«នៅពេលដែលខ្ញុំបញ្ចប់បេសកកម្មក្រៅប្រទេស ខ្ញុំនឹងវិលត្រឡប់មកកាន់មាតុប្រទេសយើងវិញភ្លាមក្នុងពេល ឆាប់ៗនេះ។ ហើយប្រសិនបើក្រុមចម្រុះបច្ចេកទេស ដើម្បីធ្វើការអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត នៅតែមានភាពចម្រោងចម្រាសមិនអាចស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ បាន យើងនឹងធ្វើមហាបាតុកម្មទាមទារឲ្យប្តូរមេដឹកនាំសព្វថ្ងៃនេះ ចេញ»នេះជាពាក្យសម្ដីលើកឡើងរបស់លោកសម រង្ស៊ី ប្រធានគណបក្សជំទាស់នៅក្នុងហ្វេសប៊ុករបស់លោកនៅព្រឹក ថ្ងៃទី១១ សីហានេះពីក្រៅប្រទេស។
ការអំពាវនាវជាថ្មីរបស់លោកសម រង្ស៊ី បន្ទាប់ពីលោកបានសសេរលិខិតផ្ងើរជូនលោកបានគីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលស្នើសុំបញ្ជូនអ្នកជំនាញខាងកិច្ចការបោះឆ្នោត ដើម្បីធ្វើជាអ្នកសង្កេតការណ៍លើការស៊ើបអង្កេតភាពមិនប្រក្រតី នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រ នីតិកាលទី៥ នៅកម្ពុជាគឺធ្វើឡើងតាំងពីថ្ងៃទី០៥ ខែសីហា ប៉ុន្ដែត្រូវបានគណបក្សសង្គ្រោះជាតិផ្សព្វផ្សាយនៅថ្ងៃទី០៨ ខែសីហា។
លោកឈា វុន សមាជិកគណៈកម្មាធិការអចិន្ទ្រៃគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ ប្រាប់វិទ្យុខ្មែរអន្តរជាតិជុំវិញបញ្ហានេះថា គណបក្សប្រជាជនកម្ពុជាមិនខ្វល់ចំពោះការគំរាមធ្វើមហាបាតុមកម្ម ពីសំណាក់លោកសម រង្ស៊ីនោះទេ។ ប៉ុន្តែលោកបញ្ជាក់ ថាលោកមានការសោកស្ដាយចំពោះការលើកឡើងរបស់លោកសម រង្ស៊ី។
គម្រោងនៃការធ្វើមហាបាតុ កម្មរបស់គណបក្សសង្គ្រោះជាតិនេះផងដែរក៏ត្រូវបានរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោកស ខេង បាននិយាយ កាលថ្ងៃសុក្រ ទី០៩ ខែសីហាកន្លងទៅនេះថា ទាហាននិងរថពាសដែកបានដាក់ពង្រាយនៅតំបន់ជាយក្រុងនៃរាជធានីភ្នំពេញ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពសង្គម បន្ទាប់ពីលោកសម រង្ស៊ី បានអំពាវនាវឲ្យប្រជាពលរដ្ឋ ខ្មែរធ្វើមហាបាតុកម្មប្រឆាំងទៅនឹងលទ្ធផលនៃការបោះឆ្នោត៕

ប្រភព៖ គេហទំព័រសារព័ត៌មាន វាយោ