
ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់បានមកការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាន នគរបាលខេត្ត កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៨ សីហា ក្នុងបំណងប្តឹងប៉ូលិសឱ្យចាប់ខ្លួនប្តីនិងស្ត្រីកំណាន់ចិត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដោយអះអាងថា ពួកគេកំពុងតែសម្ងំរស់នៅជាមួយគ្នា ក្បែរអនុវិទ្យាល័យបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម។
ស្ត្រីរូបនេះឈ្មោះស៊ាប វឿន អាយុ២៤ឆ្នាំ ជាប្រពន្ធដើម មានស្រុកកំណើតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំណែកប្តីឈ្មោះប៉ែន សុវណ្ណដារ៉ា អាយុ២៦ឆ្នាំ រស់នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម មានកូនស្រីម្នាក់ អាយុជាង១ខួប រីឯស្ត្រីកំណាន់របស់ប្តីជាស្ត្រីខារ៉ាអូខេ វ័យ២៧ឆ្នាំ។
តាមស្ត្រីឈ្មោះស៊ាប វឿន បានឱ្យដឹងថា នាងបានរៀបអាពាហ៍ពិពាហ៍តាំងពីឆ្នាំ២០០៩ ក្រោយមកនាងបានចាកចេញពីឪពុកម្តាយមក រស់នៅស្រុកកំណើតខាងប្តីនៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម និងទទួលបានកូនស្រីម្នាក់ជាចំណង ដៃអាពាហ៍ពិពាហ៍ និងរស់នៅប្រកបដោយសុភមង្គល ដោយនាងប្រកបរបរលក់ដូរនៅផ្ទះ ចំណែកប្តីរត់ម៉ូតូឌុបយកប្រាក់មកដោះស្រាយជីវភាព។ ប៉ុន្តែមួយរយៈចុងក្រោយនេះប្តីរបស់នាង មានចរិតខុសប្លែកពីធម្មតា ដោយស្លៀកសម្លៀកបំពាក់រកតែល្អៗ និងថែមទាំងបាញ់ទឹកអប់ឱ្យក្រអូបទៀត តាមពិតគឺប្តីលួចទៅស្រឡាញ់ស្រីថ្មីក្រៅផ្ទះបាន រយៈពេលប្រហែល៦ខែមកហើយ គឺកំពុងតែរស់នៅជាមួយស្ត្រីកំណាន់ ក្នុងផ្ទះជួលមួយកន្លែងក្បែរអនុវិទ្យាល័យបឹងកុក។ ដោយទ្រាំឈឺចុកចាប់គ្រាំគ្រាលែងបានទើបនាង សម្រេចចិត្តមកប្តឹងសមត្ថកិច្ចតែម្តងទៅ។
នៅចំពោះមុខសមត្ថកិច្ចស្ត្រីជាប្រពន្ធដើមបាននិយាយទាំង បង្ហូរទឹកភ្នែកថា នាងសម្រេចចិត្តមិនយកបុរសនេះជា ប្តីបន្តទៀតទេ ចំណែកបុរសជាប្តីក៏បាននិយាយដែរថា រូបគេមិនយកនាងស៊ាប វឿន (ប្រពន្ធដើម) ធ្វើជាប្រពន្ធទៀតដែរ រូបគេសុខចិត្តយកប្រពន្ធចុងឈ្មោះជួន ម៉ាលីន អាយុ២៧ឆ្នាំ ធ្វើជាប្រពន្ធវិញ៕
___________________
ប្រភពពី៖ វាលឥន្ទ្រី