រាជធានីភ្នំពេញ ៖
ដោយសារខឹងប្តីចូលចិត្ត ដើរផឹកស៊ីជាប់ជាប្រចាំ មិនដែលគិតគូប្រពន្ធ កម្មការិនីម្នាក់តូចចិត្ត បានលេបថ្នាំប៉ុនប៉ងធ្វើអត្តឃាត បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨និង១០ នាទីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤
នៅចំណុចបន្ទប់ជួល ក្នុងភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ស្ត្រីដែលគិតខ្លីមានឈ្មោះ ស៊ិន ចាន់កែវ អាយុ ២២ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិកើតហេតុខាងលើ។ អ្នកជិតខាងបានឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះ ប្តីជាកម្មករសំណង់ តែជាកូនអ្នកមានជីវភាពធូរធា មួយថ្ងៃៗគិតតែពីដើរ ចាយវាយផឹកស៊ីស្រីញីនៅខាងក្រៅ រហូតយប់ជ្រៅទើបចូលផ្ទះ មិនតែប៉ុណ្ណោះពេលឪពុកម្តាយ ទិញម៉ូតូឲ្យមួយគ្រឿង បានតែមួយអាទិត្យ លក់ចាយអស់រលីង។
ស្ត្រីជាប្រពន្ធបាននិយាយណែនាំ តែប្តីមិនព្រមស្តាប់ មួយយប់ៗគិតតែ ពីដើរផឹកស៊ីក្រៅផ្ទះ ទើបនាងសំរេចចិត្ត លេបថ្នាំងងុយដេកអស់ ១២គ្រាប់ រួចបិទទ្វារបន្ទប់ ដេកបែកពពុះមាត់ រហូតដល់ម៉ោង ៨និង១០ នាទីយប់ ទើបប្តីត្រឡប់មកវិញ ឃើញប្រពន្ធមានអាការៈមិនស្រួល បានស្រែកផ្អើលអ្នកជិតខាង ឲ្យជួយដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ដើម្បីលាងក្រពះជម្រះជាតិពុល រួចរាល់ហើយ នៅតែមិនឃើញប្តី ត្រឡប់ទៅវិញនៅឡើយទេ ៕