ភ្នំពេញ ៖ កម្មករ-កម្មការិនីរោងចក្រមូនប្រមាណពី៥០ទៅ៦០នាក់បានប្រមូលផ្តុំគ្នាតវ៉ា និងដុតកង់រថយន្ត ទាំងព្រឹក ព្រលឹម ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤នេះ នៅខាងមុខរោងចក្រ ដែលមានទីតាំង តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ ប្រជាពលរដ្ឋ ស្មានតែមានករណី អគ្គិភ័យកើតឡើង ។
ប្រភពព័ត៌មានបានឲ្យដឹងថា ការប្រមូលផ្តុំគ្នាតវ៉ារបស់មានកម្មករ កម្មការិនី ទាំងព្រឹកនេះ ដឹកនាំ ដោយ សហជីព ស្មារតី កម្មករខ្មែរ លោក មុំ សៀក ជាប្រធាន ធ្វើដើម្បីនូវប្រយោជន៍ របស់ខ្លួន ទាមទារនូវលក្ខខណ្ឌ ១៧ចំណុច ដែលកន្លងមក ទាមទារឲ្យភាគីខាងរោងចក្រ មានដំណោះស្រាយ ដែលអូសបន្លាយ អស់រយះពេល ២៦ថ្ងៃមកហើយ ។ ក្នុងនោះ អ្វី ដែល សំខាន់ ការទាមទារ កម្មករចំនួន ៣នាក់ ឲ្យចូលធ្វើការវិញ បន្ទាប់ពី រោងចក្របាន បញ្ឈប់ពួកគាត់ ។
ប្រភពបានបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយ កម្មករ៣នាក់ ដែលគេទាមទារនោះ ត្រូវរោងចក្រ បញ្ឈប់បន្ទាប់ពី បញ្ចប់ នូវកិច្ចសន្យា ភាគីខាងរោងចក្រ ប្រកាន់នូវជំហរ ដាច់ខាតមិនយក កម្មករទាំង៣នាក់ ដែលមាន ១- ឈ្មោះ ម៉េង ម៉ុន ភេទប្រុស អាយុ៣៤ឆ្នាំ ២-ឈ្មោះ ខឹម រីតា ភេទស្រី អាយុ២៣ឆ្នាំ ៣-ឈ្មោះ ម៉េង សាវ៉ាត ភេទស្រី អាយុ២៨ឆ្នាំ ចូល ធ្វើការវិញទេ ។
ក្រោយការតវ៉ា និងការក្រោយការរំសាយ របស់ក្រុមកម្មករ រួចមក នៅវេលាម៉ោង ប្រមាណ ៨ព្រឹកថ្ងៃដដែលនេះ លោក ជា សុខហៀង ចៅក្រម សាលាដំបូង រាជធានីភ្នំពេញ រួមជាមួយលោក អភិបាលរង ខណ្ឌពោធិ៍សែនជ័យ និងមន្រ្តី ពាក់ ព័ន្ធ ជាច្រើនរូបទៀត អញ្ជើញមកអានដីការបង្គាប់ លេខ០៦ណ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ ដោយទី១- បង្គាប់ ឲ្យ កម្មកររោងចក្រ រោងចក្រខាងលើ បញ្ឈប់នូវសកម្មភាព ធ្វើបាតុកម្មក កូដកម្ម ក្នុងរយះ ពេល៤៨ម៉ោង ចាប់ ពីទទួល បានដីកា បង្គាប់រួចមក ទី២- បញ្ឈប់សកម្មភាពដាក់មេក្រូ និងឧបលរណ៍បំពង សំឡេង នៅមុខរោងចក្រ ខាងលើ ទី៣- មិនអនុញាតឲ្យកម្មករចំនួន៣នាក់ ដូចមានឈ្មោះខាងលើ ចូលបំរើការងារ នៅក្នុងរោងចក្រ មូន ជាបណ្តោះអាសន្ន ។
ប្រភពបានបញ្ជាក់ថា ក្រោយអានដីការបស់ចៅក្រម រួចមក ក្រុមកម្មករ ប្រមាណ ៩០ភាគរយ បានត្រឡប់ចូលធ្វើការ ដូចធម្មតាវិញ៕
