ ហើយជនបង្កបានឡើងរថយន្ត បើកគេចខ្លួនបាត់ កាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០១៣ នៅជួរល្វែងផ្ទះសំណាក់គានថៃ នៃសំណង់បុរីបាត់ដំបង ជាអតីតបន្ទាយគុយសេចាស់ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បុរសរងគ្រោះមានឈ្មោះ សួង សុភ័ក្រ អាយុ ៣១ឆ្នាំ ជាអ្នកលក់ការ៉េម មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ចំណែកមេការ និងបក្ខពួកកម្មករ ៥ នាក់ទៀត គេមិនស្គាល់អត្តសញ្ញាណទេ មានរថយន្តម៉ាក CRV ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2v8982។ ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានបើកម៉ូតូកង់បីដឹកការ៉េមចូលទៅលក់ តែទើបនិងបើកចូល មានមនុស្សលបវាយ ពីក្រោយខ្នង បន្ទាប់មកក៏ឃើញមនុស្សចោមរោមខ្លួន ជុំជិតហើយវាយថែមតែម្តង បណ្តាលឲ្យបែកមុខបែកមាត់ ហូរឈាមតាមមាត់និងច្រមុះ។
សាក្សីនៅកន្លែងកើតហេតុបាននិយាយថា ដោយឃើញទង្វើដ៏ព្រៃផ្សៃ របស់ក្រុមមេការ និងកម្មករសំណង់ មកលើអ្នកលក់ការ៉េម ពួកគាត់បានទូរស័ព្ទ ហៅនគរបាល មកជួយអន្តរាគមន៍ហើយពេលនគរបាលចំនួន ២នាក់មកដល់ ស្រាប់តែក្រុមជនបង្ក បានឡើងរថយន្ត ម៉ាក CRVពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2v8982 បើកទៅបាត់។ ក្រុមកម្មករមួយចំនួន បាននិយាយចំអក ដល់នគរបាលដែលមកជួយ អន្តរាគន៍ទាំង ២នាក់នោះថែមទៀតផង។ បន្ទាប់មកកម្លាំងអាវុធហត្ថខេត្ត ប្រមាណ ១០ នាក់ បានមកសួរនាំជនរងគ្រោះ នៅកន្លែងកើតហេតុ។
មន្ត្រីអាវុធហត្ថបានឲ្យដឹងថា រឿងដែលវាយលើអ្នកលក់ការ៉េម មានតែមេក្រុម និងមេការព្រោះពួកគេ ធ្លាប់ហាមមិនឲ្យ អ្នកលក់យកនំចំណី ឬមនុស្សចំឡែក ចូលទៅក្នុងការដ្ឋាន នេះឡើយ។ ចំណែកជនរងគ្រោះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថ នាំទៅបំពេញសំណុំរឿង នៅទីបញ្ជាការអាវុធហត្ថ ដើម្បីចាប់ខ្លួនជនសង្ស័យ។ ប្រជាពលរដ្ឋ បាននិយាយថា គួរណាស់តែច្បាប់ជួយរកយុត្តិធម៌ ដល់អ្នកទន់ខ្សោយ ទោះជាមេការនោះ មានខ្នងបង្អែកយ៉ាងណា ក៏ត្រូវចាប់យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ៕

____________________________
ប្រភពពីវត្តភ្នំ