រាជធានីភ្នំពេញ ៖
បុរស ២ ក្រុមបានចូលផឹកស៊ី ក្នុងហាងបៀរហ្គាឌិនយីហោ តន្ត្រីសួនមនោរម្យចំការដូង រហូតស្រវឹងបានឈ្លោះប្រកែកគ្នា រឿងដណ្តើមនារីម្នាក់ ដែលជាតារាចំរៀង ឲ្យទៅអង្គុយកំដរពួកគេ ហើយពេលត្រឡប់ទៅផ្ទះវិញ
ត្រូវគូជម្លោះដេញតាម វាយសន្លប់ម្នាក់។ ភ្លាមៗនោះសមត្ថកិច្ច ល្បាតក្នុងមូលដ្ឋាន ប្រទះឃើញក៏តាមឃាត់ខ្លួន ជនបង្កបាន ២នាក់ នៅក្បែរផ្សារថ្នល់បត់ តាមបណ្តោយផ្លូវលេខ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង ១២និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៤។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា ៣នាក់ ទៅអង្គុយផឹកស៊ីនៅក្នុងបៀរហ្គាឌិនខាងលើ ចំណែកជនបង្កមានគ្នា ៤នាក់ បានចូលផឹកស៊ីក្នុងហាងជាមួយគ្នា ប៉ុន្តែនារីជាអ្នកចំរៀង បានទៅអង្គុយតុ ជាមួយជនរងគ្រោះ ធ្វើឲ្យតុជនបង្កខឹង បានបោះពាក្យសម្តីថា អញស្គាល់នាងមុនឯងទៅទៀត ហេតុអីបានឯងហ៊ាន ទាក់ទងស្រីរបស់អញ ។ លុះពេលដល់ម៉ោង ១២អធ្រាត្រ ជនរងគ្រោះទាំង ២នាក់ បាននាំគ្នាដើរត្រឡប់ទៅផ្ទះវិញ បានប្រហែល ១៥០ម៉ែត្រ ដល់ក្បែរផ្សារថ្នល់បត់ ស្រាប់តែជនបង្កមានគ្នា ៤នាក់ ឃើញជនរងគ្រោះដើរតែម្នាក់ឯង បាននាំគ្នាព្រួតវាយ មួយដៃមួយជើងម្នាក់ រហូតដួលសន្លប់។
មួយសន្ទុះក្រោយមក ជនរងគ្រោះបានដឹងខ្លួនវិញ ត្រូវសមត្ថកិច្ចល្បាតមកដល់ ធ្វើការឃាត់ខ្លួនជនបង្ក បាន ២នាក់ ដែលត្រូវជាបងប្អូនជីដូនមួយ ចំណែក ២នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល ។ ជនរងគ្រោះមានឈ្មោះ សន សុផល ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ចំណែកជនបង្កទាំង ២នាក់ មានឈ្មោះ ញ៉ែម សារ៉ាន់ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករសំណង់ និងម្នាក់ទៀតឈ្មោះ វ៉ន ដា ភេទប្រុស អាយុ ១៨ឆ្នាំ ធ្វើការនិងស្នាក់នៅជាមួយគ្នា នៅភូមិជិតកន្លែងកើតហេតុ។
ស្ត្រីអ្នកចំរៀងឈ្មោះ តាន់ ឆាយ ហៅអានៅ អាយុ ២០ឆ្នាំ ជាអ្នកចម្រៀង ប្រចាំបៀរហ្គាឌិន តន្ត្រីសួនមនោរម្យចំការដូង ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានឲ្យដឹងថា ភ្ញៀវដែលចូលទៅផឹកស៊ី សុទ្ធជាសង្សាររបស់គេទាំងអស់ ព្រោះគេជាអ្នកចំរៀង ។ មុនពេលកើតហេតុ ជនបង្កបានហៅនាង ឲ្យតែអង្គុយតុជាមួយគេដែរ ប៉ុន្តែជនរងគ្រោះបានហៅឲ្យទៅអង្គុយមុន តែនាងមិនបានទៅអង្គុយកំដរ ធ្វើឲ្យមានការឈ្លោះប្រកែកគ្នានៅក្នុងហាងម្តងមកហើយ ទើបពេលចេញពីហាង កើតមានការវាយតប់គ្នាតែម្តង៕