ខេត្តកណ្តាល ៖ យោងតាមប្រភព ព័ត៌មាន ពីប្រជាពលរដ្ឋរស់នៅ ស្រុកមុខកំពូល បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង ២និង៤០នាទីទៀបភ្លឺ ក្រុមជលផលស្រុកមុខកំពូល មានគ្នាប្រមាណ ៣ទៅ
៤នាក់ បានប្រើរថយន្តចំនួន ២គ្រឿង ក្នុងនោះមានឈ្មោះ កែ គុយហ៊ាង ដែលជានាយសង្កាត់ និងលោក មៀវ ផល្លី ជានាយរងរួមជាមួយ សហការីបានចេញធ្វើសកម្មភាព តាមប្រដេញម៉ូតូ រ៉ឺម៉ក និងរថយន្តដឹកត្រី នៅលើដងផ្លូវជាតិលេខ 6A យ៉ាងអនាធិបតេយ្យ របៀបជាកុងត្រូលជជុះ។
ខណៈនោះក្រុមជលផល ក៏ដេញចាប់បានម៉ូតូ រ៉ឺម៉កដឹកត្រីបានមួយចំនួន រួមជាមួយរថយន្តកូរ៉េ មួយគ្រឿងផងដែរ។ នៅពេលដែលពួកគេ ប្រដេញចាប់បានហើយនោះ បានអូសកម្ចាស់ត្រី និងរថយន្ត ម៉ូតូ រ៉ឺម៉ក មកស្នាក់ការរបស់ខ្លួន នៅឯមាត់ទន្លេ ក្នុងភូមិបិទមាស ហើយគំរាមក្រុមអ្នកដឹកត្រី ទាំងនោះឲ្យបង់លុយយ៉ាងចាស់ដៃ ដោយគ្មានក្តីរអាណិតអាសូរឡើយ ហើយសកម្មភាពគោះយកកលុយនេះ គេធ្វើឡើងភ្លាមក្នុងពេលដែលចាប់ឃាត់ បានភ្លាមៗក្នុងពេលយប់ ព្រោះខ្លាចបែកធ្លាយរឿងពុករលួយ។
ពាក់ព័ន្ធករណីនេះ អាជ្ញាធរស្រុកមុខកំពូល បានឲ្យដឹងថា ក្រុមលោក កែ គុយហ៊ាង និងលោក មៀវ ផល្លី ធ្វើសកម្មភាពដូចក្រុមកុងត្រូលជជុះ មិនបានឆ្លងបទបញ្ជាពី គណៈនៃគណៈអភិបាលស្រុក និងគណៈអភិបាលខេត្តឡើយ គឺគ្រាន់តតែឆ្លងយោបល់លោក ឃ្លាំង វណ្ណធុល ដែលជានាយខណ្ឌរដ្ឋបាល ជលផលកណ្តាលប៉ុណ្ណោះ ហើយពេលខ្លះពួកគេចាប់អ្នកដឹកត្រី ស៊ីឆៅតែម្តង។
ប្រភពខាងលើបានឲ្យដឹងថា ជាក់ស្តែងណាស់ក្នុងមួយសប្តាហ៍នេះក្រុមលោក កែ គុយហ៊ាង និងលោក មៀវ ផល្លី ចេញរកស៊ីពេលយប់ បានលាភសក្ការៈច្រើនណាស់ ព្រោះកាលពីវេលាទៀបភ្លឺថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ កន្លងមកថ្មីៗនេះ ពួកគេចេញរកស៊ីពេលយប់ ដូចក្រុមទីទុយ ឃាត់បានរ៉ឺម៉ក មូតូដឹកត្រីចំនួន ២គ្រឿង ហើយគោះយកលុយក្នុងរ៉ឺម៉កមួយគ្រឿង ៥០ម៉ឺនរៀល និងរថយន្តគូទស្វិតពណ៌ស មួយគ្រឿងគោះលុយបាន ៤០០ដុល្លារ រួមជាមួយរថយន្តកូរ៉េមួយគ្រឿងទៀត គោះលុយបាន ៦០០ដុល្លារ ។
លុះមកដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ វេលាទៀបភ្លឺ ពួកក្រុមទីទុយទាំងនេះ បានប្រដេញម៉ូតូដឹកត្រី ជាច្រើនគ្រឿងដែលដឹកចេញ ពីឃុំស្វាយអំពារ មកគោះយកលុយ ក្នុងម្នាក់ៗចាប់ពី ២០ម៉ឺនទៅ ៤០ម៉ឺនរៀល ហើយដោះលែងវិញទាំងយប់ ។ នៅក្នុងយប់នោះដែរ ពួកគេក៏បានឃាត់រថយន្តកូរ៉េ ពណ៌សមួយគ្រឿងផងដែរ ហើយទុករហូតដល់វេលាថ្ងៃត្រង់ ទើបគាបទារលុយបានជិត ១០០០ដុល្លារ (មួយពាន់ដុល្លា) ហើយគម្រាមពួកអ្នកដឹកត្រីទាំងនោះថា បើសិននរណាហ៊ាននិយាយ ប្រាប់ពួកអ្នកកាសែតឲ្យដឹងរឿង គេនិងដកហូតរថយន្ត រួមទាំងចាប់ខ្លួនបញ្ជូន ឲ្យតុលាការដាក់គុកភ្លាម។
ក្រុមអ្នករកស៊ីដឹកត្រីទាំងនោះ ម្នាក់ៗខ្លាចលោក កែ គុយហ៊ាង និងលោក មៀវ ផល្លី រួញខ្លួនដូចកូនសត្វត្រូវទឹកភ្លៀង ព្រោះលោក កែ គុយហ៊ាង បានធ្វើការគំរាមបំបាក់ស្មារតី យ៉ាងធ្ងន់ធ្ងរ ច្រើនលើករួចមកហើយ។ ពួកអ្នកដឹកត្រីនិយាយថាលោក កែ គុយហ៊ាង មានកាំភ្លើងខ្លីក្រវ៉ាត់ចង្កេះច្រង៉ាង ហើយគេអួតអាងក្តែងៗថា អញមិនត្រឹមតែជានាយសង្កាត់ ជលផលប៉ុណ្ណោះទេ ជាយោធាពាក់សក្តិ ៥ច្រង៉ាង ហើយជាអង្គរក្សរបស់អ្នកធំម្នាក់ នៅខេត្តកណ្តាលវើយ។
ពាក់ព័ន្ធករណីខាងនេះ ក្នុងករណីចោទប្រកាន់បែបនេះ លោក កែ គុយហ៊ាង បានប្រាប់អ្នកកាសែតថា ការដឹកជញ្ជូនត្រីទាំងនោះ វាខុសច្បាប់ជលផល ហើយការឃាត់ចាប់ យកមកធ្វើការផាកពិន័យយកប្រាក់ ដាក់ចូលថវិការរដ្ឋប៉ុណ្ណោះ។ ដោយឡែកលោក ឃ្លាំង វណ្ណធុល ដែលជានាយខណ្ឌរដ្ឋបាល ជលផលកណ្តាលបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា ករណីខាងលើ មានពិតប្រាកដ ហើយធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់ ឯការផាកពិន័យចំនូន ប៉ុន្មានលានរៀលនោះ លោកពុំបានឆ្លើយទេ គឺត្រូវមើលភាពជាក់ស្តែង នៃបទល្មើស៕
ដកស្រង់ពី :
វត្តភ្នំ