ខណៈដែល Apple គ្រោងប្រកាសដាក់ឲ្យប្រើជាផ្លូវការ iOS 7 នៅពេលដ៏ខ្លីខាងមុខនេះ ក្រុម 4KhmeriPhoneTeam ជាក្រុមកូនខ្មែរមួយក្រុមដែលមានជំនាញនៅលើ iOS ក៏ត្រៀមខ្លួនរួចរាល់នោះដែរក្នុងការនាំពុម្ព និងក្តារចុចជាភាសាខ្មែរសម្រាប់ប្រើប្រាស់នៅលើ OS ថ្មីនេះ។
ការសម្រេចបានស្នាដៃដ៏អស្ចារ្យរបស់កូនខ្មែរមួយក្រុមនេះ ធ្វើឡើងមិនស្ថិតនៅក្នុងគោលដៅស្វែងរកផលប្រយោជន៍អ្វីនោះទេ ប៉ុន្តែក្នុងគោលបំណងដើម្បីឲ្យកូនខ្មែរគ្រប់រូបបានប្រើប្រាស់ ភាសាខ្មែរជាមួយបច្ចេកវិទ្យាដ៏ទំនើបលើ iDevice។
សមាជិកក្នុងក្រុម 4KhmeriPhoneTeam មួយរូបដែលមានឈ្មោះកាត់ថា 4Ki ប្រាប់ថា ពុម្ព និងក្តារចុចភាសាខ្មែរ នឹងដាក់ឲ្យដំណើរការណ៍ នៅពេលដែល iOS ចេញរូបរាងនិងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃខាងមុខ។
“ការបង្កើតពុម្ពនិងក្តារចុចខ្មែរតាំងពី Version នៃ iOS ទាបរហូតមកដល់ iOS 7 មិនក្នុងគោលដៅជាមុខជំនួញ ឬស្វែងរកផលប្រយោជន៍អ្វីនោះទេ។ ការងារទាំងនេះធ្វើឡើងគឺគ្រាន់តែចង់បានការគោរពស្រលាញ់និងចូល ចិត្តពីបងប្អូនខ្មែរ ហើយចង់ផ្លាស់ប្ដូរជាមួយអ្វីដែលបានបង្កើតសម្រាប់បងប្អូនខ្មែរ ដែលកំពុងប្រើទូរសព្ទ iPhone នៅជុំវិញសកលលោក”។ សមាជិករូបនេះបញ្ជាក់យ៉ាងដូច្នេះ។
ទោះបីសមាជិកក្នុងក្រុមម្នាក់ៗមានភាពមមាញឹកទៅការងារ និងអាជីពផ្ទាល់ខ្លួនយ៉ាងណាក្តី ក៏ក្រុម 4khmeriPhoneTeamបានបង្កើតស្នាដៃទាំងនេះសម្រាប់ពលរដ្ឋកម្ពុជាប្រើប្រាស់ដោយឥតគិតថ្លៃ។
“ខ្ញុំរីករាយនឹងសមិទ្ធផលនេះ សម្រាប់កូនខ្មែរទាំងអស់ប្រើប្រាស់ដោយសេរី។ ជាមួយគ្នានេះអរគុណដល់សមាជិកក្នុងក្រុមម្នាក់ៗ សម្រាប់ការចំណាយពេលវេលានិងការខិតខំប្រឹងប្រែងរបស់ពួកគេ សម្រាប់ការបង្កើតសមិទ្ធផលនេះឡើង”។
មតិឆ្លងឆ្លើយរបស់ក្រុម 4khmeriphoneteam ជាមួយ Fan លើ Facebook
4Khmeriphoneteam ជាក្រុមអ្នកប្រើប្រាស់ iOS មួយក្រុមដែលបានខិតខំសិក្សាស្រាវជ្រាវ និងបង្កើតពុម្ពអក្សរនិងក្ដារចុចភាសាខ្មែរនៅលើ iOS ជាបន្តបន្ទាប់ដើម្បីចែករំលែកដល់ពលរដ្ឋខ្មែរប្រើប្រាស់ដោយសេរី។ ក្រោមការប្រឹងប្រែងអស់រយៈពេលជិត ៣ ឆ្នាំ និងស្ថិតនៅក្នុងស្មារតីចែករំលែកនោះក្រុម 4Khmeriphoneteam បានបង្កើតសមិទ្ធផលជាច្រើនសម្រាប់ iOS ជាភាសាខ្មែរ ហើយដែលទទួលបានការគាំទ្រ និងការលើកទឹកចិត្តពីយុវវ័យខ្មែរជាបន្តបន្ទាប់កាលកន្លងទៅនោះ ។
ដកស្រង់ពី : សប្បាយ