ខេត្តបាត់ដំបង ៖ បុរសសង្ស័យ៤នាក់បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋទើបសាងសង់មិនទាន់រួចដើម្បីលួចអីវ៉ាន់បានសម្រេចយកទៅបាត់តែដោយអ្នកយាមផ្ទះស្គាល់មុខជនសង្ស័យម្នាក់ប្តឹងនគរបាលឲ្យឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តនាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៤ ចាត់ការតាមផ្លូវច្បាប់ ។
ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនបានកាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ។ ហេតុការណ៍ គាស់ផ្ទះប្រព្រឹត្តចំនួន២លើកនៅថ្ងៃទី២១ និង២៦ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតក្រុមទី១៩ ក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារក្ រុងបាត់ដំបង ។
លោក ចាន់ រ៉ា អធិការរងក្រុងបាត់ដំបងបានឲ្យដឹងថា បុរសសង្ស័យទាំង៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានទី១-ឈ្មោះសុខ ផាន អាយុ២៩ឆ្នាំ ជាមេខ្លោងទើបចេញពីគុកនិងធ្លាប់ជាប់គុក៥ឆ្នាំពីបទលួចមានស្ថានទម្ងន់ទោស, ទី២-ឈ្មោះកែវ រ៉ាវុធ អាយុ២១ឆ្នាំ, ទី៣-ឈ្មោះចាន់ សុភាអាយុ៣៨ឆ្នាំ និងទី៤-ឈ្មោះវ៉េ សុភាព អាយុ២៨ឆ្នាំ ។ ទាំងបួននាក់រស់នៅផ្ទះជួលភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ជាមួយជនរងគ្រោះដែរ ។ វត្ថុតាងដែលដកហូតបានមានស្វានបុកចំនួន១ ។ ចំណែកជនរងគ្រោះមានឈ្មោះ ប៊ុត ស៊ីណា ភេទស្រី អាយុ៣៤ឆ្នាំរស់នៅភូមិ សង្កាត់ខាងលើ។
ជនរងគ្រោះបានមកប្តឹងសមត្ថកិច្ចថា កាលពីពេលជិតភ្លឺនៃថ្ងៃទី២១ ខែកុម្ភៈ មានចោរមួយក្រុមមិនដឹងមានគ្នាប៉ុន្មាននាក់ទេបានគាស់ធ្វើផ្ទះរបស់គាត់ដែលទើបសង់ថ្មីកម្ពស់៣ជាន់ធ្វើមិនទាន់រួចរាល់យកអស់ឥដ្ឋការ៉ូ៦០កេស ខ្សែភ្លើងថ្មី៣ដុំម៉ូទ័រស្វាន ម៉ូទ័រកាត់ការ៉ូនិងសម្ភារមួយចំនួន ។ លុះពេលទៀបថ្ងៃទី២៦ ខែកុម្ភៈ ក៍មានចោរមួយក្រុមគាស់ផ្ទះចូលទៅលួចយកសម្ភារសំណង់មួយចំនួនទៀត ប៉ុន្តែដោយអ្នកយាមភ្ញាក់ទាន់ក៍ស្រែកឆោឡោឡើងក្រុមចោរក៍ទម្លាក់ឥវ៉ាន់ចោលហើយរត់គេចខ្លួនបាត់ក្នុងនោះអ្នកយាមបានស្គាល់ជនសង្ស័យម្នាក់ឈ្មោះសុខ ផាន ។
ក្រុមបុរសសង្ស័យបានប្រាប់សមត្ថកិច្ចថាឈ្មោះ សុខ ផាន អាយុ២៩ឆ្នាំ ជាមេខ្លោងទើបចេញពីគុកនិងធ្លាប់ជាប់គុក៥ឆ្នាំពីបទលួចមានស្ថានទម្ងន់ទោសហើយសម្ភារៈគឺមិនដឹងទេ ។
លោក ចាន់ រ៉ា អធិការរងក្រុងបានបញ្ជាក់ថា ក្រោយទទួលបណ្តឹងជនរងគ្រោះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ហើយឃាត់ជនសង្ស័យកំពង់តែកាន់វត្ថុតាងស្វានបុកជាក់ស្តែងបានតែម្តង ។ ទោះបីជាជនសង្ស័យមិនព្រមឆ្លើយសារភាពក៍ដោយ ប៉ុន្តែយោងទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះនិងវត្ថុតាងដែលដកហូតបានជារបស់ស្ត្រីរងគ្រោះពិតមែនសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តនៅរសៀលថ្ងៃទី១ ខែមិនា ឆ្នាំ២០១៤ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕