រាជធានីភ្នំពេញ ៖
ភ្លើងឆេះយ៉ាងសន្ធោរសន្ធៅចេញពីរថយន្ត ខណៈដែលឆ្លងចរន្តអគ្គិសនី ស្ថិតនៅមុខភោជនីដ្ឋានកូឡាបពេញចិត្ត999 តាមបណ្ដោយផ្លូវជាតិលេខ6 ។ ហេតុការណ៍ភ្ញាក់
ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៦A នៅចំណុចទល់មុខភោជនីដ្ឋានយីហោកូឡាបពេញចិត្ត999 ស្ថិតក្នុងក្រុមទី៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលមានអណ្តាតភ្លើងនោះ ជាប្រភេទរថយន្តទូរីស ដឹកសម្បកធុងហ្គាស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2D-2284 បើកបរដោយបុរសម្នាក់ឈ្មោះ គឹម ស៊ីណាត ហៅព្រួល ភេទប្រុស អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅភូមិបុស្បា ឃុំមុជក្ដា ស្រុករមាសហែក ខេត្តស្វាយរៀង ។ ដោយដឹកឧបករណ៍ជួសជុលរថយន្ត ម៉ាស៊ីនបូមខ្យល់ ថ្នាំលាប ហ្គ្រាសបញ្ជូររថយន្ត ព្រមទាំងអ្នកដំណើរចំនួន៥នាក់ទៀត ដែលចេញដំណើរពីផ្សារតូច ម្តុំទួលសង្កែរ ធ្វើដំណើរឆ្ពោះទៅស្រុករមាសហែកក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុស្រាប់តែទុស្សេខ្សែភ្លើងក្នុងរថយន្តបណ្តាលឲ្យឆាបឆេះរថយន្តទាំងស្រុងតែម្តង បណ្តាលឲ្យអ្នកបើកបររងរបួសតិចតូច ចំណែកអ្នកផ្សេងមិនមានរងរបួសនោះទេ។
ប្រភពព័ត៌មានពីសមត្ថកិច្ចប្រាប់បញ្ជាក់ថា នៅក្នុងករណីទុស្សេខ្សែភ្លើងឆាបឆេះរថយន្តដឹកធុងហ្គាសនេះ គឺត្រូវប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួនពីរគ្រឿងក្នុងនោះរថយន្តពន្លត់អគ្គីភ័យរបស់មជ្ឈមណ្ឌលកោះពេជ្រ មួយគ្រឿង និងរថយន្តសង្គ្រោះនិងបង្កាអគ្គិភ័យរបស់ការិយាល័យពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញចំនួនមួយគ្រឿង។ បើតាមការប៉ាន់ស្មានជំហានដំបូងដែលអគ្គីភ័យបានឆាបឆេះរថយន្តខាងលើនេះត្រូវបានម្ចាស់រថយន្តឲ្យដឹងថា គឺខូចខាតសរុបចំនួនប្រហែល៥ពាន់ដុល្លារអាមេរិក៕