
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតបានបញ្ជាក់ថា កញ្ចប់សុវត្ថិភាព “ក” មិនមែន មានអ្វីដែលអាថ៌កំបាំងទេ ប៉ុន្តែក្នុងករណីដែលធ្ងន់ធ្ងរ នាំឲ្យប៉ះពាល់ដល់លទ្ធផល នៃការបោះឆ្នោត គ.ជ.ប សម្រេចឲ្យបើកកញ្ចប់សុវត្ថិភាព “ក” ដើម្បីធ្វើការរាប់សន្លឹកឆ្នោតឡើងវិញ។
លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី១៩ ខែសីហា ថា ការដោះស្រាយបណ្តឹង នៅ គ.ជ.ប បានបញ្ចប់ទៅហើយ។ ការបើកកញ្ចប់ “ក” នេះ តាមសំណូមពររបស់គណបក្សសង្គ្រោះជាតិ គឺចង់ផ្ទៀងផ្ទាត់ ឯកសារមួយចំនួន។ ក៏ប៉ុន្តែឯកសារមួយចំនួន ដូចជា ១១០២ គឺមាននៅក្រៅកញ្ចប់ ដែលអាចធ្វើការផ្ទៀងផ្ទាត់បាន។ ព្រោះថា បន្ទាប់ពីការរាប់សន្លឹកឆ្នោត និងបូកសរុបសន្លឹកឆ្នោតនេះ ទម្រង់អំពីលទ្ធផល ឬក៏របាយការណ៍ នៃការរាប់សន្លឹកឆ្នោតធ្វើជា ៤ច្បាប់ (១១០២) គឺមួយច្បាប់ចេញច្បាប់ដើមទាំងអស់ មួយច្បាប់បិទផ្សាយជាសាធារណៈ នៅបន្ទាប់ពីរាប់សន្លឹកឆ្នោត នៅការិយាល័យនោះ មួយច្បាប់ទៀតដាក់នៅក្នុងកញ្ចប់ “ក” ផ្ញើមកគ.ជ.ប មួយច្បាប់ទៀត ផ្ញើឲ្យគណៈកម្មការឃុំរៀបចំការបោះឆ្នោត ដើម្បីធ្វើការបូកសរុបបន្តហើយមួយច្បាប់ទៀត ផ្ញើទៅគណៈកម្មការខេត្ត រៀបចំការបោះឆ្នោត។ ដើម្បីបញ្ជូនទៅឲ្យគណបក្សធ្វើការផ្ទៀងផ្ទាត់ គឺ គ.ជ.ប បានយកទម្រង់ ១១០២ សង្ខេប ដើម្បីឲ្យធ្វើការផ្ទៀងផ្ទាត់ ហើយគណបក្សសង្គ្រោះជាតិ ចង់ឲ្យគ.ជ.ប បើកកញ្ចប់ “ក”។
អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា “ កញ្ចប់ “ក” មិនមែនមានអ្វីដែលអាថ៌កំបាំងទេ ព្រោះថា ពេលដាក់ចូលក្នុង កញ្ចប់ “ក” អ្វីៗទាំងអស់នៅលើតុទាំងអស់។ ឧទាហរណ៍ ១១០២ គណបក្សនយោបាយ ដែលសង្កេត មើលការ រាប់សន្លឹកឆ្នោត បានចុះហត្ថលេខានៅលើទម្រង់នោះ ហើយមិនមែនចុះហត្ថលេខាតែមួយសន្លឹកទេ ចុះហត្ថលេខាទៅលើ ៤សន្លឹក ទាំងយកទៅបិទផ្សាយទាំងដាក់នៅក្នុងកញ្ចប់ “ក” ទាំងផ្ញើមកឃុំ ទាំងផ្ញើមកខេត្ត ហើយក្នុងកញ្ចប់ក មានសន្លឹកឆ្នោតបានការ សន្លឹកឆ្នោតមិនបានការ បញ្ជីបោះឆ្នោតដែលបោះហើយ មានត្រាសង្ងាត់ និងមានឯកសារ មួយចំនួនទៀត ជាធម្មតាគ.ជ.ប សម្រេចឲ្យបើកកញ្ចប់ “ក” នៅពេលដែលមានករណីបណ្តឹង ហើយក្នុងករណី ដែលធ្ងន់ធ្ងរ នាំឲ្យប៉ះពាល់ដល់លទ្ធផល នៃការបោះឆ្នោត គ.ជ.ប សម្រេចឲ្យបើកកញ្ចប់ “ក”នេះ ដើម្បីធ្វើការរាប់សន្លឹកឆ្នោតឡើងវិញ”។
លោក ទេព នីថា បានអះអាងថា ការសុំផ្ទៀងផ្ទាត់របស់គណបក្សសង្គ្រោះជាតិ ដែលប្តឹងមកក្នុង១៧បណ្តឹង គឺគាត់មាន ភស្តុតាងមួយចំនួនដែលភ្ជាប់មកជាមួយ ហើយសុំផ្ទៀងផ្ទាត់ ហើយ គ.ជ.ប បានអនុញ្ញាតផ្ទៀងផ្ទាត់ ជាមួយទម្រង់ ដែលមាននៅខាងក្រៅដោយមិនចាំបាច់បើកកញ្ចប់“ក”។ ការផ្ទៀងផ្ទាត់នេះ ទទួលបានលទ្ធផលល្អ ហើយបានឃើញ ទាំងអស់គ្នា ហើយកត់សម្គាល់ថា ឯកសាររបស់គ.ជ.ប គឺត្រឹមត្រូវ។
លោកបានបន្ថែមថា ការទាមទារអ្វីផ្សេងបើកកញ្ចប់“ក” លោកគិតថា ជារឿងមួយផ្សេងទៀត ដែលមិនត្រឹមតែ ជាបញ្ហា បច្ចេកទេសទេ។ ហើយគ.ជ.ប បានដោះស្រាយបណ្តឹងលើលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតហើយ មានន័យថា គ.ជ.ប បានបញ្ចប់ការងាររបស់ខ្លួន ហើយគណបក្សដែលមិនពេញចិត្តនឹងការសម្រេចរបស់ គ.ជ.ប ប្តឹងបន្តទៅ ក្រុមប្រឹក្សាធម្មនុញ្ញ ហើយ គ.ជ.ប ចាំទទួលការសម្រេចពីក្រុមប្រឹក្សាធម្មនុញ្ញ។
សូមរម្លឹកថា លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនៅក្នុងសិក្ខាសាលាស្តីពី ដំណោះស្រាយ បច្ចេកទេស ចំពោះភាពមិនប្រក្រតី នៃការបោះឆ្នោតកាល ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៣ បានស្នើឲ្យគ.ជ.ប បើកញ្ចប់សុវត្ថិ ភាព “ក” ដើម្បីធ្វើការផ្ទៀងផ្ទាត់នូវឯកសារមួយចំនួនឡើងវិញ៕
ប្រភពពី CEN