គណៈកម្មាធិការខុមហ្វ្រែល រួមជាមួយនឹងបណ្ដាអង្គការសង្គមស៊ីវិល អ្នកជំនាញ និងភាគីដែលពាក់ព័ន្ធនឹងការបោះឆ្នោត នឹងរៀបចំកម្មវិធី«បន្ទប់ស្ថានការណ៍បោះឆ្នោតឆ្នាំ២០១៣» ដើម្បីផ្សព្វផ្សាយនូវព័ត៌មាន អន្តរាគមន៍ និងវាយតម្លៃរួមគ្នា ស្ដីពីស្ថានភាពនៃដំណើរការរៀបចំការបោះឆ្នោត ភាពមិនប្រក្រតីនានា ព្រមទាំងព័ត៌មានដែលពាក់ព័ន្ធ ដែលទទួលបានមកពីបណ្ដា រាជធានី ខេត្ត។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គការខុមហ្វ្រែលបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែកក្កដាម្សិលមិញនេះ ក៏បានឲ្យដឹងដែរថា កម្មវិធីនេះត្រូវរៀបចំឡើងនៅក្នុងអំឡុងពេល នៃដំណើរការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥នេះ។
កម្មវិធី«បន្ទប់ ស្ថានការណ៍បោះឆ្នោតឆ្នាំ២០១៣»នេះ នឹងចាប់ផ្ដើមបើកពីថ្ងៃទី២៦ ដល់ ២៩ ខែកក្កដា នេះ នៅឯទីស្នាក់ការអង្គការខុមហ្វ្រែល ដែលស្ថិតនៅសង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។ រាល់ព័ត៌មានស្ដីពីការបោះឆ្នោតខាងលើ ក៏នឹងត្រូវផ្សាយទៅក្នុងបណ្ដាញព័ត៌មានសង្គម គេហទំព័ររបស់ខុមហ្វ្រែល គេហទំព័រសម្លេងម្ចាស់ឆ្នោតកម្ពុជា និងបណ្ដាញផ្សព្វផ្សាយរបស់អង្គការ សង្គមស៊ីវិលមួយចំនួនទៀតដូចជា វិទ្យុសម្លេងប្រជាធិបតេយ្យVoD វិទ្យុFM១០២ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ផងដែរ៕
ប្រភពពី ថ្មីៗ