Neymar បានរកគ្រាប់ទី១របស់ខ្លួនក្នុងការប្រកួតផ្លូវការនៅ Barcelona ក្នុងពានរង្វាន់ Spanish Super Cup ទល់នឹងក្រុម Atletico Madrid យប់មិញនេះ។ មិនត្រឹមតែជាគ្រាប់បាល់ដំបូងរបស់កីឡាករប្រេស៊ីលវ័យ២១ឆ្នាំនេះ ទេ តែមួយគ្រាប់នេះក៏ជាគ្រាប់បាល់ជួយឲ្យ Barcelona តាមស្មើ ១-១ ផងដែរ ខណៈក្រុមម្ចាស់ផ្ទះ Atletico បាននាំមុខមុនតាំងពី១២នាទីដើមតង់ទី១។
Neymar អបអរក្រោយតែតបញ្ចូលទី
មួយគ្រាប់នាំមុខរបស់ Atletico កើតឡើងដោយការស៊ុតវ៉ូលេដ៏ស្អាតនៃអតីតខ្សែប្រយុទ្ធរបស់ Barca, David Villa។ ការនាំមុខនេះបានបន្តរហូតដល់នាទី៦៦ ទើបក្លិបអ្នកមានបុណ្យអាចតាមស្មើវិញ ក្រោយពីកីឡាករបម្រុង Neymar ដែលប្ដូរចូលជំនួស Pedro នាទី៥៩នោះ បានលោតតែតបញ្ចូលទីយ៉ាងល្អ។
ខ្សែប្រយុទ្ធសំខាន់របស់ Barca គឺ Lionel Messi អាចលេងបានតែមួយតង់ប៉ុណ្ណោះក្នុងការប្រកួតនេះដោយសារបញ្ហារបួសសាច់ដុំភ្លៅ និងត្រូវជំនួសដោយ Cesc Fabregas។
Spanish Super Cup ជាពានរង្វាន់ដែលចូលរួមប្រកួតដោយជើងឯក La Liga និងជើងឯក Copa del Rey។ ជាក់ស្ដែង ការជួបគ្នារវាង Barcelona និង Atletico Madrid នាពេលនេះ គឺដោយសារ Barca ជាជើងឯក La Liga រដូវកាលមុន ខណៈ Atletico ជាជើងឯក Copa del Rey។
ការប្រកួតជើងទី២ នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Nou Camp នាថ្ងៃទី២៨ សីហាខាងមុខនេះ។ តើ Barcelona ឬ Atletico Madrid នឹងលើកពាន Spanish Super Cup ឆ្នាំនេះ?
David Villa សម្ដែងភាពរីករាយក្រោយស៊ុតបញ្ចូលទីអតីតក្រុមរបស់ខ្លួន
Neymar លោតតែតបញ្ចូលទី
Messi លេងបានតែមួយតង់ដោយសាររបួសភ្លៅ
វីដេអូហាយឡាយនៃការប្រកួត៖
ដកស្រង់ពី : សប្បាយ