នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៣នេះ តាមបណ្តាកន្លែងសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ គេសង្កេតឃើញថា មានទាហានជាច្រើនបានប្រមូលផ្តុំគ្នាមកបោស និងរើសសំរាម នៅទីកន្លែងទាំងនោះ។
រូបភាពខាងក្រោមនេះ គឺជាសកម្មភាពរើសសំរាមរបស់កងទាហានមួយក្រុម ដែលបានធ្វើនៅមុខ ស្ថានទូតចិន ដែលស្ថិតនៅតាមបណ្តោយមហាវិថី ម៉ៅសេទុង ក្នុងក្រុងភ្នំពេញ។ ទាហានទាំងនេះត្រូវបានគេជឿជាក់ថា គឺជាទាហានដែលត្រូវបានគេដឹកមកពីបណ្តាខេត្តផ្សេងៗ ដែលទុកត្រៀមសំរាប់ការពារបាតុកម្ម។
រហូតមកទល់ពេលនេះ ពុំទាន់មានសញ្ញាណាមួយនៃការធ្វើបាតុកម្មពីសំណាក់ក្រុមគាំទ្រ និងសមាជិករបស់គណបក្សសង្គ្រោះជាតិនៅឡើយទេ។ ម្លោះហើយទាហានទាំងអស់នោះ ក៏ត្រូវឈរជើងចោល ដោយគ្មានអ្វីធ្វើសោះឡើយ។
នេះប្រហែលជាគ្មានបាតុកម្មណាមួយបានកើតឡើងហើយ ទើបបានជាមេបញ្ជាការ ឬថ្នាក់ដឹកនាំពួកគេ បង្វែរពីការការពារបាតុកម្ម ឬពីការជួយក្នុងគ្រោះអាសន្នមានទឹកជំនន់ មកជាការរើសសំរាម ដើម្បីថែរក្សាបរិស្ថាន និងសោភ័ណ្ឌភាពរាជធានីភ្នំពេញទៅវិញ ដើម្បីកុំឲ្យឈរជើងចោលដោយឥតប្រយោជន៍។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គេនៅពុំទាន់ដឹងច្បាស់ពីគោលបំណងពិតប្រាកដនៃការរើសសំរាមដោយ ក្រុមទាហាននេះនៅឡើយទេ។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងជាពិសេសបន្ទាប់ពីការប្រកាសលទ្ធផលបណ្តោះអាសន្នដោយ គ.ជ.ប រួចមក ដែលមានលេចលឺពាក្យធ្វើមហាបាតុកម្មតៗគ្នាមក ស្រាប់តែមានការចល័តទ័ពជាបន្តបន្ទាប់សំដៅមកកាន់រាជធានីភ្នំពេញ ដើម្បីត្រៀមទប់ទល់នឹងបាតុកម្ម ដែលអាចកើតឡើងដោយមិនអាចនឹកស្មានដល់៕

