កំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមកសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ក្រោយពីរូបគេបានទិញថ្នាំកណ្តុរផឹកអស់១កញ្ចប់ប៉ងសម្លាប់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិសំរិតជ័យ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ស្ត្រីឈ្មោះ សួស សុខម៉េន អាយុ៤៨ឆ្នាំ ជាម្តាយរបស់បុរសប៉ងធ្វើអត្តឃាតបានឲ្យដឹងថាកូនប្រុសរបស់គាត់មានឈ្មោះ ជួប សារ៉ាន់ អាយុ២៣ឆ្នាំ មានប្រពន្ធឈ្មោះ ម៉ុម រស់នៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ទើបការប្រពន្ធបាន៤ខែ។ នៅមុនពេលកើតហេតុប្រហែលជាគេមានទំនាស់ជាមួយប្រពន្ធ ហើយគេបានមករស់នៅជាមួយ គាត់ជាម្តាយរយៈពេល៤ថ្ងៃមកហើយ ដេកសញ្ជប់សញ្ជឹងមិនព្រមហូបបាយទឹកអ្វីឡើយ។ នៅព្រឹកថ្ងៃទី២៤ ខែមីនានេះ គេបានសុំលុយគាត់១ម៉ឺនរៀល ហើយបានធ្វើដំណើរ ឆ្លងទន្លេ ទៅផ្ទះម្តាយមីងនៅភូមិសំរិតជ័យ។
ក្រោយពេលកើតហេតុទើបគាត់ដឹងថា កូនគាត់បានយកលុយនោះ យកទៅទិញថ្នាំកណ្តុរផឹកសម្លាប់ខ្លួននៅឯផ្ទះម្តាយមីងរបស់គេ។ បន្ទាប់មករូបគេត្រូវបានម្តាយនិងសាច់ញាតិដឹកបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដើម្បីសង្គ្រោះជីវិត។ ករណីនេះគាត់ជាម្តាយមិនបានដឹងច្បាស់ថាកូនគាត់និងកូនប្រសា មានទំនាស់គ្នារឿងអ្វីច្បាស់លាស់នោះទេ ហើយពេលនេះប្រពន្ធរបស់គេក៏មិនបានដឹងថាប្តីខ្លួនបានផឹកថ្នាំសម្លាប់ខ្លួនបែបនេះដែរ។
នៅម៉ោង៣និង៣០នាទីថ្ងៃដដែល នៅក្រោយអាគារសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង គេពិនិត្យឃើញក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់ជួយសង្គ្រោះយ៉ាងមមាញឹកដើម្បីស្រោចស្រង់ជីវិតបុរសរូបនោះឡើងវិញ ប៉ុន្តែលទ្ធផលសង្គ្រោះយ៉ាងណានោះមិនទាន់ទេ ព្រោះគ្រូពេទ្យត្រូវការតាមដានបន្តទៀត៕

