ភ្នំពេញ : ជនសង្ស័យម្នាក់ មុខរបរជាសិស្ស
ត្រូវបានកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ
សហការជាមួយ កម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន កាលពីវេលាម៉ោង ៦និង៣០
នាទីល្ងាច ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៤ នៅមុខវិទ្យាល័យ ជម្ពូវ័ន្ត
សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ការឃាត់ខ្លួនជនសង្ស័យរូបនេះ កម្លាំងសមត្ថកិច្ចបានអនុវត្តន៍
តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមសើុបសួរ ចាំង ស៊ីណាត កាលពីថ្ងៃទី២៩
ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយចោទប្រកាន់ ពីបទហិង្សាដោយចេតនា មានស្ថាន ទម្ងន់ទោស
។
មន្រ្តីនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា
ជនសង្ស័យរូបនេះឈ្មោះ នួន សីហា ហៅ អ៊ូក អាយុ ១៧ឆ្នាំ មុខរបរជា សិស្ស
មានស្រុកកំណើត នៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល
និងបច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុមទី៤ ភូមិព្រៃព្រីងខាងជើង
សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
មន្រ្តីនគរបាលដដែល បានបន្តទៀតថា ជនសង្ស័យរូបនេះ
ត្រូវជាប់ចោទពីបទវាយមិត្តភក្តិរបស់ខ្លួន ស្ថិត នៅមុខផ្ទះជួល កាលពីថ្ងៃទី២៥
ខែកក្កដា ឆ្នាំ២០១២កន្លងទៅ ។ មន្រ្តីនគរបាលបានបន្តថា ក្រោយ
មានដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមរួចមក លោក អេង សោភា នាយការិយាល័យ
បានសុំការណែនាំ ពីលោកស្នងការរង ជួន ណារិន្ទ ធ្វើការស្រាវជ្រាវ
ហើយឈានទៅដល់ការចាប់ខ្លួនតែម្តង ដើម្បីបញ្ជូន និងកសាងសំណុំរឿងទៅតុលាការ ៕