រាជធានីភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីវេលាម៉ោង ៣ និង ៥០នាទី ទៀបភ្លឺថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៣ ដែលបង្កឡើងដោយរថយន្តដឹកឥដ្ឋមួយគ្រឿង បានបើកបុក
គ្នា ពេញទំហឹងជាមួយម៉ូតូម៉ាកសេ១០០ នៅចំណុចលើស្ពានជ្រោយចង្វាត្រើយខាងកើត បណ្តាលឲ្យមនុស្ស៥នាក់រងរបួសធ្ងន់ និងធ្វើឲ្យរថយន្តក្រឡាប់ចាក់ឥដ្ឋរាយពេញនៅលើស្ពាន។
បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានប្រទះឃើញរថយន្តដឹកឥដ្ឋមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ព-0252 ភព3 ធ្វើដំណើរចេញពីតំបន់ព្រែកអញ្ចាញ ឡើងមកកាន់រាជធានីភ្នំពេញ ដោយមានមនុស្សជិះចំនួន៦នាក់។ ខណៈពេលដែលរថយន្តបានបើកឡើងមកដល់ចំណុចគល់ស្ពានខាងកើតប្រហែលជា២០ ម៉ែត្រ រថយន្តក៏បានជ្រុលល្បឿនទៅបុកម៉ូតូមួយគ្រឿង ម៉ាកសេ១០០ ពណ៌ព្រីងទុំ ពាក់ស្លាកលេខ ភ-2395 ភព1 ធ្វើដំណើរដោយបុរស ២នាក់ បណ្តាលឱ្យដួលរងរបួសធ្ងន់ ចំណែករថយន្តក៏បានទាញចង្កូតក្រឡាប់ប្រមាណជា ៦០ម៉ែត្រ ពីកន្លែងកើតហេតុ បណ្តាលឱ្យមនុស្សលើរថយន្តរបួសធ្ងន់ ៣នាក់ និង៣នាក់ទៀងរងរបួសស្រាល ចំណែកឥដ្ឋត្រូវបានក្រពប់ចាក់រាយពេញនៅលើស្ពាន។
បន្ទាប់ពីកើតហេតុភ្លាមៗ គេសង្កេតឃើញសមត្ថកិច្ចចុះទៅអន្តរាគមន៍ ដើម្បីធ្វើការវាស់វែង និងបានទំនាក់ទំនងហៅរថយន្តសង្គ្រោះមកដឹកយកអ្នករបួសទៅធ្វើ ការព្យាបាលនៅមន្ទីរពេទ្យ។ចំណែករថយន្ត រួមទាំងម៉ូតូរបស់ជនរងគ្រោះ សមត្ថកិច្ចបានយកទៅរក្សាទុកបណ្តោះអាសន្នដើម្បីរង់ចាំធ្វើការ ដោះស្រាយទៅតាមនីតិវិធីច្បាប់៕
ដកស្រង់ពី :
វត្តភ្នំ