ខេត្តបន្ទាយមានជ័យ ៖
កម្លាំងនគរបាលព្រហ្មទណ្ឌ ខេត្តបន្ទាយមានជ័យ បានដេញចាប់ឃាត់ខ្លួន ជនសង្ស័យបានម្នាក់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ បន្ទាប់ពីពួកគេបានចាប់ពង្រត់ នារីវ័យក្មេងម្នាក់នាំយក ទៅប៉ុនប៉ង
រំលោភបូក ហើយជនដៃដល់ និងបក្ខពួក ៤-៥ នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ២និង២៥ នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៤ នៅចំណុចភូមិព្រែកល្ពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។
សមត្ថកិច្ចបានឲ្យដឹងថា ពីដំបូងនៅវេលាម៉ោង ១០និង៣០ នាទីយប់ថ្ងៃទី១ ខែមីនា មាននារីវ័យក្មេង ២នាក់ គឺម្នាក់មានអាយុ ២៣ឆ្នាំ និងម្នាក់ទៀតមានអាយុ ២២ឆ្នាំ រស់នៅក្រុងសិរីសោភ័ណ បានចេញពីរាំនៅក្លឹបហ្គោលថោន ក្នុងភូមិ-ក្បាលស្ពាន សង្កាត់ព្រះពន្លា ដោយជិះម៉ូតូឌុបគ្នា។ ពេលនោះ ជនសង្ស័យឈ្មោះ ឈ្មោះ ប៊ិន ប៊នណារិទ្ធ ហៅ ប៉ង់ប្រែង ភេទប្រុស អាយុ ៣៤ឆ្នាំ លំនៅភូមិព្រែកល្ពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី និងបក្ខពួកឈ្មោះ យ៉យ រិទ្ធី ហៅកុយ អាយុ ១៧ឆ្នាំ បានជិះម៉ូតូ១គ្រឿង តាមជាប់ម៉ូតូនារីរងគ្រោះ។
ពេលទៅដល់ចំណុច អតីតរង្វង់មូលរូបហនុមាន ជនល្មើសបានបើកកៀរ នារីរងគ្រោះរួចនាំគ្នាចាប់នារី អាយុ ២៣ឆ្នាំ ដាក់ម៉ូតូពង្រត់ទៅផ្ទះ របស់ជនសង្ស័យ នៅព្រែកល្ពៅ ប៉ុនប៉ងរំលោភ។ ចំណែកនារីរងគ្រោះ អាយុ ២២ឆ្នាំ នៅនឹងម៉ូតូភ័យស្លន់ស្លោរ ហើយបានជិះម៉ូតូទៅប្ដឹងនគរបាលខេត្ត អោយជួយអន្តរាគមន៍។ ភ្លាមៗនោះកម្លាំងជំនាញ បានប្រដេញតាមជនសង្ស័យ ទៅដល់ផ្ទះចាប់បានជនសង្ស័យ ជាបក្ខពួកម្នាក់ឈ្មោះ យ៉យ រិទ្ធី ហៅកុយ អាយុ១៧ឆ្នាំ លំនៅភូមិព្រែកល្ពៅ។ នារីរងគ្រោះ បានប្រាប់ប៉ូលិសថា បក្ខពួកជនសង្ស័យមានគ្នា ៤-៥ នាក់ ហើយកុំតែបាន កម្លាំងនគរបាលអន្តរាគមន៍ទាន់ពេល កុំអីនាងត្រូវពួកគេចាប់រំលោភបូក យ៉ាងឃោរឃៅ អស់សាច់ជាមិនខាន៕