
រាជធានី ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការរកឃើញភាពមិនប្រក្រតី ធ្ងន់ធ្ងរ នៅពេលត្រួតពិនិត្យផ្ទៀងផ្ទាត់ កញ្ចប់សុវត្ថិភាព «ក» នៅទីស្នាក់ការរបស់ខ្លួន ស្ថិតនៅផ្ទះលេខ៥៧៦ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ ដែលគេរំពឹងទុកថា កំដៅនយោបាយចាប់ផ្តើមកើនឡើង ដោយសារតែបញ្ហាមិនប្រក្រតី នៅតែមិនមានដំណោះស្រាយសមស្រប។
លោក គួយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិ បានអះអាងថា ភាពមិនប្រក្រតីក្នុងពេលបើក កញ្ចប់សុវត្ថិភាព «ក» ទាំង ១៣ការិយាល័យ នៅឃុំស្វាយជ្រះ ក្នុងមណ្ឌលខេត្តក្រចេះ មានភាពមិនប្រក្រតីទាំងអស់ ដែលធ្វើឱ្យប៉ះពាល់ដល់ចំនួនអាសនៈ របស់គណបក្សសង្គ្រោះជាតិ។ លោក គួយ ប៊ុនរឿន បានបង្ហាញករណី នៃភាពមិនប្រក្រតីទាំងនោះ ដែលរួមមានកញ្ចប់សុវត្ថិភាព «ក» ចំនួន៦ការិយាល័យ ត្រូវបានបើកចំហរ ចំនួនសន្លឹកឆ្នោតមិនបានការ ប្រែប្រួលខុសគ្នាពីទម្រង់១១០៤ ដែលគ.ជ.ប ផ្តល់ថ្ងៃទី២៨ ខែកក្កដា និងថ្ងៃទី៣០ ខែកក្កដា រួមទាំងការកោសលុប និងសរសេរថ្មីលើលទ្ធផលចាស់ជាដើម។
លោក គួយ ប៊ុនរឿន បានអះអាងទៀតថា ប្រសិនភាពមិនប្រក្រតីមានតែ ២៥ទៅ៥០ សំឡេងនោះ វានឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ឬគណបក្សសង្គ្រោះជាតិ បាត់អាសនៈដែលនឹងត្រូវទទួលបាន។ ហេតុដូច្នេះហើយ មន្ត្រីគណបក្សសង្គ្រោះជាតិ បានទទូចឱ្យក្រុមប្រឹក្សាធម្មនុញ្ញ បើកការស៊ើបអង្កេតលើបណ្តឹងទាំង ១៥ខេត្ត-ក្រុង របស់គណបក្សសង្គ្រោះជាតិថែមទៀត។ គ្មានការឆ្លើយតបភ្លាមៗ ពីក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះការបើកកញ្ចប់សុវត្ថិភាពនៅក្នុងខេត្តផ្សេងទៀត ដូចការចង់បានរបស់ គណបក្សសង្គ្រោះជាតិនោះឡើយ។
ប៉ុន្តែលោក ព្រហ្ម ញាណវិចិត្រ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា ក្រោយពីក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មើលឃើញភាពមិនប្រក្រតីទាំងនេះហើយ ក្រុមប្រឹក្សាធម្មនុញ្ញនឹងពិចារណា លើការបើកសវនាការជាសាធារណ លើភាពមិនប្រក្រតីទាំងនេះ ដើម្បីផ្តល់យុត្តិធម៌ជូនដើមបណ្តឹង។ គណបក្សសង្គ្រោះជាតិ ក៏បានទាមទារឲ្យមានការពន្យារពេល ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការផងដែរ ព្រោះក្រុមប្រឹក្សាធម្មនុញ្ញ មានពេលតែ ២០ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ដោះស្រាយបណ្តឹង ទាក់ទិនភាពមិនប្រក្រតី៕
ប្រភពពី វត្តភ្នំ