ប្រទេសម៉ឡេស៊ី ៖
ដោយមានការសន្និដ្ឋាន យ៉ាងច្បាស់លាស់ ពីព័ត៌មានចុងក្រោយ នៃប្រតិបត្តិការរុករក នៅទីបំផុតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak និយាយនៅថ្ងៃចន្ទនេះថា យន្តហោះ MH370 ដែលបាត់រយៈពេល ១៦ថ្ងៃមក
ហើយនោះ បានធ្លាក់នៅក្នុងសមុទ្រឥណ្ឌា ហើយអ្នកធ្វើដំណើរទាំងអស់ ប្រហែលជាស្លាប់នៅទីនោះ។
លោក Najib Razak និយាយថា ការវិភាគរកឃើញថា យន្តហោះ បានបាត់នៅក្នុងសមុទ្រឥណ្ឌាភាគខាងត្បូង ដែលជាគោលដៅចុងក្រោយ ហើយតំបន់នោះ ស្ថិតនៅភាគខាងលិចទីក្រុងរបស់អូស្ត្រាលី Perth ។ លោកបញ្ជាក់ថា វាជាភាពសោកសៅទីបំផុត និងសោកស្តាយសម្រាប់ គ្រួសារអ្នកធ្វើដំណើរ ហើយអ្វីដែលត្រូវតែជូនដំណឹងគឺថា យន្តហោះ MH370 ធ្លាក់ទៅក្នុងសមុទ្រឥណ្ឌា ភាគខាងត្បូង។
មានសារជាច្រើន ដែលផ្ញើទៅកាន់ក្រុមគ្រួសារ ជនរងគ្រោះ នៅថ្ងៃចន្ទនេះ ដែលសារព័ត៌មានBBC ចុះផ្សាយ សរសេរថា ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី សោកស្តាយជាពន់ពេក ដែលយើងត្រូវសន្មត់ពីក្រោយចម្ងល់នានា ដែលមានហេតុផលថា យន្តហោះ MH370 បានបាត់នៅសមុទ្រឥណ្ឌា ភាគខាងត្បូង ហើយពុំមានអ្នកនៅរស់ទេ។
យោងតាមព័ត៌មានផ្កាយរណបថ្មី លោកណាជីបបានប្រាប់សន្និសីទកាសែតមួយថា"វាគួរអោយសោកសៅ និងសោកស្តាយណាស់ដែលខ្ញុំត្រូវជូនដំណឹងដល់លោកអ្នកថា យន្តហោះជើងហោះហើរMH370បានបញ្ចប់ដំណើរនៅក្នុងមហាសមុទ្រឥណ្ឌាខាងត្បូង"។
ចំណែកក្រុមហ៊ុនអាកាសចរណ៍Malaysia Airlinesបានប្រាប់សាច់ញាតិអំពីព័ត៌មាននេះដោយជាសារអក្សរ។ សារបាននិយាយថា"ក្រុមហ៊ុនMalaysia Airlinesមានការសោកស្តាយជាខ្លាំងដែលយន្តហោះMH370បានបាត់បងនិងថាគ្មាននរណានៅក្នុងយន្តហោះនេះនៅមានជីវិតទេ"។
ព័ត៌មាននេះជាការទម្លុះទម្លាយអាថ៌កំបាំងនិងភាពទាល់ច្រកនៅក្នុងការខិតខំស្វែងរកអោយឃើញអ្វីបានកើតឡើងចំពោះយន្តហោះម៉ាឡេស៊ីដែលបានបាត់ខ្លួនជាមួយមនុស្ស២៣៩នាក់ចាប់តាំងពីថ្ងៃ៨មីនាមក។
លោកណាជីប បានស្លៀកពាក់ខ្មៅ និងបាននិយាយថា ព័ត៌មាននេះផ្អែកលើការវិភាគទិន្នន័យពីផ្កាយរណប។ តែទោះជាយ៉ាងណា គ្រួសារម៉ាឡេស៊ីជាច្រើននៅតែបដិសេធមិនព្រមទទួលយកការពិតដូចដែលនាយករដ្ឋមន្ត្រីរបស់គេបានអះអាង។
សាច់ញាតិជនរងគ្រោះម្នាក់បានសួរថា"តើនាយករដ្ឋមន្ត្រីនិយាយថាយន្តហោះធ្លាក់ក្នុងសមុទ្រឬ?"
នៅទីក្រុងប៉េកាំងឯណោះវិញ សាច់ញាតិរបស់អ្នកដំណើរក្នុងយន្តហោះដែលបាត់បានផ្ទុះកំហឹងដោយពួកគេចាប់បោកកៅអីក្នុងបន្ទប់សណ្ឋាគារក្នុងក្រុងប៉េកាំងមួយក្រោយពីទទួលដំណឹងថាមិនមាននរណាម្នាក់នៅក្នុងយន្តហោះនៅមានជីវិត។
ក្នុងពេលជាមួយគ្នា ការស្វែងរកយន្តហោះម៉ាឡេស៊ីដែលបាត់នៅតែបន្តធ្វើនៅតាមផ្លូវខាងជើងនិងខាងត្បូងនៃមហាសមុទ្រឥណ្ឌាតែរាល់មធ្យោបាយនឹងត្រូវបង្វែរទៅកាន់ផ្លូវខាងត្បូងប្រសិនបើកំទេចកំទីដែលគេបានរកឃើញនោះត្រូវបានបញ្ជាក់ថាជារបស់យន្តហោះដែលបាត់៕
 |
|
នៅក្រុងប៉េកាំង សាច់ញាតិជនរងគ្រោះយំបន្ទាប់ពីស្តាប់សន្និសីទកាសែតរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអំពីជោគវាសនាអ្នកនៅក្នុងយន្តហោះ
|
 |
| រូបភាពជនរងគ្រោះមួយចំនួនដែលបានបាត់បង់ជីវិតជាមួយយន្តហោះ MH370 |