រាជធានីភ្នំពេញ ៖ ទារកអាយុ៣ខែម្នាក់ត្រូវប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវប្រទះឃើញ ប្លុងចោលនៅលើសួនច្បារខាងត្បូងរង្វង់មូលគួចកាណុងមុខវិទ្យាល័យ វត្តភ្នំ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី២៤ សីហា ២០១៣ ។
ទារកដែលគេប្រទះឃើញនេះមានភិនភាគឆែបមាត់ បន្តិច សម្បុរខ្មៅ ត្រូវម្តាយចិត្តអប្រិយយកទៅប្លុកចោលនៅកណ្តាលសួនច្បារ ដោយមានថង់ពណ៌ខ្មៅមួយ និងដបទឹកដោះគោមួយ។ ទារកនេះត្រូវបានគេប្រទះឃើញរាប់ម៉ោងមកហើយ មិនឃើញម្តាយត្រឡប់មកមើលវិញសោះ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ម្តាយទារកខាងលើនេះជាមនុស្សញៀនថ្នាំ អត់មានលុយកាក់ចិញ្ចឹមកូនទើបយកកូនទៅទុកចោលនៅកណ្តាលសួនច្បារ ឱ្យនៅហាលវាលហាលខ្យល់ មូសខាំរាប់ម៉ោងទម្រាំមានអ្នកដឹងបានទូរស័ព្ទទំនាក់ទំនងទៅ មន្ទីរពេទ្យគន្ធបុប្ផាយកទៅចិញ្ចឹមបីបាច់ថែរក្សា៕



ដកស្រង់ពី : កោះសន្តិភាព