រាជធានីភ្នំពេញ ៖
បុរសម្នាក់មានឈ្មោះ គ្រុយ មាន អាយុ ៣៥ឆ្នាំ មានឋានន្តរស័ក្តិវរសេនីយត្រី ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ៤៨៨ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលគេអះអាងថា ជាអង្គរក្សអ្នកឧកញ៉ា គិត ម៉េង បាន
យកកាំភ្លើង ខ្លីម៉ាកឡុកបាញ់មេឃចំនួន ៥ទៅ៦ គ្រាប់ ដើម្បីស្រាយកំហឹង ខណៈដែលខ្លួនមកពីធ្វើការ មិនឃើញប្រពន្ធនៅផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៣និង១៥ នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ ហើយក៏ត្រូវ សមត្ថកិច្ច ឃាត់ខ្លួនភ្លាមៗផងដែរ ។
ជនបាញ់បោះសេរីឈ្មោះ គ្រុយ មាន បានសារភាពថា គាត់មិនមានគំនិតចង់បាញ់បោះអ្វីទេ ប៉ុន្តែដោយខឹងប្រពន្ធរបស់ខ្លួន ដើរលេងមិនចូលផ្ទះ រហូតដល់ទៀបភ្លឺ ទើបធ្វើឲ្យគាត់មានកំហឹង ក៏ទូរសព្ទ័ទៅអ្នកជិតខាងម្នាក់ ដែលគេហៅឈ្មោះ ម៉ែ កញ្ចនា ពីព្រោះប្រពន្ធគេដើរជាមួយស្រី្តឈ្មោះ ម៉ែ កញ្ចនា នេះ ។ ពីដំបូង ម៉ែកញ្ចនា បានលើកទូរស័ព្ទ ប្រាប់ថា ប្រពន្ធនៅជាមួយគាត់ ជិតត្រឡប់ទៅផ្ទះឥឡូវហើយ ប្រមាណ ១៥នាទី ក្រោយមកមិនឃើញ ក៏ទូរស័ព្ទទៅ ម៉ែកញ្ចនា ម្តងទៀត តែម្ពេលនោះទូរស័ព្ទចូលហើយ មិនមានអ្នកទទួល ក៏មានចិត្តខឹង ដកកាំភ្លើងខ្លីពីចង្កេះ បាញ់មេឃដើម្បីបន្ធូរកំហឹងតែម្តង។ ទោះបីជាមានការសារភាព ដោះសាយ៉ាងណាក៏ដោយ ច្បាប់ប្រើប្រាស់អាវុធ មិនចេះតែបាញ់ផ្តេសផ្តាស់នោះទេ បើទោះបីខឹង ឬចង់ស្រាយកំហឹង ជាមួយអ្នកណាក៏ដោយ៕