ភ្នំពេញ: គណបក្សសង្គ្រោះជាតិ បានមានគំនិតជាថ្មីអំពីការធ្វើបាតុកម្មទូទាំងប្រទេស បន្ទាប់ពីការបើកប្រអប់ឆ្នោតសុវត្ថិភាពកាលពីថ្ងៃអាទិត្យ។
លោក សម រង្ស៊ី និងលោកកឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅថ្ងៃចន្ទនេះ បានប្រកាសអំពីការធ្វើបាតុកម្មនេះថាជាជម្រើសចុងក្រោយបើសិនជាមិនមាន ការបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីត្រួតពិនិត្យអំពី ភាពមិនប្រក្រតីនៃការបោះឆ្នោតទេនោះ។
មេដឹកនាំទាំងពីរនៅតែលើកឡើងអំពីភាពចាំបាច់នៃការចូលរួមរបស់សហប្រជាជាតិនិងអង្គការសង្គមស៊ីវិល។
លោក សម រង្ស៊ីបានធ្លាប់សរសេរសំបុត្រមួយច្បាប់ទៅកាន់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីឲ្យបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជា។ ប៉ុន្តែលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បាននិយាយថា ខាងអង្គការសហប្រជាជាតិបានឆ្លើយតបថាមិនអាចធ្វើបានទេ ដោយសារតែមានការស្នើសុំពីភាគីតែម្ខាង។
គណបក្សប្រជាជនកម្ពុជាទាមទារការដោះស្រាយតាមប្រព័ន្ធច្បាប់ កម្ពុជា ដោយមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងក្រុមប្រឹក្សាធម្មនុញ្ញ ។
ជំហររវាងគណបក្សនយោបាយទាំងពីរនៅឃ្លាតពីគ្នាឆ្ងាយនៅឡើយ។
អ្នកវិភាគនយោបាយនិយាយថា គណបក្សនយោបាយទាំងពីរត្រូវតែរកគ្រប់មធ្យោបាយដើម្បីដោះស្រាយដោយ សន្តិវិធីដើម្បីបញ្ចៀសឲ្យបានអំពើហិង្សាណាមួយដែលអាចកើតមាន៕