Facebook គឺជាបណ្ដាញសង្គមដ៏មានប្រជាប្រិយភាពបំផុតនាពេលបច្ចុប្បន្ន បើគិតលើចំនួនអ្នកប្រើប្រាស់ និងសកម្មភាពនៅក្នុងគេហទំព័រដែលមានដើមកំណើតនៅសហរដ្ឋអាមេរិកមួយ នេះ។ ទន្ទឹមនឹងភាពពេញនិយមនេះផងដែរ Facebook ក៏ត្រូវបានរឹតបន្តឹងក្នុងប្រទេសមួយចំនួនផងដែរ។
ជាក់ស្ដែង នៅប្រទេសថៃ ប្រសិនបើលោកអ្នកគ្រាន់តែចុច Like លើពាក្យចចាមអារ៉ាមនយោបាយដែលបង្ហោះលើ Facebook ក៏ខុសនឹងច្បាប់ព្រហ្មទណ្ឌនៃប្រទេសនេះដែរ។ ដើម្បីការពារការរិះគន់នានាជុំវិញច្បាប់នេះ លោកឧត្តមសេនីយ៍ Pisit Pao-in បានចេញមកបកស្រាយក្នុងបទសម្ភាសន៍មួយជាមួយកាសែត The Nation របស់ថៃ។
លោកបានធ្វើការបកស្រាយថា៖ “អ្នកនឹងខុសច្បាប់ ប្រសិនបើចុច ‘like’ លើពាក្យចចាមអារ៉ាមទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។ ប្រសិនបើអ្នកចុច ‘like’ គឺមានន័យថាអ្នកទទួលយកនូវសារនោះ ដែលស្មើនឹងគាំទ្រសារនោះដែរ។ ធ្វើបែបនេះ គឺអ្នកបានជួយផ្សព្វផ្សាយបន្ថែមលើសារនោះ ដូច្នេះអ្នកក៏ត្រូវទទួលខុសត្រូវដែរ”។
លោកឧត្តមសេនីយ៍ Pisit
លោកឧត្តមសេនីយ៍ដដែល បានបញ្ជាក់ថា ច្បាប់ដែលយកមកចាត់ការរឿងនេះ គឺច្បាប់ព្រហ្មទណ្ឌ និងច្បាប់ស្ដីពីបទឧក្រិដ្ឋលើបណ្ដាញកុំព្យូទ័រ។ គោលបំណងនៃច្បាប់នេះ គឺដើម្បីឲ្យសង្គមមានសុខសន្តិភាព ហើយក៏មិនមានន័យថាអ្នករាល់គ្នាមិនអាចចុច Like នោះដែរ ប៉ុន្តែប្រសិនបើចុច Like លើប្រភេទសារដែលខុសនឹងច្បាប់ ដូចជាសារនិយាយពីរឿងរដ្ឋប្រហារជាដើមនោះ អ្នកនឹងត្រូវបានចាប់ខ្លួន។
“វាមិនអីទេ ដោយគ្រាន់តែចុច like Page ណាមួយក្នុង Facebook។ ប៉ុន្តែអ្នកមិនអាចចុច Like លើពាក្យចចាមអារ៉ាមណាមួយបានទៀតទេចាប់ពីពេលនេះទៅ។ ខ្ញុំគិតថាខ្ញុំនឹងអាចធ្វើបានសម្រេចនូវគោលបំណងលុបបំបាត់រឿង នេះ”។ នេះជាចម្លើយដែលលោក Pisit Pao-in ឆ្លើយទៅកាន់សំណួររបស់ The Nation ដែលបានសួរទាក់ទងនឹងការធ្វើយុទ្ធនាការប្រឆាំងនឹងច្បាប់នេះ។
លោកក៏បានបញ្ជាក់ទៀតថា អ្នកលេង Facebook នឹងមានការប្រុងប្រយ័ត្នជាងមុនចំពោះសកម្មភាពរបស់ខ្លួនក្នុងបណ្ដាញ សង្គមមួយនេះ៕
ដកស្រង់ពី : សប្បាយ