
កំពង់ធំៈ ប្រជាជន រាប់ពាន់នាក់នៅតាមបណ្តាខេត្ត កំពុងរង់ចាំឱកាសពីមេដឹកនាំដើម្បីចូលរួមក្នុងមហាបាតុកម្ម ប្រឆាំងទៅនឹងលទ្ធផលនៃការបោះឆ្នោតគឺការ ប្រកាសកាលបរិច្ឆេទធ្វើបាតុកម្មនេះពីមេដឹកនាំបក្ស ប្រឆាំង។
នៅក្នុងដំណើរទស្សនកិច្ចកាលពីម្សិលមិញ ដើម្បីអរគុណអ្នកបោះឆ្នោតនៅក្នុងខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងសៀមរាប មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងអនុប្រធាន លោក កឹម សុខា ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយប្រជាជនរាប់ពាន់នាក់។ ក្នុងការជួបស្វាគមន៍នោះ ក្រុមប្រជាពលរដ្ឋបានជំរុញឲ្យលោក សម រង្ស៊ី និងលោក កឹម សុខា រក្សាជំហរប្រឆាំងខ្លាំងក្លាដោយមិនត្រូវព្រមព្រៀងធ្វើការងារ ជាមួយគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ហើយអះអាងថា ពួកគេបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ គឺដើម្បីឲ្យមានការផ្លាស់ប្តូរនិងចង់ឲ្យលោក សម រង្ស៊ី ធ្វើនាយករដ្ឋមន្ត្រីដឹកនាំប្រទេសឆ្ពោះទៅរកភាពរីក ចម្រើន។
នៅពិធីជួបជុំ នៅក្នុងឃុំទ្រាល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានភ្លៀងធ្លាក់ផង ប៉ុន្តែប្រជាជនហាក់ មិនខ្វល់នឹងការទទឹកភ្លៀងទេ ដោយសារអ្វីដែលគាត់កំពុងផ្តោត ការយកចិត្ត ទុកដាក់ គឺការធ្លាក់របស់លោក សម រង្ស៊ី និងលោក កឹម សុខា ដែលថ្លែងអំពីជោគជ័យនៅក្នុងការបោះឆ្នោតកាលថ្ងៃទី២៨ ខែកក្កដា។ នៅក្នុងពិធីជួបជាមួយប្រជាជនក្នុងខេត្តទាំងនោះ លោក សម រង្ស៊ី និងលោក កឹម សុខាបានប្តេជ្ញាការពារជ័យជម្នះរបស់គណបក្សសង្គ្រោះជាតិដែល ប្រជាជនបោះឆ្នោតឲ្យ ហើយបានប្រាប់ទៅពួកគាត់ម្តងហើយម្តងទៀតថា គណបក្សសង្គ្រោះជាតិបាននិងកំពុងព្យាយាមស្វែងរកយុត្តិធម៌សម្រាប់ ប្រជាជនដែលបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ហើយសន្យាថា ខ្លួននឹងមិនធ្វើការជាមួយគណបក្សប្រជាជនទេ ដរាបណាគណបក្សនេះមិនទទួលស្គាល់ថា បក្សសង្គ្រោះជាតិជាអ្នកឈ្នះការបោះឆ្នោត។
លោក គីម សៀប និយាយថា៖ «ខ្ញុំមិនខ្លាចទេ។ ក្នុងនាមជាប្រជាជនក្នុងស្រុកបារាយណ៍ ខ្ញុំចង់ធ្វើបាតុកម្ម។ ប្រជាជនក្នុងស្រុកបារាយណ៍កំពុងរង់ចាំលោកប្រធាន[សម រង្ស៊ី]បញ្ជាក់ថ្ងៃជាក់លាក់ ដើម្បីឲ្យពួកគាត់ចូលរួមធ្វើបាតុកម្ម»។ លោកបន្តថា លោកចង់ឲ្យគណបក្សសង្គ្រោះជាតិឈ្នះយ៉ាងច្បាស់ ព្រោះនៅស្រុកបារាយណ៍ គណបក្សសង្គ្រោះជាតិ បានឈ្នះគណបក្សប្រជាជនកម្ពុជា លើសលប់។
អនុប្រធានគណបក្ស សង្គ្រោះជាតិលោក កឹម សុខា ប្រកាសក្នុងពិធីជួបជាមួយប្រជាជនទាំងនោះថា ក្នុងស្រុកបារាយណ៍ គណបក្សសង្គ្រោះជាតិបានឈ្នះចំនួន១២ឃុំ ក្នុងចំណោម១៨ឃុំ។
លោក សម រង្ស៊ី ថ្លែងទៅអ្នកគាំទ្រថា៖ «[យើង]នឹងមិនធ្វើបាតុកម្មទេ ឲ្យតែ[គណបក្សប្រជាជនកម្ពុជា]ទទួលស្គាល់ជ័យជម្នះរបស់គណបក្ស សង្គ្រោះជាតិ បើមិនដូច្នោះទេ យើងត្រូវតែធ្វើ»។ លោកបន្ថែមថា នេះជាការឆ្លើយតបទៅប្រជាជន ដែលសួរពីពេលវេលាជាក់លាក់នៃការធ្វើបាតុកម្ម ពីព្រោះប្រជាជននៅស្រុកលើកដែក ខេត្តកណ្តាល ក៏អះអាងថា បានត្រៀមខ្លួនចូលរួមក្នុងបាតុកម្មនិងបានសួរអំពីកាលបរិច្ឆេទ ជាក់លាក់នៃការធ្វើបាតុកម្មដែរ។
អ្នកភូមិឈ្មោះ សំ ស៊ីនួន អាយុ៤៦ឆ្នាំ និយាយថា៖ «ខ្ញុំបោះឆ្នោត ខ្ញុំចង់បានយុត្តិធម៌ ចង់បានជ័យជម្នះសម្រាប់កូនចៅរបស់ខ្ញុំឲ្យមានអនាគត»។
ចំណែក យាន យ៉ាត អាយុ៧០ឆ្នាំ ក៏និយាយដែរថា៖ «ខ្ញុំមិនខ្លាចទេ។ ខ្ញុំនឹងចូលរួមបាតុកម្មដើម្បីទាមទារយុត្តិធម៌ពិតប្រាកដ»។
លោក កឹម សុខា បានថ្លែងថា៖ «ប្រជាជនធ្វើបាតុកម្ម ហើយ បើរដ្ឋាភិបាលបញ្ជាឲ្យកម្លាំងប្រដាប់អាវុធបាញ់បាតុករ នោះវា គឺដូចទៅនឹងការជីករណ្តៅកប់ខ្លួនឯង។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ នឹងបញ្ជូនកងទ័ពមកចាប់មេដឹកនាំនោះ ដើម្បីយកទៅផ្តន្ទាទោសនៅតុលាការអន្តរជាតិ»។
លោក កឹម សុខា ប្រាប់ប្រជាជនថា បើមិនមានដំណោះស្រាយឲ្យសមហេតុផលទេ គណបក្សសង្គ្រោះជាតិនឹងមិនចូលរួមសម័យប្រជុំលើកទី១ របស់សភាទេ ហើយបើគណបក្សសង្គ្រោះជាតិមិនចូលរួម គណបក្សប្រជាជនកម្ពុជានៅតែប្រជុំតែម្នាក់ឯងជាមួយតំណាងរាស្ត្រ ៦៨នាក់ សភានោះ ហៅថា«សភាខុសច្បាប់» ហើយបើសភាខុសច្បាប់ បង្កើតរដ្ឋាភិបាល នោះរដ្ឋាភិបាលថ្មីនោះ ក៏ខុសច្បាប់ដែរ ហើយនាយករដ្ឋមន្ត្រីនោះក៏ជានាយករដ្ឋមន្ត្រីខុសច្បាប់ ផងដែរ ហេតុដូច្នេះ សហគមន៍អន្តរជាតិនិងប្រជាជននឹងមិនទទួលស្គាល់រដ្ឋាភិបាលខុស ច្បាប់ទេ។
ទន្ទឹមនេះ លោក សម រង្ស៊ី ក៏បានសន្យាផងដែរ នៅមុខប្រាសាទអង្គរវត្តថា នៅពេលគណបក្សសង្គ្រោះជាតិគ្រប់គ្រងប្រទេស ខ្លួននឹងដកហូតយកទ្រព្យសម្បត្តិធម្មជាតិ ដែលលក់ដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលក់ទៅក្រុមហ៊ុនមិនស្មោះត្រង់ មកឲ្យប្រជាជនខ្មែរវិញ។
លោក សម រង្ស៊ី ថ្លែងបន្តថា៖ « យើងទាំងអស់គ្នាសូមប្តេជ្ញាការពារទឹកដីកម្ពុជា និងទាមទារទ្រព្យសម្បត្តិជាតិទាំងអស់មកវិញ ដូចជា ព្រៃ បឹង ទន្លេ ឆ្នេរសមុទ្រ កោះ មកឲ្យប្រជាជនវិញ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានហៅសកម្មភាពរបស់លោក សម រង្ស៊ី និងកឹម សុខា ដែលធ្វើឲ្យមានបាតុកម្ម ថាជាការបង្កឲ្យមានហិង្សានៅក្នុងប្រទេសកម្ពុជា ហើយថា រដ្ឋាភិបាលគឺគ្រាន់តែជាអ្នកអនុវត្តច្បាប់ដើម្បីរក្សាសណ្តាប់ ឆ្នាប់ឲ្យមានរបៀបរៀបរយសាធារណៈ និងគណបក្សនយោបាយទាំងអស់ប៉ុណ្ណោះ។ លោក ផៃ ស៊ីផាន បន្តថា៖ «រាជរដ្ឋាភិបាលគ្មានចេតនាសម្លាប់ប្រជាជនខ្លួនឯងទេ។ អ្នកបង្កបញ្ហាគឺមិនមែនជាអ្នកនយោបាយទេ»។
ពាក់ព័ន្ធនឹងការ រឹបអូសទ្រព្យសម្បត្តិធម្មជាតិមកធ្វើជាសម្បត្តិរដ្ឋឬមកឲ្យ ប្រជាជនវិញ លោក ផៃ ស៊ីផាន កត់សម្គាល់ថា គឺអាស្រ័យទៅលើច្បាប់ ពីព្រោះអ្វីៗបង្កើតឡើងដោយច្បាប់ ហើយកម្ពុជាជាប្រទេសនីតិរដ្ឋ៕
ប្រភពពី
ភ្នំពេញ ប៉ុស្តិ៍