
ភ្នំពេញ — ស្ទើរតែរាល់ពេលដែលមានសកម្មភាពតវ៉ាទាក់ទងនឹងបញ្ហាដីធ្លី គេតែងតែមើលឃើញវត្តមានមន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិលំនៅដ្ឋាន គឺកញ្ញាឡុង គីមហ៊ាងចូលរួមក្នុងការសម្របសម្រួលជានិច្ច។
សកម្មជនសិទ្ធិមនុស្សស្ត្រីវ័យក្មេង និងជាមន្ត្រីទំនាក់ទំនងជាន់ខ្ពស់រូបនេះកំពុងដាក់បេក្ខភាព ខ្លួនចូលជាសមាជិករបស់គម្រោងតស៊ូមតិអន្តរជាតិ។
កញ្ញាធ្លាប់ត្រូវបានអញ្ជើញដោយសហគមន៍អឺរ៉ុបឲ្យចូលរួមក្នុងវេទិកា អន្តរជាតិលើកកម្ពស់សិទ្ធិមនុស្ស ព្រមទាំងជាតួអង្គក្នុងភាពយន្តឯកសារ Cyberwar in Cambodia ផលិតដោយអ្នកកាសែតជនជាតិដាណាម៉ាកផងដែរ។
ប្រទេសកម្ពុជាបានវិលវល់ក្នុងវិបត្តិដីធ្លីជាច្រើនឆ្នាំមក ហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋក្រីក្ររាប់សែននាក់ត្រូវគេអះអាងថា ទទួលរងគ្រោះ។ ហើយជនរងគ្រោះទាំងនោះតែងតែអះអាងថា អាជ្ញាធររបស់រដ្ឋាភិបាល ដែលមានសមត្ថកិច្ច មិនបានអើពើនឹងបញ្ហារបស់ពួកគេ ឬមិនបានដោះស្រាយឲ្យបានសមស្របទេ។ ដូច្នេះជនរងគ្រោះតែងតែធ្វើការតវ៉ាដោយប្រមូលផ្តុំគ្នាដោយ ស្ម័គ្រចិត្ត ឬស្វែងរកជំនួយពីអង្គការក្រៅរដ្ឋាភបាល។
កញ្ញាឡុង គឹមហ៊ាងតែងតែបង្ហាញវត្តមានរបស់ខ្លួនស្ទើរតែគ្រប់សកម្មភាពតវ៉ា នានាអំពីបញ្ហាដីធ្លីក្នុងរាជធានីភ្នំពេញ។ នាងគឺជាមន្ត្រីជាន់ខ្ពស់ផ្នែកទំនាក់ទំនងនៃក្រុមការងារពិសេស សិទ្ធិលំនៅដ្ឋាន ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយផ្តោតការយកចិត្តទុក ដាក់លើសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋនិងការតាំងលំនៅរបស់ពួកគេ។
ស្ថិតក្នុងវ័យ២៧ឆ្នាំ កញ្ញាឡុង គីមហ៊ាងតែងតែតាមឃ្លាំមើលជាប់ជានិច្ចនូវចលនាប្រជាពលរដ្ឋដែល ស្ថិតក្រោមការគំរាមកំហែងដល់ការរស់នៅរបស់ពួកគេ។ ជាពិសេសនាងមានវត្តមានរាល់ពេលដែលមានភាពចម្រូងចម្រាស់ និងជម្លោះដីធ្លីកើតឡើងក្នុងចំណោមប្រជាពលរដ្ឋបឹងកក់ និងបុរីកីឡាជាដើម។
មានប្រភពពីគ្រួសារក្រីក្រមួយក្នុងខេត្តបន្ទាយមានជ័យដែលបាន រត់ភៀសខ្លួនទៅកាន់ជំរំជនភៀសខ្លួនសាយធូ (Site II) គឹមហ៊ាង ហាក់ដូចជាមានគោលការណ៍ប្តេជ្ញាចិត្តចំពោះការងាររបស់ខ្លួន។
កញ្ញានិយាយថា៖ «ទីមួយគឺកត្តាគ្រួសារ ទីពីរគឺសមត្ថភាព និងចំណេះដឹង និងទី៣គឺកត្តាបទពិសោធន៍។ នេះហើយដែលធ្វើឲ្យខ្ញុំមានទំនុកចិត្តក្នុងការធ្វើការ និងផ្តល់សេវាដល់ប្រជាពលរដ្ឋក្នុងផ្នែកការងាររបស់ខ្ញុំរាល់ថ្ងៃ។ ការងាររបស់ខ្ញុំរាល់ថ្ងៃទាក់ទងនឹងដីធ្លីគឺជាអ្នកផ្តល់ព័ត៌មាន ចែកចាយព័ត៌មាន ឃ្លាំមើលសកម្មភាពតវ៉ារបស់សហគមន៍»។
ស្ថិតក្នុងតួនាទីជាមន្ត្រីជាន់ខ្ពស់សិទ្ធិលំនៅដ្ឋាន កញ្ញ៉ាឡុង គឹមហ៊ាងមានសម្បុរស្រឯម ពាក់វ៉ែនតាម៉្ញូប និងមានមាឌដំបង។
គីមហ៊ាងបានគូសបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញមាន៤១០សហគមន៍ដែលរដ្ឋាភិបាលកំណត់ថា ជាប្រភេទសំណង់បណ្តោះអាសន្ន។ សហគមន៍ទាំងនេះអាចនឹងត្រូវបណ្តេញចេញ។ ក្នុងនោះមាន៧៦សហគមន៍កំពុងតែប្រឈមខ្លាំងនឹងការបណ្តេញចេញទាំង បង្ខំដោយរដ្ឋាភិបាល។
នាងនិយាយថា៖ «បញ្ហាដីធ្លីក្នុងក្រុងភ្នំពេញនៅតែដដែល ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ មិនទាន់មានដំណោះស្រាយល្អនៅឡើយទេ។ យើងមើលករណីតំបន់ទំនាស់សំខាន់ៗ ដូចជាបឹងកក់ បុរីកីឡា ព្រលានយន្តហោះ និងសហគមន៍ផ្សេងៗ។ អ្នកស្រីយ៉ោម បុប្ផាមិនទាន់បានដោះលែង ហើយមកទល់ពេលនេះ ទាំងអស់គ្នានៅមិនទាន់មានដំណោះស្រាយនៅឡើយទេ»។
ឡុង គឹមហ៊ាងមានម្តាយជាអ្នកលក់ដូរតូចតាចក្នុងស្រុកកំណើតនាខេត្ត បន្ទាយមានជ័យ និងមានឪពុកជាអ្នករត់តាក់ស៊ី។ នាងជាកូនស្រីច្បងក្នុងចំណោមបងប្អូនសរុប៧នាក់។
អតីតនិស្សិតផ្នែកគណនេយ្យ និងហិរញ្ញវត្ថុនៃសាកលវិទ្យាល័យធនធានមនុស្សរូបនេះលើកឡើងថា ការងារជាមន្ត្រីសិទ្ធិមនុស្សបានដាក់ក្តីសង្ឃឹមមួយសម្រាប់នាង នោះគឺនាងចង់ឃើញការរំលោភបំពាន និងអំពើហិង្សាត្រូវបញ្ចប់នៅកម្ពុជានា ពេលអនាគត។
កញ្ញាថ្លែងថា៖ «ខ្ញុំមិនខុសពីនិស្សិតដទៃទេ។ ពេលដែលរៀនចប់គឺរត់រកការងារធ្វើ។ ពេលដែលខ្ញុំចុះទៅធ្វើការងារឃ្លាំមើលអ្នកស្រុក ពេលមានបញ្ហា ធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល ធ្វើឲ្យខ្ញុំដឹងថា ស្ថានភាពសង្គមរបស់យើងមានអំពើពុករលួយ អយុត្តិធម៌ ការរំលោភអំណាច ការប្រើប្រាស់ហិង្សា ការរំលោភបំពានដីធ្លី សិទ្ធិមនុស្ស បានកើតមានឡើងលើប្រជាពលរដ្ឋ ហើយរឿងទាំងនេះធ្វើឲ្យខ្ញុំចាប់អារម្មណ៍ធ្វើការងារនេះដើម្បី បញ្ឈប់អំពើទាំងហ្នឹង»។
កញ្ញាឡុង គីមហ៊ាងបានចូលបម្រើការងារនៅអង្គការសិទ្ធិលំនៅដ្ឋានពិសេសនេះតាំង ពីឆ្នាំ២០០៩មកម្ល៉េះ ដោយផ្តើមចេញពីបុគ្គលិកហាត់ការ ក្រោយមកជាបុគ្គលិកពេញសិទ្ធិរហូតក្លាយជាមន្រ្តីជាន់ខ្ពស់ផ្នែក ទំនាក់ទំនង ដូចពេលបច្ចុប្បន្ននេះ។
កញ្ញាក៏បានលើកឡើងថា នាពេលបច្ចុប្បន្ននេះមិនមែនមានតែកញ្ញាម្នាក់ទេដែលកំពុងចូលរួម ក្នុងសកម្មភាពទាំងនោះ ពោលគឺមានបណ្តាយុវជនជាច្រើនផ្សេងទៀតដែលកំពុងតែចាប់អារម្មណ៍ និងចូលរួមក្នុងសកម្មភាពស្រដៀងគ្នានេះ។
ទោះបីមានឆន្ទៈមោះមុតបែបណាក្នុងការបំពេញតួនាទីខ្លួនក្តី គីមហ៊ាងក៏បានអះអាងពីការលំបាកប្រឈមចំពោះការងារប្រភេទនេះ ជាពិសេសសកម្មជនដែលជាមនុស្សស្រី្តដូចជារូបនាង។
នាងនិយាយថា៖ «ការគំរាមកំហែងផ្នែកសន្តិសុខផ្ទាល់ខ្លួន ការជេរប្រមាថពីមន្ត្រីអាជ្ញាធរ និងរដ្ឋាភិបាល ព្រមទាំងមានការចោទប្រកាន់ មួលបង្កាច់មកលើរូបខ្ញុំដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស។ សម្រាប់យើងជាស្ត្រី វាកាន់តែប្រឈមកាន់តែពិបាកទៀត នោះគឺដោយ សារតែយើងពិបាកក្នុងការដើរហើរម្នាក់ឯង ឬទៅណាឆ្ងាយគឺជាការប្រឈមខ្លាំងជាងគេបុរស ហើយវាប្រឈមនឹងការបៀតបៀន»។
ប៉ុន្តែការលំបាកទាំងនេះមិនបានបង្ខាំងគីមហ៊ាងពីការបំពេញ ការងាររបស់ខ្លួននោះទេ។ ផ្ទុយទៅវិញគីមហ៊ាងនៅតែប្រកាន់គោលជំហរយ៉ាងរឹងមាំទៅនឹងការងារ របស់ខ្លួន។ នាងសន្យាថា នឹងមិនផ្លាស់ប្តូរការងាររបស់នាងនោះឡើយ ដរាបណាបញ្ហាសង្គមនេះនៅតែមាន។
ថ្មីៗនេះ អ្នកសារព័ត៌មានអន្តរជាតិជនជាតិដាណាម៉ាកមួយរូបបានផលិតភាពយន្ត ឯកសារមួយអំពីការតស៊ូរបស់នាងដែលជាសកម្មជនសិទ្ធិមនុស្សស្ត្រីវ័យ ក្មេងសម្រាប់បញ្ហាដីធ្លីដ៏ក្តៅគគុកក្នុងប្រទេសកម្ពុជា។ ភាពយន្តឯកសារនេះមានចំណងជើងថា Cyberwar in Cambodia មានន័យថា សង្គ្រាមតាមអ៊ីនធើណិត។
ភាពយន្តនេះបង្ហាញពីជម្លោះដីធ្លីរ៉ាំរ៉ៃរបស់សហគមន៍បឹងកក់នៅ ក្នុងឆ្នាំ២០១២កន្លងទៅនេះ។ ហើយកញ្ញាឡុង គឹមហ៊ាងបង្ហាញមុខក្នុងការចូលរួមសម្របសម្រួលដោះស្រាយជម្លោះ ជាអ្នកថតរូបវីដេអូ និងដើរតួជាអ្នកអប់រំដល់ពលរដ្ឋក្នុងសហគមន៍ក្រីក្រ និងមានវិបត្តិដីធ្លី។
ឯកសារនេះត្រូវបានដាក់បញ្ចាំងនៅក្នុងប្រទេសមួយចំនួននៃសហគមន៍ អឺរ៉ុប រួមមានប្រទេសស្វីស អាល្លឺម៉ង់ ដាណឺម៉ាក និងនៅប្រទេសកាណាដាជាដើម។
ជាងនេះទៅទៀត កាលពីខែមេសាកន្លងទៅនេះ ស្រ្តីវ័យក្មេងរូបនេះក៏ត្រូវបានសហគមន៍អឺរ៉ុបអញ្ជើញតំណាងឲ្យ សកម្មជនសិទ្ធិមនុស្សនៅកម្ពុជា ឲ្យចូលរួមក្នុងវេទិកាអន្តរជាតិមួយឈ្មោះថា «European Instrument for Human Rights and Democracy»ដែលមានបំណងដើម្បីពង្រឹង និងលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ទាញយកកែវកាហ្វេដែលនៅខាងស្តាំដៃផឹកបន្តិចរួច ទើបគីមហ៊ាងនិយាយបន្តថា៖ «ខ្ញុំនៅតែបន្ត ហើយនៅតែពេញចិត្ត និងសប្បាយចិត្ត ពីព្រោះមានមនុស្សតែមួយក្រុមតូច ដែលបានមកប្រមាថ ឬទិទៀនការងាររបស់ខ្ញុំដែលខ្ញុំបានចូលរួមជួយសង្គម ប៉ុន្តែមានមនុស្សភាគច្រើនដែលគេពេញចិត្តគាំទ្រសរសើរ»។
កញ្ញាឡុង គឹមហ៊ាងធ្លាប់បានធ្វើការងារជាជាងដេរ គ្រូបង្រៀនភាសាអង់គ្លេស គ្រូអប់រំសហជីព ជាមន្រ្តីផ្តល់ព័ត៌មាននៅសាកលវិទ្យាល័យធនធានមនុស្ស និងជាមន្ត្រីរដ្ឋបាល និងហិរញ្ញវត្ថុរបស់អង្គការមិនមែនរដ្ឋាភិបាលផងដែរ។
កញ្ញាក៏ធ្លាប់ជាយុវជនស្ម័គ្រចិត្តរបស់កាកបាទក្រហម ផ្នែកមិត្តអប់រំមិត្ត ព្រមទាំងជាអតីតបេក្ខជនក្នុងកម្មវិធីយុវជនឆ្នើមដែលរៀបចំដោយក្រុម ប្រឹក្សាយុវជនកម្ពុជា (YCC)ផងដែរ។
ផ្តើមចេញពីចំណុចសូន្យ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យគីមហ៊ាងបានធ្វើចំណាក ស្រុកពីខេត្តបន្ទាយមានជ័យ មកកាន់រាជធានីភ្នំពេញដើម្បីបន្តការសិក្សាផ្នែកគណនេយ្យ និងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យធនធានមនុស្ស។ កាលនោះគីមហ៊ាងរៀនបណ្តើរ ធ្វើការបណ្តើរដើម្បីផ្គត់ផ្គង់ជីវភាព និងថ្លៃសិក្សាថ្នាក់មហាវិទ្យាល័យ។ បច្ចុប្បន្នគីមហ៊ាងកំពុងតែបន្តសិក្សាថ្នាក់បរិញ្ញាបត្រមួយបន្ថែម ទៀតគឺផ្នែកអក្សរសាស្ត្រអង់គ្លេសឆ្នាំទី៤។
នាងពោរពេញទៅដោយមហិច្ឆិតា ចង់ក្លាយជាគ្រូបង្រៀននៅមហាវិទ្យាល័យ ចង់ប្រឡងធ្វើជាមេធាវី និងជាចុងក្រោយនាងចង់ក្លាយជាអ្នកនយោបាយស្ត្រីមួយរូប។
នាងនិយាយថា៖ «ព្រោះតែអំពើអយុត្តិធម៌សង្គម ការរំលោភបំពាន ឬបញ្ហាភាពក្រីក្រ ដែលកើតមានឡើងក្នុងសង្គមកម្ពុជា។ បញ្ហានេះមានតែអ្នកនយោបាយដែលអាចដោះស្រាយបានពេញទំហឹង»។
កាលពីខែកក្កដា កញ្ញាឡុង គីមហ៊ាងបានដាក់បេក្ខភាពចូលជាសមាជិករបស់គម្រោងតស៊ូមតិអន្តរ ជាតិមួយដែលមានឈ្មោះថា ក្រុមការងារតស៊ូមតិសកល ឬGlobal Advocacy Team។
នាងត្រូវជ្រើសរើសក្នុងចំណោមបេក្ខជន២៥នាក់ចុងក្រោយនៃបេក្ខជនសរុបចំនួន១០០រូបមកពីប្រទេសផ្សេងៗគ្នា។
Global Advocacy Team នឹងត្រូវសម្រេចរើសយកសមាជិកបន្ថែមតែប្រាំមួយរូបតែប៉ុណ្ណោះ។ ប្រសិនបើកញ្ញាឡុង គឺមហ៊ាងនឹងត្រូវបានជ្រើសរើសនោះ នាងនឹងត្រូវអញ្ជើញឲ្យធ្វើដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនទៀត សរុបចំនួនបីសប្តាហ៍។
កញ្ញាឡុង គីមហ៊ាងរំពឹងថា ការដែលក្លាយជាសមាជិកក្នុងក្រុមនេះនឹងអាចជាឱកាសល្អមួយឲ្យកញ្ញា លើកឡើងនូវបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ឲ្យមានដំណោះស្រាយ និងជាវេទិកាមួយដែលនឹងជួយឲ្យសកម្មភាព និងការតស៊ូមតិរបស់អង្គការនាងវិវឌ្ឍន៍ពីកម្រិតជាតិទៅ ជាអន្តរជាតិ៕
ប្រភពពី
VOA Khmer