មិនដល់ ៤៨ម៉ោងបន្ទាប់ពី ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរក្នុងសារអេឡិចត្រូនិកខ្លីមួយថា ឯកឧត្ដមមានគម្រោងស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយនានាទាំងអស់កុំចាក់បទចម្រៀងចូលឆ្នាំថ្មីខ្លះៗរបស់ផលិតកម្ម Town ដែលទើបចេញដែលកំពុងរងការរិះគន់ពីមហាជនដោយសារបានប្រើ ពាក្យអាចគន្លាស់ទៅរកន័យផ្សេងនោះ ទីប្រឹក្សាផ្ទាល់ដែលបានអមដំណើរឯកឧត្ដមបំពេញបេសកកម្មនៅក្រៅប្រទេសបាន ឆ្លើយតបទៅនឹងការសាកសួររបស់វិទ្យុ Town ក្នុងន័យសម្រាលដល់ព័ត៌មានខាងដើម វិញ។
ឯកឧត្ដម អ៊ុក គឹមសេង ដែលត្រូវបានសម្ភាសន៍តាមទូរសព្ទដោយវិទ្យុ Town កាលពីព្រលប់ម្សិលមិញ បានបរិយាយមួយៗថា ការផ្សាយព័ត៌មាននៅ Sabay ទំនងជាមានការភ័ន្តច្រឡំ ហើយឯកឧត្ដមផ្ទាល់យល់ថា ប្រសាសន៍របស់ ឯកឧត្ដម ខៀវ កាញារីទ្ធ គឺសំដៅតែលើវិទ្យុជាតិដែលស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងតែប៉ុណ្ណោះ។
«ខ្ញុំ យល់ថា ចម្រៀងទាំងនោះមិនមានអី្វខុសទាស់ទេ ជាទស្សនៈខ្ញុំ! ហើយបើថាមានបញ្ហាមែន គឺខាងក្រសួងវប្បធម៌ដែលមានសមត្ថកិច្ចពិនិត្យមុនចេញទិដ្ឋាការអោយ ចំណែកឯកឧត្ដមរដ្ឋមន្ត្រីដែលមានប្រសាសន៍ជាមួយSabay តាមសារអេឡិចត្រូនិក គឺអាចថាសំដៅតែលើវិទ្យុជាតិ ដែលក្រោមឱវាទក្រសួង ប៉ុន្តែ វិទ្យុជាតិគេមានផលិត ចម្រៀងដោយឡែករបស់គេដែរសម្រាប់ចូលឆ្នាំនេះ!»។
នៅពេលដែលថ្នាក់ដឹកនាំរបស់ផលិតកម្ម Town ជាបន្តបន្ទាប់បាន ទំនាក់ទំនងមកអោយSabay ធ្វើការផ្សាយបន្ថែមពីបម្រែបម្រួលចុងក្រោយផ្អែកលើប្រសាសន៍បកស្រាយរបស់ឯកឧត្តម អ៊ុក គឹមសេង ហើយបង្ហាញការសាទរថា ការសម្រេចចិត្ត ថ្មីនេះជាការលើកទឹកចិត្ត ដល់ផលិតកម្មក្នុងស្រុកក្នុងការខិតខំប្រឹងប្រែងផលិតបទថ្មីៗដោយខ្លួនឯងមិនខ្លាចហត់នឿយនោះ បណ្ដាញសង្គម Facebook មួយចំនួនដែលស្និទ្ធនឹងផលិតកម្មនេះបានធ្វើការរិះគន់មកលើ Sabay ថាបានផ្សាយព័ត៌មានមិនមានការពិត។
លោកប៊ិន ប៊ុណ្ណា អ្នកគ្រប់គ្រង ព័ត៌មានផ្នែកកកម្សាន្តនៅ Sabay.com បានអោយដឹងនៅព្រឹកនេះថា អ្នកសារព័ត៌មានគ្មានតួនាទីក្នុងការដាក់ចំណាត់ថ្នាក់បទចម្រៀង រឹតតែមិនមានតួនាទីធ្វើការវិភាគរិះគន់ ថាល្អរឺអាក្រក់បានឡើយ គឺមានតែមន្ត្រីជំនាញ និងអ្នកស្តាប់ផ្ទាល់ដែលមានសិទ្ធិនេះ។
«យើងយល់ពីអ្វីដែល Town កំពុងប្រឈមមុខ និងយល់ពីអារម្មណ៍របស់គាត់! ប៉ុន្តែយើងគ្រាន់តែបានដកស្រង់ប្រសាសន៍មន្ត្រីជាន់ខ្ពស់ម្នាក់ វាជាការងាររបស់បណ្ដាញផ្សព្វផ្សាយ។ ដូចពេលនេះអញ្ចឹង ពេលណាមានការបកស្រាយថ្មី យើងក៏នឹងដកស្រង់មកផ្សាយបន្ថែមជូនដូចគ្នា!»។
យ៉ាងហោចក៏ណាស់មានបណ្ដាញផ្សព្វផ្សាយក្នុងស្រុកចំនួន ៣ ដែលបានផ្សាយ ចេញជាសាធារណៈនូវប្រតិកម្មជាបឋមរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ កាលពីម្សិលម្ង៉ៃដោយមានការឆ្លើយឆ្លងសំនួរដោយផ្ទាល់។
ផ្អែកលើ ការវិវឌ្ឍចុង ក្រោយនេះគេមិនទាន់ឃើញឯកឧត្ដមរដ្ឋមន្ត្រីមានប្រសាសន៍អ្វីបន្ថែមនៅឡើយទេប៉ុន្តែមានការលើកឡើងក្នុងបណ្ដាញទំនាក់ទំនងសង្គម ជាសំនួរថា តើការ បកស្រាយរបស់ឯកឧត្ដមអ៊ុកគឹមសេង អាចបង្វែរក្រុមអ្នកចាប់អារម្មណ៍លើប្រធានបទនេះ អោយងាកទៅរកមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌វិញដែររឺយ៉ាងណា?
ទៅតាមគម្រោងរបស់ខ្លួន ផលិតកម្ម នឹងដាក់ MV ចូលឆ្នាំថ្មីរបស់ខ្លួនទៅលើទីផ្សារនៅ ក្នុងសប្ដាហ៍នេះ។
មន្ត្រី ជាន់ខ្ពស់របស់ផលិតកម្មនេះ បានប្រាប់ Sabay តាមទូរសព្ទកាលពីថ្ងៃអង្គារថា ទោះបី Sabay បានដកស្រង់សារអេឡិចត្រូនិក តែក្រុមការងារថោននៅតែមាន សុទិដ្ឋិនិយមចំពោះទេពកោសល្យការបង្កើតថ្មី និងការប្រឹងប្រែងរបស់ ខ្លួន ហើយថា ការវិវឌ្ឍន៍ចុងក្រោយនេះនឹងធ្វើអាយថាសថ្មីៗនោះកាន់តែល្បីទ្វេរ និងលក់ដាច់។
បទចម្រៀងទំាងប៉ុន្មានបទដែលជាប់ក្នុងការពិចារណាកាលពីដំបូងរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវ បានរង ការរិះគន់ពីមហាជនពីលទ្ធភាពនៃរការគន្លាស់ទៅរកពាក្យន័យផ្សេង តែក៏បានទទួលការគាំទ្រពី ការនិពន្ធសាច់ភ្លេងថ្មីបានរណ្តំហើយអ្នកចម្រៀងក៏ច្រៀងបានល្អជាងបទមុនៗទៅទៀត។
នៅក្នុងមតិចុងក្រោយ ឯកឧត្តមអ៊ុក គឹមសេងបានសង្កត់ធ្ងន់ថា ក្រសួងមិន មានសមត្ថកិច្ចក្នុងការហាមប្រាមចរាចរណ៍ថាស ចម្រៀងរបស់ផលិតកម្មណាមួយទេ ប៉ុន្តែវាជាសមត្ថកិច្ចរបស់ក្រសួងវប្បធម៌ដោយថានៅលើយន្តហោះ ឯកឧត្ដមរដ្ឋមន្ត្រីបានពិភាក្សាជាមួយហើយមូលមតិថា មិនឃើញមានអ្វីខុសទាស់ទេព្រោះក្រសួងវប្បធម៌បានអនុញ្ញាតហើយ៕