ខេត្តកំពង់ឆ្នាំង ៖
បុរសម្នាក់បានស្លាប់នៅនឹងកន្លែង និង ៧នាក់ទៀត បានរងរបួសធ្ងន់ស្រាល នៅពេលត្រលប់មកពីហូបការ នាំគ្នាជិះរថយន្តទៅបុក រថយន្តមួយគ្រឿងទៀត ដែលឈប់ប្តូរកង់ នៅតាមបណ្តោយផ្លូវជាតិលេខ៥ កាលពី
វេលាម៉ោង ០១និង១០ នាទីរំលងអធ្រាត ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៤ នៅចន្លោះគីឡូម៉ែត្រលេខ ១១៤និង១១៥ ស្ថិតក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៍ ហើយសមត្ថកិច្ចបានសន្និដ្ឋានថា អ្នកបើកបរមានជាតិស្រវឹង ទើបបង្កឲ្យមានគ្រោះថ្នាក់បែបនេះ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក មីតស៊ុយប៊ី ស៊ីសាន់ថឺ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A.1421 បើកបរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏បានបែកកង់ ហើយម្ចាស់រថយន្ត បានឈប់អែបខាងស្តាំដៃ ដើម្បីប្តូរកង់ ដោយមានដាក់មែកឈើ និងកង់រថយន្ត ជាសញ្ញាផងដែរ។ ពេលនោះស្រាប់តែ មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយស្តារីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S.5150 បើកបរដោយឈ្មោះ សាវី លីមភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុករថយន្ត ដែលកំពុងឈប់ប្តូរកង់ពីក្រោយ យ៉ាងពេញទំហឹងតែម្តង។
ក្នុងហេតុការណ៍នោះ រថយន្តបង្កបានខូចខាត ខ្ទេចមួយកំណាត់មុខ ចំណែកអ្នកជិៈខាងមុខជាប់នឹងអ្នកបើកបរ ឈ្មោះ ផៃ វង់តាំ អាយុ ៣៤ឆ្នាំ ភេទប្រុស មានសញ្ជាតិវៀតណាម បានស្លាប់ក្នុងរថយន្ត និងអ្នកបើកបររងរបួសធ្ងន់ ហើយអ្នករួមដំណើរ ៦នាក់ទៀត បានរងរបួសធ្ងន់ស្រាលផងដែរ។ សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើករថយន្ត ដែលទៅបុកគូថរថយន្តគេពីក្រោយ គឺទើបត្រឡប់មកពីហូបការ នៅកំពង់ឆ្នាំង ហើយត្រឡប់ទៅឃុំឆ្នុកទ្រូវិញ ក៏ជួបគ្រោះថ្នាក់បែបនេះតែម្តង ហើយមន្ត្រីនគរបាលបានសន្ឋិដ្ឋានថា មកពីអ្នកបើកបរនោះស្រវឹង ។ ក្រោយពេលកើតហេតុ ជនរងគ្រោះខ្លះ ត្រូវបានគេដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត ខ្លះដឹកទៅពេទ្យប្រទេសវៀតណាម៕