រាជធានីភ្នំពេញ ៖
យ៉ាងហោចណាស់មនុស្ស២នាក់បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលមកពីរថយន្តទួរីស និងម៉ូតូ កាលពីវេលាម៉ោង១០និង
៤០នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ត្រង់ចំណុចមុខបណ្ណាល័យសម្តេចហ៊ុនសែន ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភព ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនពីរនាក់ជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ អត់ស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ លុះមកដល់កន្លែងកើតហេតុខាងលើ ត្រូវរថយន្ត ទួរីសមួយគ្រឿងបើកបុកយ៉ាងពេញទំហឹងបណ្តាលឱ្យយយុវជនម្នាក់របួសធ្ងន់ និងយុវជនម្នាក់ទៀតរបួសស្រាល ។ ភ្លាមៗនោះរថយន្តបង្កបានបន្ថែមល្បឿនគេចបាត់ស្រមោល។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវរថយន្តសាមុយ ទៅសង្គ្រោះនៅឯគ្លីនិកឯកជន ហើយម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាន៕