ក្រសួងព័ត៌មាននឹងចេញបម្រាមដល់បណ្ដាស្ថានីយវិទ្យុ
និងទូរទស្សន៍នៅក្នុងស្រុកទាំងអស់
មិនឲ្យចាក់ផ្សាយបទចម្រៀងវ៉ុលចូលឆ្នាំរបស់ផលិតកម្ម Town នោះទេ
បន្ទាប់ពីទទួលរងការរិះគន់ពីមហាជនមួយចំនួននាពេលកន្លងមក។
ឯកឧត្ដម
ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
បានសរសេរឆ្លើយតបតាមរយៈសារអេឡិចត្រូនិកខ្លីមួយកាលពីព្រឹកមិញ
នេះថា ឯកឧត្ដម
នឹងស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់មិនឲ្យចាក់បទចម្រៀង
របស់ផលិតកម្ម Town ដែលទើបចេញសម្រាប់បុណ្យចូលឆ្នាំនោះទេ
ហេតុផលគឺបណ្ដាលមកពីការប្រើប្រាស់ពាក្យពេចន៍មិនគប្បី
ដែលមហាជនយល់ថា ប៉ះពាល់ដល់វប្បធម៌ខ្មែរ។
បទ
ចម្រៀងជាច្រើនក្នុងចំណោម
៤អាល់ប៊ុមសម្រាប់ឱកាសចូលឆ្នាំរបស់ផលិតកម្មមួយនេះ
បានប្រើប្រាស់ពាក្យពេចន៍មួយចំនួន ដែលមហាជនយល់ថា
ប៉ះពាល់ដល់វប្បធម៌ដូចជាបទ ពូកអូនប៉ុណ្ណា, ដួលគងចំប៉ាន់,
ឈឺត្រង់ពកណាស់, ឬ បទ បបរក្ដៅ ជាដើម
ដែលកំពុងពេញនិយមក្នុងចំណោមអ្នកស្ដាប់មួយចំនួន។ ក្រសួង
នឹងហាមប្រាមចំពោះការចាក់បទចម្រៀងទាំងនេះ តែមិនមែនមានន័យថា
គ្រប់បទនៅក្នុងផលិតកម្មនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ
ក្នុងនាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ
មានប្រសាសន៍បន្ថែមថា
ក្រសួងព័ត៌មានគ្មានសិទ្ធិហាមឃាត់ការចែកចាយនោះទេ
ដោយបានលើកឡើងថា រឿងនេះជាសមត្ថកិច្ចក្រសួងវប្បធម៌ទៅវិញ។
ចំពោះបម្រាមចាក់ផ្សាយលើប្រពន្ធផ្សព្វផ្សាយ
មិនទាន់បានធ្វើឡើងជាលាយលក្ខណ៍អក្សរនៅឡើយទេ
ត្រឹមជាពាក្យសម្ដីប៉ុណ្ណោះ។
នៅអំឡុង១០ឆ្នាំមុន
ក៏ធ្លាប់មានការហាមប្រាម
មិនឲ្យមានការចាក់ផ្សាយលើប្រព័ន្ធផ្សព្វផ្សាយចំពោះបទចម្រៀង
ខ្មែរសុរិន្ទមួយចំនួនដែរដូចជាបទ ពាក់អាវមិនដែលឃើញដោះ,
ខ្លុយតាជាន, ចាំងខ្លុយ ឬខ្លុយបងចាច ជាដើម។
អ្នក
ចាត់ការទូទៅក្នុងផលិតកម្ម Town លោក មាស សុខរតនៈ
ធ្លាប់បានបង្ហាញក្ដីសង្ឃឹម នាពេលកន្លងថា ខាងផលិតកម្ម
អាចនឹងទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី
ជាថ្មីម្ដងម្ដងទៀតមិនខាន
ព្រោះការចេញលក់ជាផ្លូវការមិនបានប៉ុន្មានថ្ងៃផង
ប៉ុន្តែលក់ដាច់មិនស្ទើរនោះទេ ធ្វើឲ្យក្រុមហ៊ុនមានជំនឿដូច្នេះ។


ឆ្លើយ
តបចំពោះបញ្ហានេះ អ្នកចាត់ការទូទៅក្នុងផលិតកម្ម Town លោក មាស
សុខរតនៈ បានឲ្យដឹងថា មិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ
ចំពោះផលិតកម្មរបស់លោក ព្រោះលោកថា រាល់ការដើរកាត់ភ្លៀង
រមែងទទឹកអីចឹងហើយ។ យ៉ាងណាមិញ រាល់ការផលិតថ្មីរបស់លោក
ក៏មានការប៉ះពាល់ដូចគ្នានេះដែរ។
លោករង់ចាំដំណឹងនេះពីក្រសួងព័ត៌មាន។
កាលពីថ្ងៃទី ១៨ ខែ
មីនា កន្លងទៅនេះ ផលិតកម្ម Town
ក៏បានចេញលិខិតជួនដំណឹងជាផ្លូវការមួយព្រមានទារសងជំងឺចិត្តជា
ទឹកប្រាក់ប្រមាណ ៣០ម៉ឺនដុល្លារអាមេរិក ចំពោះជនទាំងឡាយណាដែល
លួចចម្លងចម្រៀងស្នាដៃរបស់ខ្លួន
យកទៅធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាត
ហើយប្ដឹងសមត្ថកិច្ចចាត់ការតាមច្បាប់ជាធរមានចំពោះអ្នកប្រព្រឹត្ត
ទៀតផង។
បម្រាមថតចម្លង ទើបតែធ្វើឡើងជាលើកដំបូងប៉ុណ្ណោះ
ខណៈដែលផលិតកម្មមួយនេះ
ចាប់ផ្ដើមផលិតចម្រៀងដោយខ្លួនឯងស្ទើរទាំងស្រុង
ជាពិសេសបទសម្រាប់ឱកាសចូលឆ្នាំខាងមុខនេះ
បើទោះជាបទមួយចំនួន សាធារណជនខ្លះមិនបានគាំទ្រ
ដោយសារការប្រើប្រាស់ពាក្យពេចន៍មិនល្អយ៉ាងណាក៏ដោយ៕