
តារា ចម្រៀងស្រីល្បីឈ្មោះក្រោមដំបូលផលិតកម្មរស្មីហង្សមាសតែមួយនាង ពេជ្រ សោភា និងឱក សុគន្ធកញ្ញា បានបង្ហាញមុខស្និតស្នាលផ្អែមល្ហែមដាក់គ្នាជាលើកដំបូងក្នុងមួយ រយៈពេលចុងក្រោយនេះនៅពេលអ្នកទាំងពីរត្រូវចេញដំណើរជិះយន្ត ហោះបោះពួយទៅកាន់ដែនដីលោកបារ៉ាក់ អូបាម៉ា ជាមួយគ្នានោះ ខណៈកន្លងមកចេះតែមានពាក្យនិយាយតៗគ្នាថា តារាចម្រៀង ពេជ្រ សោភា មិនសូវត្រូវរូវជាមួយតារារួមផលិតកម្មនោះ។
តារាចម្រៀងស្រីដែលធ្លាប់ឆ្លងកាត់ចំណងស្នេហ៍បែកបាក់ដូចគ្នា ទាំងពីរនាក់នឹងធ្វើដំណើរទាំងយប់ នៅពាក់កណ្តាលរាត្រីថ្ងៃទី២៧ សីហា ឆ្នាំ២០១៣នេះ តាមរយៈជើងហោះហើររបស់កូរ៉េ ដើម្បីទៅបំពេញបេសកកម្មច្រៀងរាំនៅលើទឹកដីមហាអំណាចសហរដ្ឋ អាមេរិក នៅចុងសប្តាហ៍នេះ ក្រោយពេលដែលនៅប្រទេសកម្ពុជារដូវនៃកម្មវិធីប្រគំតន្ត្រីត្រូវ បានផ្អាកនារដូវភ្លៀង។
ក្នុងដំណើររួមគ្នារបស់តារាចម្រៀងស្រស់សោភាទាំងពីរទៅកាន់ដែន ដីធ្លាក់ព្រិលនេះ ឱក សុគន្ធកញ្ញា មិនបានលើកទូរស័ព្ទដោយផ្ទាល់ដើម្បីនិយាយរៀបរាប់ពីដំណើរច្រៀង របស់ខ្លួននៅអាមេរិកលើកនេះទេ តែម្តាយរបស់នាងបានលើកជំនួស ហើយប្រាប់ថា សុគន្ធកញ្ញា បានចេញដំណើររួមគ្នាជាមួយនឹងពេជ្រ សោភា នៅយប់នេះ ដើម្បីចេញសម្តែងច្រៀងរយៈពេល២ខែនៅទីនោះ តែយ៉ាងណាអ្នកស្រីបញ្ជាក់ថា មិនបានដឹងថា កូនអ្នកស្រីនឹងត្រូវច្រៀងនៅទីក្រុង ឬក៏រដ្ឋណានោះទេ។
ប្រភពពី
ភ្នំពេញប៉ុស្តិ៍