ភ្នំពេញៈ សហភាព អឺរ៉ុបបានប្រកាសផ្តល់ជំនួយ ៣ លានយូរ៉ូ (ប្រមាណ៤ លានដុល្លារអាមេរិក) ដល់ភាគីអន្តរជាតិនៃសាលាក្តីខ្មែរក្រហម កាលពីថ្ងៃពុធ ប៉ុន្តែ មូលនិធិសម្រាប់ភាគីជាតិខ្វះខាតយ៉ាងធ្ងន់ធ្ងរ ដែលបុគ្គលិកកំពុងតែគំរាមធ្វើកូដកម្ម ប្រសិនមិនបានបើកប្រាក់ខែនៅត្រឹមថ្ងៃទី១ ខែកញ្ញានោះ។
តាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីនេះបានថ្លែងថា ភាគីជាតិនៅខ្វះថវិកា ៣ លានដុល្លារអាមេរិក សម្រាប់ឆ្នាំនេះ
ខណៈប្រាក់ជំនួយថ្មីៗនេះ ប្រមាណ១៥៧.០០០ ដុល្លារអាមេរិក ពីប្រទេសនូវែលសេឡង់ ព្រមឲ្យតុលាការបង់ប្រាក់ខែ សម្រាប់ខែឧសភាខ្លះ និង៣០ភាគរយនៃប្រាក់ខែមិថុនាឲ្យបុគ្គលិកខ្លះក៏ដោយ ក៏បុគ្គលិកភាគច្រើននៅតែមិនទាន់ទទួលបានប្រាក់ខែនៅឡើយដែរ។
លោក នេត្រ ភក្ត្រា បានថ្លែងថា ៖ «បុគ្គលិកប្រមាណ ២៥០នាក់ នៅមិនទាន់បើកប្រាក់ខែសម្រាប់ខែមិថុនា និងខែកក្កដាទេ»។ លោកបញ្ជាក់ថា បុគ្គលិកប្រហែល១០០នាក់បានគ្រោងធ្វើកូដកម្ម។
លោកបន្ថែមថា អ្នកខ្លះបាន«ព្យួរការងារចាប់តាំងពីខែសីហា ហើយបានចំណាយពេលរកការងារផ្សេង ដើម្បីជួយសម្រាលដល់ការលំបាកក្នុងជីវភាពប្រចាំថ្ងៃ»។
លោក នេត្រ ភក្ត្រា បន្តឲ្យដឹងថា ការបាត់បង់បុគ្គលិក ១០០នាក់នោះ នឹងរារាំងដល់ការងាររបស់សាលាក្តី។ ប៉ុន្តែបុគ្គលិកសង្ឃឹមថា ពួកគេនឹងទទួលបាន«ដំណឹងល្អ»ពីអ្នកជំនាញ ពិសេស អង្គការសហប្រជាជាតិប្រចាំសាលាក្តីនេះ លោក Da vid Scheffer ដែលលោកកំពុងធ្វើទស្សនកិច្ចទៅកាន់បណ្តាប្រទេសអាស៊ាន។
លោក Scheffer បញ្ជាក់តាមអ៊ីមែលពីថ្ងៃអង្គារថា៖«យើងត្រូវការថវិកាពេញលេញដើម្បី ពន្លឿននីតិវិធីដែលយឺតយ៉ាវដោយសារតែកង្វះថវិកាសម្រាប់ភាគីជាតិ»។ លោកកត់សម្គាល់ថា កិច្ចពិភាក្សារបស់លោកជាមួយរដ្ឋាភិបាលអាស៊ាន«ទទួលស្គាល់ភាពចាំ បាច់បន្ទាន់សម្រាប់ប្រាក់ខែរបស់បុគ្គលិកនៃភាគីជាតិ នៅពេលនេះ»។
តុលាការក៏ប្រឈមនឹងបញ្ហាថវិកាសម្រាប់គម្រោងសំណងដើមបណ្តឹង រដ្ឋប្បវេណីផងដែរ ដែលបានដាក់សំណើនៅត្រឹមថ្ងៃទី ២៦ ខែកញ្ញា ខាងមុខនេះ។
ក្នុងអ៊ីមែល លោក Scheffer ថ្លែងថា សំណងដែលលើកឡើងក្នុងកិច្ចពិភាក្សានាពេលថ្មីៗនេះជាមួយនឹងលោក ឧបនាយករដ្ឋមន្រ្តី សុខ អាន និងជាមួយនឹងតំណាងដើមបណ្តឹងរដ្ឋប្បវេណី «អ្នករាល់គ្នាដឹងថា ជិតដល់ថ្ងៃកំណត់ហើយ»៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍