រាជធានីភ្នំពេញ ៖ បើទោះបីជាបានរស់នៅ អាស្រ័យផល លើដីមួយកន្លែង អស់រយៈពេល ៣០ឆ្នាំទៅហើយក៏ដោយ ក៏ពលរដ្ឋ ចំនួន ៣គ្រួសារ រស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រងនូវការ ប៉ុនប៉ង រំលោភបំពានដីធ្លី ពីសំណាក់អ្នកមានលុយ មានអំណាចយ៉ាងអយុត្តិធម៌បំផុត បន្ទាប់ពីមានការដោះដូរទីតាំង សង្កាត់បឹងកក់១ ក្នុងតម្លៃប្រមាណ ៣លានដុល្លារអាមេរិក។
ក្នុងសន្និសីទកាសែតមួយលោក លី ស្រ៊ាខេង ជាតំណាងប្រជាពលរដ្ឋ រងគ្រោះចំនួន ៣គ្រួសារបានឲ្យដឹងថា ក្រុមហ៊ុន ឃុនសៀគ្រុបអភិវឌ្ឍន៍ បានជួលមនុស្ស ឲ្យមកអុកឡុកផ្ទះរបស់គាត់ ដោយបានប្រហិង្សាមកលើគាត់ ធ្វើរងរបួសក្បាលយ៉ាងដំណំ កូនស្រីម្នាក់ទៀតក៏រងរបួស ហើយបានបំពុលឆ្កែ ដោយសារតែក្រុមគ្រួសាររបស់គាត់ មិនព្រមចាកចេញពីដីនោះ ព្រោះតែមិនមានសំណងសមរម្យ។ សកម្មភាពអុកឡុកនេះ បានកើតឡើង ក្រោយពេលបញ្ចប់ ការបោះឆ្នោតជាតិ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ។
លោក លី ស្រ៊ាខេង បានបញ្ជាក់ទៀតថា ដោយភាពភ័យខ្លាច ពលរដ្ឋពីរគ្រួសារទៀត មិនហ៊ានចេញមុខតវ៉ា គាត់សំណូមពរដល់ស្ថាប័ន ពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ ព្រោះសកម្មភាពនេះ បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីគំរាមឲ្យគ្រួសារគាត់ ដើរចេញពីលំនៅឋានដោយខ្លួនឯង។ ដីមួយកន្លែងនេះ ប្រជាពលរដ្ឋបានរស់នៅ អស់រយៈពេល ៣០ឆ្នាំហើយ ដោយមានការទទួលស្គាល់ ពីអាជ្ញាធរត្រឹមត្រូវ តែរហូតដល់ខែមេសា ឆ្នាំ២០១៣នេះ អាជ្ញាធរក៏បានអះអាងថា ដីនេះត្រូវបានលក់ក្នុងតម្លៃ ១៥០០០ដុល្លារ រួចហើយ។
យ៉ាងណាក៏ដោយលោក យឹម លៀង ប្រធានក្រុមហ៊ុន ឃុនសៀ គ្រុបអភិវឌ្ឍន៍ និងជាមន្ត្រីខុទ្ទកាល័យសម្តេចជា ស៊ីម បានបដិសេធចំពោះការចោទប្រកាន់នេះ ដោយលោកបានអះអាងថា ក្រុមហ៊ុនធ្វើការអភិវឌ្ឍ តែលើដីរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ មិនប៉ះពាល់ដល់ដីប្រជាពលរដ្ឋទេ។ ដើម្បីកុំឲ្យមានភាពរំជើបរំជួល អាជ្ញាធរបានសន្យាជួយរកដំណោះស្រាយ ជូនប្រជាពលរដ្ឋ ប៉ុន្តែគេគ្មានសង្ឃឹមថា អាចរកបាននូវភាពយុត្តិធម៌នោះទេ ។
សូមរំលឹកថា ក្រុមហ៊ុន ឃុនសៀ គ្រុបអភិវឌ្ឍន៍ បានគ្រប់គ្រងទីតាំង សង្កាត់បឹងកក់១ តាមកិច្ចព្រមព្រៀង ជាមួយអាជ្ញាធរ ដែលពលរដ្ឋអះអាងថា មានទំហំទឹកប្រាក់ ៣លានដុល្លារ។ ពលរដ្ឋដែលរស់នៅ ក្នុងសង្កាត់បឹងកក់១ ចំនួន៤គ្រួសារ គឺមានតែមួយគ្រួសារប៉ុណ្ណោះ បានព្រមព្រៀងចាកចេញ ដោយទទួលយកសំណង ១ម៉ឺន៥ពាន់ដុល្លារ តែបីគ្រួសារទៀត មិនព្រមចេញទេ ដោយទារសំណងបន្ថែម។
ពេលក្រុមហ៊ុនចុះរុះរើទីតាំងនោះ ក៏មានការប្រទាក់ប្រទងគ្នាខ្លះតែម្ដងទៅ ហើយពលរដ្ឋទាំងបីនាក់ មានឈ្មោះ លី ស្រ៊ាខេង អាយុ ៧០ឆ្នាំ លី ប៊ុនហៀង អាយុ ១៦ឆ្នាំ ឈ្មោះ ហ៊ីង ចាន់ អាយុ ២៤ឆ្នាំ មិនអនុញ្ញាតឲ្យក្រុមហ៊ុន បោះរបងលើដីគាត់ធ្លាប់រស់នៅទេ។ ហេតុការណ៍នេះជាលេសដែលក្រុមហ៊ុន ដាក់ពាក្យប្ដឹងពលរដ្ឋទាំង បីនាក់នោះ ពីបទល្មើសព្រហ្មទណ្ឌ ក្នុងពេលកន្លងមក ៕