មានសំណាងជិះយន្តហោះទៅសម្ដែងនៅក្រៅប្រទេសជាលើកដំបូង អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានបង្ហាញភាពត្រេកត្រអាលជាខ្លាំងជាមួយនឹងព្រឹលទឹកកកនៅប្រទេស អូស្ត្រាលី តាមរយៈរូបភាពរបស់នាងដែលបានបង្ហោះក្នុង Account Facebook របស់នាង ។
រូបភាពច្រើនសន្លឹក និងមានវីដេអូផងនោះ ខ្ញុងបានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង នៅពេលដែលនាងបានមានឱកាសបានទៅលេងប្រទេស ដែលមានព្រឹលធ្លាក់ជាលើកដំបូងក្នុងជីវិតរបស់នាង។
អ្នកមេម៉ាយសាច់ខ្ចីរូបនេះត្រូវបានគេសង្ស័យថា ក្នុងដំណើរចេញទៅសម្ដែងនៅប្រទេសអូស្ត្រាលី នាងប្រាកដជានឹងត្រូវអតីតសង្សាររបស់នាងស្កាត់មកជួបនាងជាក់ ជាមិនខាន បើទោះបីជាចំណងស្នេហ៍នេះត្រូវបាននាងប្រកាសថា បានផ្ដាច់ទំនាក់ទំនងជាមួយគ្នាយូរហើយយ៉ាងណាក្ដី។
តែទោះជាមានការសង្ស័យបែបនេះក្ដី នាងបានបដិសេធមុននឹងនាងឡើងយន្តហោះ។ ខ្ញុងបានបញ្ជាក់ប្រាប់ថា មិនមានគម្រោងបែបនេះទេ ព្រោះនាងមិនដែលស្គាល់អាសយដ្ឋានបុរសម្នាក់នោះឡើយ។
អាចចាត់ទុកថា ជាភាពចៃដន្យថ្ងៃដែលក្រុមរបស់នាងឡើងយន្តហោះ ១៥ សីហា គឺជាថ្ងៃដែលកម្មវិធីអាណាចក្រតារាឆ្នាំ ២០១៣ ប្រារព្ធធ្វើឡើង ។ ហេតុដូច្នេះហើយធ្វើឲ្យក្រុមកំប្លែងរបស់នាយពែកមី មិនមកចូលរួមក្នុងកម្មវិធីមួយនេះ ខណៈដែលក្រុមមួយនេះបានទទួលពានរង្វាន់ជា “ក្រុមកំប្លែងល្បីប្រចាំឆ្នាំ២០១៣”។ នាយពែកមី ដែលជាប្រធានក្រុមកំប្លែងមួយនេះបានសម្ដែងអារម្មណ៍សោកស្ដាយជា ខ្លាំង ដែលក្រុមកំប្លែងរបស់លោកមិនបានមកចូលរួមកម្មវិធីនោះ មុនពេលលោកឡើងយន្តហោះ។
តាមគម្រោងក្រុមកំប្លែងរបស់នាង ដែលមាននាយពែកមី និង កុមារី នីឡា កូនស្រីបង្កើតរបស់លោក សុវណ្ណ រឹទ្ធី ហៅលោកតាវ៉ិចទ័រ និងត្រូវវិលមកប្រទេសកម្ពុជាវិញ នាចុងខែសីហាខាងមុខនេះ ដោយនៅក្នុងនោះពួកគេចេញទៅប្រទេសអូស្ត្រាលីចំនួន១៥ថ្ងៃតែ ប៉ុណ្ណោះ ៕

ដកស្រង់ពី : សប្បាយ