រាជធានីភ្នំពេញ ៖
ផលិតកម្ម ថោន (Town Production) បានចេញសេចក្តីជូនដំណឹងព្រមានប្តឹងចំពោះបុគ្គលណា ដែលលួចចម្លងស្នាដៃរបស់ផលិតកម្មខ្លួន ក្នុងតម្លៃទាមទារសំណង
ជំងឺចិត្ត៣០ម៉ឺនដុល្លារ។ តាមសេចក្តីជូនដំណឹងរបស់ផលិតកម្មថោន ដែលចុះហត្ថលេខា ដោយលោក ជួប មាន ចាងហ្វាងផលិកម្មទីក្រុងភាពយន្ត (Town Production) ចុះនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ បានឲ្យដឹងថា ផលិតកម្ម Town បានត្រៀមសហការជាមួយគណៈកម្មាធិការអន្តរក្រសួង បង្ក្រាបបទល្មើសវីដេអូ និងភាពយន្ត ដើម្បីចុះបង្ក្រាបជនខិលខូច ដែលកំពុងរំលោភលើកម្មសិទ្ធិបញ្ញាយ៉ាងធ្ងន់ធ្ងរ ដោយបានលូច ចម្លង ស៊ីឌី, វីស៊ីឌី និងឌីវីឌី និងជាពិសេស រោងពុម្ពមួយចំនួន បានលួចថតចម្លង បោះពុម្ពរូបលើគម្រប ស៊ីឌី, វីស៊ីឌី និងឌីវីឌី ដោយ គ្មានការអនុញ្ញាតពីផលិតកម្ម យកទៅធ្វើអាជីវកម្មសុខច្បាប់។
ប្រភពខាងលើបន្តថា “ជាថ្មីម្តងទៀត ផលិតកម្ម Town សូមព្រមាន ថា ផលិកម្មយើងខ្ញុំ នឹងប្តឹងទារសងជំងឺចិត្តជាទឹកប្រាក់ចំនួន ៣០ម៉ឺនដុល្លារអាម៉េរិក ចំពោះជនណា ដែល បានលួចចម្លងស្នាដៃរបស់ផលិតកម្មយើងខ្ញុំ យកទៅធ្វើអាជីវកម្មបន្តដោយខុសច្បាប់”។ សេចក្តីជូនដំណឹងបញ្ជាក់ថា ការលួចចម្លងស្នាដៃទាំងនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ផលិតកម្ម មានការខាតបង់ ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ (មិនតិចជាង ៣០ម៉ឺនដុល្លារអាម៉េរិកក្នុង ១ឆ្នាំៗ) ធ្វើឲ្យផលិតកររបស់ខ្លួនបាក់ទឹកចិត្តនៅក្នុងការផលិត ព្រមទាំងប្រឈម នឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ៕