គេតែងគិតថា អ្នកដែលជិះម៉ូតូធំ ហើយនិយមបើកលឿន នឹងប្រឈមគ្រោះថ្នាក់ខ្ពស់ ជាង
អ្នកជិះម៉ូតូធម្មតា។
តែមិនប្រាកដដូចអ្វីដែលមនុស្សទូទៅគិតនោះទេ អ្នកជិះម៉ូតូធំ
និងកម្លាំងម៉ាស៊ីនខ្លាំង ត្រូវគេសង្កេតឃើញថា
មិនសូវរងរបួសទៅវិញ
ដោយសារមានអាថ៌កំបាំងមួយនៅពីក្រោយនៃការជិះម៉ូតូប្រភេទនេះ។
យុវជន
យួស វិបុល អាយុ២៣ឆ្នាំ ជាងជួសជុលម៉ូតូនៅផ្លូវ៣១០
ក្នុងរាជធានីភ្នំពេញ តែងសង្កេតឃើញថា៖ “ពួកអ្នកជិះម៉ូតូធំ
និងបើកលឿនៗ កម្រឃើញមានគ្រោះថ្នាក់ណាស់។ ផ្ទុយទៅវិញ
ខ្ញុំសង្កេតឃើញតែអ្នកជិះម៉ូតូធម្មតាៗទៅវិញទេ ដែលឧស្សាហ៍មានបញ្ហាស្ទើររាល់ថ្ងៃ”។
ប៉ុន្តែ
យុវជន សួង ចំណាន អាយុ២៤ឆ្នាំ
បុគ្គលិកផ្នែកលក់នៃហាងលក់ទូរសព្ទដៃនីកា បែរជាគិតថា
អ្នកដែលជិះម៉ូតូធំ ហើយបើកលឿនៗបែបហ្នឹង បើសិនជាដួល
ច្បាស់ជារងរបួសខ្លាំង ជាងអ្នកជិះម៉ូតូតូចៗធម្មតាមិនខាន
ព្រោះម៉ូតូធំទាំងនោះមានកម្លាំងម៉ាស៊ីនខ្លាំង។
ចំណាន
បន្តថា៖ “អ្នកដែលបើកបរម៉ូតូធំភាគច្រើន
ចូលចិត្តបើកលឿនខ្លាំងណាស់ ដូច្នោះបើដួល
ឬក៏មានបញ្ហាគ្រោះថ្នាក់អ្វីមួយ ប្រាកដជាមិនសល់សាច់ទេមើលទៅនោះ”។
លោក ប៉ាងយួង ថាមពល សមាជិកនៃក្រុមម៉ូតូធំ KSB
យុវជន
ជ័យ សុវណ្ណ
បុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយក្នុងរាជធានីភ្នំពេញ
ក៏លើកឡើងស្រដៀងគ្នានេះដែរថា អ្នកដែលជិះម៉ូតូធំ
មិនសូវរងរបួស គឺដោយសារពួកគាត់ជិះតែក្នុងក្រុង
ដែលភាគច្រើនផ្លូវចង្អៀត កម្រជួបគ្រោះថ្នាក់។
“បើសិនជាជិះលឿនតាមកម្លាំងម៉ូតូ ឬក៏ទៅផ្លូវតាមខេត្តវិញ
មិនប្រាកដថាមានសុវត្ថិភាពនោះទេ”។ នេះជាការបញ្ជាក់បន្ថែមរបស់
យុវជន សុវណ្ណ។
សមាជិកនៃក្រុមម៉ូតូធំ KSB (Khmer Sport Bike)
លោក ប៉ាងយួង ថាមពល អាយុ២៨ឆ្នាំ ដែលសព្វថ្ងៃមានម៉ូតូធំ
កម្លាំងរហូតដល់ ១០០០CC ឯណោះ បានឲ្យដឹងថា
បញ្ហាដែលក្រុមរបស់លោកមិនសូវជួបគ្រោះថ្នាក់ចរាចរណ៍ គឺដោយសារ
“សមាជិកក្រុមម៉ូតូធំរបស់ខ្ញុំសុទ្ធតែបានយល់ដឹងច្បាស់ពីការ
បញ្ជាម៉ូតូធំនេះ មិនមែនចេះតែជិះលឿនតាមកម្លាំងម៉ូតូនោះទេ”។
លោក
បន្ថែមថា សមាជិកនៃក្រុមម៉ូតូធំរបស់លោក
ក៏មិនមែនបើកតែក្នុងក្រុងដែរ។ ជារៀងរាល់ខែ
ក្រុមរបស់លោកតែងតែនាំគ្នាធ្វើដំណើរកម្សាន្តទៅកាន់ខេត្ត
ផ្សេងៗ ប៉ុន្តែមិនដែលជួបនឹងគ្រោះថ្នាក់ចរាចរណ៍ឡើយ។
សមាជិកនៃក្រុមម៉ូតូធំរូបនេះបញ្ជាក់បន្ថែមថា៖ “ពួកយើងតែងតែមានការប្រុងប្រយ័ត្នជានិច្ច ហើយសម្ភារៈដែលយកមកប្រើប្រាស់សម្រាប់ការពារខ្លួន សុទ្ធតែត្រូវតាមស្តង់ដារ ទាំងមួកសុវត្ថិភាព ស្បែកជើង ស្រោមដៃ និងខោអាវការពារជាដើម។ ចំណែកប្រព័ន្ធហ្រ្វាំងរបស់ម៉ូតូពួកយើង អាចរក្សាលំនឹងម៉ូតូទាន់សភាពការណ៍ ជាងម៉ូតូធម្មតា នៅពេលដែលជួបគ្រោះថ្នាក់ជាយថាហេតុ”៕