ក្រុមការងារកម្ពុជាដើម្បីសន្តិភាព អំពាវនាវឲ្យអង្គការសហប្រជាជាតិ ពិនិត្យឡើងវិញចំពោះប្រទេសចិន ដែលបានផ្តល់អាវុធមកកម្ពុជា នៅគ្រាដែលកម្ពុជាកំពុងជាប់គាំងនយោបាយក្រោយការបោះឆ្នោត។
លិខិតចំហររបស់ក្រុមការងារកម្ពុជា ដើម្បីសន្តិភាព កាលពីថ្ងៃចន្ទនេះបានលើកឡើងថា ប្រហែលពីរសប្តាហ៏កន្លងមកនេះ ប្រទេសចិនបានផ្តល់កាំភ្លើងដៃចំនួន ១០០០ដើម និងគ្រាប់កាំភ្លើងចំនួន ៥០០០០គ្រាប់ ឲ្យអគ្គស្នងការនគរបាលជាតិ តាមរយៈរដ្ឋាភិបាលកម្ពុជា។ លិខិតនោះបានហៅកាយវិការបែបនេះ គឺមិនត្រឹមត្រូវ និងមិនអាចទទួលយកបាន ចំពោះប្រជាជនកម្ពុជា ហើយវាក៏មិនអាចជួយអ្វីបានទេ គឺមានតែបង្កើនភាពតានតឹងសម្រាប់ប្រទេសកម្ពុជា។
ក្រុមការងារកម្ពុជាដើម្បីសន្តិភាព បន្តថា ទោះបីជាប្រទេសចិនមានភាពស្និទ្ធជាមួយកម្ពុជា តាំងពីយូរក៏ដោយ ក៏ប៉ុន្តែក្នុងអំឡុងពេលនេះ ប្រទេសចិនមិនគួរផ្តល់ជំនួយក្នុងអំឡុងពេលកម្ពុជា ជាប់គាំងនយោបាយទេ។ លិខិតបន្តថា នេះគឺជាពេលតានតឹងបំផុតសំរាប់ប្រជាជនកម្ពុជា។ ពួកគេជុំរុញឲ្យអង្គការសហប្រជាជាតិ ធានាការស៊ើបអង្កេតភាពមិនប្រក្រតី នៃការបោះឆ្នោតដោយតម្លាភាព និងភាពជឿជាក់សម្រាប់ប្រជាជនកម្ពុជា។
អង្គការសហប្រជាជាតិ គឺជាអ្នកធានានូវសេរីភាពមូលដ្ឋាន សិទ្ធមនុស្ស សន្តិភាព និងស្ថិរភាព ក្នុងចំណោមប្រទេសជាតិមួយ ហើយត្រូវតែធានាថា ជំនួយយោធារបស់ចិននៅក្នុងបរិយាកាសនេះ គឺមិនមានការភ័យខ្លាច និងមិនកំណត់សេរីភាពបញ្ចញមតិ របស់ប្រជាពលរដ្ឋនៅកម្ពុជាឡើយ៕
ប្រភពពី :
VOD