ខេតបន្ទាយមានជ័យ ៖
មនុស្ស៣នាក់ម្តាយនិងកូនទៅចាក់អង្ក្រងនៅតាមដងអូរព្រំដែន កម្ពុជា ថៃទាំងព្រឹកដើម្បីយកមកលក់ចញ្ចឹមជីវិត ខណៈដើរចាក់អង្ក្រងដោយមិនបានប្រុងប្រយ័ត្ន
ជាន់មីនផ្ទុះដាចដាច់ដៃ ជើងម្ខាង និងរងរបួសធ្ងន់។ ហេតុការភ្ញាក់ផ្អើលនេះនៅវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ នៅត្រង់ចំណុចតំបន់១ ស្ថិតនៅភូមិ ចក់ពួក ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
បើតាមប្រភពបានឲ្យដឹងថាម្តាយនិងកូននេះមានជីវភាពក្រីក្រ តែងតែដើរប៉ះបន្លែ និងរកជីកក្តាមខ្យង យកទៅលក់ដើម្បីចិញ្ចឹមអាយុជីវិតប្រចាំថ្ងៃ ទើបតែថ្ងៃនេះម្តាយ និងកូន បានទៅចាក់អង្ក្រងនៅតាមព្រៃ ឬតាមអូរព្រំដែនកម្ពុជា ថៃ អកុសលអ្វីបានជាព្រហ្មលិខិតធ្វើបែបនេះ ធ្វើឲ្យក្រុមគ្រួសារខាងលើនេះធ្លាក់បែបនេះទៅវិញ។
បើតាមប្រភពពីសមត្ថកិច្ចនគបាលការពារព្រំដែនគោកលេខ៩១១បានឲ្យដឹងថា ជនរងគ្រោះខាងលើនេះត្រូវជាម្តាយ និងកូនម្តាយមានឈ្មោះ អាន់ អាយុ២៨ឆ្នាំ រងបួសដាច់ជើងខាងឆ្វេង បាក់ជើងស្តាំ រងរបួសធ្ងន់ កូនប្រុសទី១, បាក់ ដាណៃ អាយុ៨ឆ្នាំរងរបួសធ្ងន់ធ្ងរ និងកូនប្រុសទី២ បាក់ ឆានី អាយុ១០ឆ្នាំ រងរបួសធ្ងន់ធ្ងរ ជនរងគ្រោះទាំង៣នាក់ រស់នៅភូមិឃុំកើតហេតុខាងលើនេះ។ ជនរងគ្រោះបានទៅចាក់អង្ក្រងនៅតាមព្រៃ និងមិនបានប្រុងប្រយ័ត្ន ជាន់មីនផ្ទុះប្រភេទJA៥៧-២៩ បណ្តាលឲ្យម្តាយនិងកូនរងរបួសធ្ងន់ធ្ងរទាំងអស់គ្នា។
ក្រោយពីកើតហេតុគេឃើញសមត្ថកិច្ចចុះត្រួតពិនិត្យ និងកំពុងស្រាវជ្រាវ និងបានបញ្ជូនជនរងគ្រោះខាងលើ តាមរយៈរថយន្តឯកជន ដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យ ប្រទេសថៃដើម្បីព្យាបាលជំងឺ៕