យោងតាម ការចុះផ្សាយរបស់កាសែត ឌឹ ខេមបូឌា ដេលី នៅថ្ងៃនេះឲ្យដឹងថា រាជធានីថ្មីមួយរបស់ប្រទេសកម្ពុជា ត្រូវគេគ្រោងសាងសង់ឡើងលើផ្ទៃដីទំហំ៥០០០ហិកតា នៅភាគខាងជើងរាជធានីភ្នំពេញបច្ចុប្បន្ន ដោយដាក់ឈ្មោះថា «ទីក្រុងនាគសម្តេចតេជោ ហ៊ុន សែន»។ កាសែតបានស្រង់សម្តីរបស់លោក ភឿង សុភ័ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់មកចុះផ្សាយថា គម្រោងនេះបានទទួលការយល់ព្រមពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ
ដោយគ្រោងនឹងចំណាយទឹកប្រាក់សម្រាប់ការសាងសង់ទីក្រុងថ្មីប្រមាណ៨០ពាន់លានដុល្លារ។
ចំពោះផែនការនៃការសាងសង់ទីក្រុងថ្មីនេះ លោក ភឿង សុភ័ណ បានធ្វើការពន្យល់ថា តាមការសិក្សាពីប្រវត្តិសាស្ត្រ បន្ទាប់ពីយើងមានការរីកចម្រើនយ៉ាងខ្លាំង និងបន្ទាប់មកមានស្ថេរភាពទៀត នោះយើងត្រូវតែមានទីក្រុងថ្មី។
លោក សុភ័ណ បានពិពណ៌នាទីក្រុងថ្មីនោះថា គឺជាទីក្រុងដែលមានអគារធំៗ និងអគារខ្ពស់ៗរាប់រយសង់ឡើងតាមរចនាបទអង្គរ ដោយមានបែងចែកជាតំបន់លំនៅដ្ឋាន តំបន់ពាណិជ្ជកម្ម តំបន់វប្បធម៌ តំបន់អប់រំ និងតំបន់ទេសចរណ៍ដែលមានទ្រង់ទ្រាយដូចមុខនាគ ដែលគេអាចមើលឃើញយ៉ាងច្បាស់នៅពេលធ្វើដំណើរតាមជើងយន្តហោះចូលមកក្នុង ប្រទេសកម្ពុជា។
លោក ភឿង សុភ័ណ បញ្ជាក់ថា នៅចំណុចកណ្តាលនៃទីក្រុងនាគនោះ គឺមានអគារកម្ពស់៦០០ម៉ែត្រមួយ ដែលវានឹងក្លាយជាអគារខ្ពស់បំផុតទី២ក្នុងពិភពលោក។ ហើយនៅលើកំពូលអគារនោះវាគឺជាទីបញ្ជាការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយគំនិតនៃការកសាងទីក្រុងថ្មីនេះ ត្រូវបានក្រុមអ្នកវិភាគមួយចំនួនចាត់ទុកថា គឺជាគំនិតស្រមើស្រមៃប៉ុណ្ណោះ ព្រោះមានគម្រោងសាងសង់ទីក្រុងរណបដែលមានទំហំតូចជាងនេះជាច្រើន បានចាប់ផ្តើមសាងសង់ ប៉ុន្តែវាមិនដែលបានបញ្ចប់ឡើយ៕

ប្លង់អគារកម្ពស់៦០០ម៉ែត្រសម្រាប់ទីក្រុងនាគ
ប្រភពពី CEN