អារ៉ាប់រួម ៖
តាមប្រភពព័ត៌មានបរទេស បានចុះផ្សាយថា រថយន្ដទំនើបដែលមានល្បឿនលឿន ត្រូវបានបង្ហាញខ្លួន នៅក្នុងទីក្រុងឌូបៃ នៃទឹកដីអារ៉ាប់រួម ជាប្រភេទរថយន្ដ ដែលមានល្បឿនលឿនបំផុត លំដាប់ពិភពលោក គឺបើកបរក្នុងល្បឿន
រហូតដល់ទៅ ២៥៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយរថយន្ដនេះ ត្រូវបានរចនាឡើង ដោយក្រុមវិស្វករ ជាអ្នកជំនាញក្នុងការ ប្រណាំងរថយន្ត Formula 1 ( F1) គឺលោក Anthony Yate Zi ជាជនជាតិហូឡង់។
រថយន្ដទំនើបប្រភេទ super bus អាចផ្ទុកអ្នកដំណើរ ២៣ នាក់ ហើយក្នុងរថយន្ត មានគ្រឿងសង្ហារឹមប្រណីតៗ ដូចជានៅលើយន្តហោះឯកជន រួមមានកៅអីខ្នើយខ្យល់ ទូរទស្សន៍ និងអ៊ីនធើណិត ទៀតផង។ រថយន្ដទំនើបប្រភេទ super bus មានតម្លៃជិត ១០លានដុល្លារ មានទទឹងប្រវែង ២,៥ ម៉ែត្រ បណ្តោយ ១៥ ម៉ែត្រ កម្ពស់ ១,៦៥ ម៉ែត្រ និងមានទ្វារ ១២ ហើយរដ្ឋាភិបាលក្នុងតំបន់ បានស្ថាបនាផ្លូវថ្មីមួយពិសេស សម្រាប់រថយន្ដទំនើបប្រភេទ super bus មួយនេះ៕