អង្ករចំនួន៣១៤១១តោន ត្រូវបានប្រទេសកម្ពុជានាំចេញទៅកាន់បរទេសនាកំឡុងខែកក្កដា ឆ្នាំ២០១៣នេះ បានកើនឡើងបន្តិច បើធៀបនឹងខែមិថុនដែលមានត្រឹមតែ២៩ ១០៥តោន។
ដូច្នេះចំនួននេះជាកំណើនល្អមួយ បើប្រៀបធៀបទៅខែមុនៗដែលការនាំចេញជាមធ្យមប្រចាំខែមានក្នុងរង្វង់ ២២,០០០តោនក្នុងមួយខែ។
អ្នកនាំចេញអង្ករបានលើកឡើងថាអត្រាកំណើនខ្ពស់នៃការនាំចេញ ក្នុងខែមិថុនាតែងកើតឡើងប្រចាំរដូវរៀងរាល់ឆ្នាំ ដោយសារតម្រូវការមានការកើនឡើង ខណៈការនាំចេញរបស់ប្រទេសនាំចេញអង្ករសំខាន់ៗមួយចំនួន ចាប់ផ្តើមថយចុះដែលធ្វើឲ្យសម្ពាធនៃការប្រកួតប្រជែងលើទីផ្សារមាន ភាពងាយស្រួលជាងមុន។
ទីផ្សារសំខាន់សម្រាប់នាំចេញអង្ករកម្ពុជា មានភាគច្រើនទៅទីផ្សារសហគមន៍អឺរ៉ុបដែលតំណាងប្រមាណ៦០ ភាគរយនៃចំណែកទីផ្សារសរុបរបស់កម្ពុជា។
លោកគឹម សាវុធ អគ្គនាយកក្រុមហ៊ុននាំចេញអង្ករខ្មែរហ្វូត និងជាប្រធានសម្ព័ន្ធអ្នកនាំចេញអង្ករកម្ពុជាបានឲ្យដឹងថាការ នាំចេញអង្ករនៅកម្ពុជានៅក្នុងឆ្នាំនេះមានស្ថានភាពល្អខ្លាំងជាង កាលពីឆ្នាំមុន ហើយទីផ្សារនាំចេញថ្មីៗជាច្រើនក៏មានការកើនឡើងផងដែរ។
ជាមួយគ្នានោះលោករំពឹងថានិន្នាការនេះនឹងនៅបន្តរក្សាកំណើនយ៉ាងល្អបន្តទៀតនៅឆមាសទីពីរនេះ៕

ប្រភពពី
khmeronlinenews