ភ្នំពេញ: ជំងឺរបស់លោកព្រឹទ្ធាចារ្យផ្លុង មឿក អ្នកចម្រៀងអាយ៉ៃ
យីកេ និងកំប្លែង បានធូរស្រាលបន្តិច បន្ទាប់ពីបានទទួលទានថ្នាំពេទ្យ
តាមវេជ្ជបញ្ជា ដែលឧបត្តម្ភដោយលោកកែប ជុតិមា
តំណាងរាស្ត្រមណ្ឌលភ្នំពេញ រយៈពេលមួយសប្តាហ៍រួចមក។ តែពេលនេះ
គាត់បានបោះបង់ចោល ការទទួលទានថ្នាំនោះហើយ និងមានអារម្មណ៍ដឹងថា
ឈឺជើងខ្លាំង។
ស្ត្រីឈ្មោះ ផ្លុង ចំណាប់ ត្រូវជាកូនរបស់លោកតាផ្លុង មឿក
បាននិយាយឲ្យដឹង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ថា ចាប់តាំងពីលោកកែប
ជុតិមា មកសួរសុខទុក្ខ និងផ្តល់ថ្នាំពេទ្យឲ្យគាត់ (ផ្លុង មឿក)
លេបតាមវេជ្ជបញ្ជាមួយរយៈមក ឃើញថា ជំងឺរបស់គាត់បានធូរស្រាល
លែងវង្វេងវង្វាន់ភាគច្រើន និយាយដឹងខុសត្រូវ។ កាលពីមិនទាន់ប្រើថ្នាំ
គាត់ស្តាប់យើង (ផ្លុង ចំណាប់) និយាយបាន តែគាត់និយាយមកវិញ
មិនដឹងទិសតំបន់អ្វីទេ។
ផ្លុង ចំណាប់ កូនស្រីរបស់លោកព្រឹទ្ធាចារ្យ ផ្លុង មឿក
និយាយឲ្យដឹងទៀតថា ពេលនេះ គាត់និយាយដឹងខុសត្រូវ
តែស្រកសាច់ជាងមុនបន្តិច ។
នៅយប់ខ្លះ គាត់មិនសម្រានសោះ ក៏មានដែរ។ ពីមុន គាត់អត់ដឹងថា
ខ្លួនគាត់ឈឺអ្វីពិតប្រាកដទេ តែចាប់តាំងពីបានប្រើថ្នាំមក
គាត់អាចដើរបាន ដោយមានអ្នកគ្រៀរ ទើបដឹងប្រាកដថា
គាត់មានជំងឺជើងធ្ងន់ធ្ងរ ដែលពេលនេះមិន ទាន់បានទៅឲ្យពេទ្យ
ពិនិត្យនិងព្យាបាលនៅឡើយទេ។
កូនស្រីរបស់សិល្បៈករជើងចាស់ខាងលើ បានឲ្យដឹងទៀតថា នៅថ្ងៃនេះ
គាត់លែងទទួលទានថ្នាំពេទ្យ នោះទៀតហើយ ទោះបីជាលួងលោមយ៉ាងណា
ក៏មិនព្រមហូបដែរ។ គាត់ថា ពេលលេបទៅ ធ្វើឲ្យគាត់ដេកមិនលក់
និងមានអារម្មណ៍ធេងធោង ពិបាកទ្រាំខ្លាំងណាស់។ មួយថ្ងៃៗ
គាត់នៅមិនស្ងៀមទេ ចេះតែចង់ទៅនេះទៅនេះ និងព្យាយាមច្រៀងអាយ៉ៃ
បទនមសិកា ដែលជាបទគាត់ធ្លាប់ច្រៀង តែច្រៀងមិនត្រូវ
ធ្វើឲ្យគាត់កាន់តែមួរម៉ៅ។ គាត់ចេះតែនិយាយថា ចង់ជួបសម្តេច ហ៊ុន
សែន។
លោកព្រឹទ្ធាចារ្យ ផ្លុង មឿក អ្នកចម្រៀងអាយ៉ៃ យីកេ និងកំប្លែង
មានអាយុ ៧៨ ឆ្នាំ បើតាមការអះអាងរបស់កូនស្រីថា
គាត់បានធ្លាក់ខ្លួនឈឺ មិនអាចដើរបាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤
ចូលសម្រាកពេទ្យបានដប់ថ្ងៃ ក៏ចេញមកសម្រាកនៅផ្ទះវិញ ដោយមានសិល្បករ
និងសប្បុរសជន មកសួរសុខទុក្ខ និងមានការឧបត្ថម្ភ ជាបន្តបន្ទាប់។
ជីវភាពរបស់គាត់ មិនធូរធារទេ កូនខ្លះបានបញ្ចាំម៉ូតូ
ដើម្បីបានប្រាក់ មើលថែគាត់ នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ
ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
រំលឹកឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ ដែលជាថ្ងៃបុណ្យ នៃ
សេចក្តីស្រឡាញ់ លោកកែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញ ចូលនិវត្ត
និងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានអញ្ជើញសួរសុខទុក្ខ
លោកព្រឹទ្ធាចារ្យ ផ្លុង មឿក សិស្បករជើងចាស់អាយ៉ៃយីកេ និងកំប្លែង
ដែលកំពុងសម្រាកព្យាបាលជំងឺ នៅផ្ទះរបស់គាត់ ក្នុងភូមិដំណាក់ត្រយឹង
សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដោយបានផ្តល់ប្រាក់ឧបត្តម្ភ
ចំនួនពីរលានរៀល។
តាមការឲ្យដឹងពីវេជ្ជជបណ្ឌិត នៅមន្ទីរពេទ្យកាលម៉ែតថា
លោកតាផ្លុង មឿក មានជំងឺប្រព័ន្ធប្រសាទ វង្វេងរង្វាន់ធ្ងន់ធ្ងរ
និយាយស្តីមិនដឹងអី។ ក្រុមគ្រួសាររបស់គាត់ មានជំនឿលើ
អារុក្ខអារក្សអ្នកតា និងមិនព្រមលេបថ្នាំពេទ្យ។
នៅក្នុងឱកាសសួរសុទ្ខនោះ លោកកែប ជុតិមា បានប្រាប់លោកតាថា
បើលោកតាចង់ជួបសម្តេច ហ៊ុន សែន លោកតាត្រូវលេបថ្នាំជាប្រចាំ
នោះលោកតាបានជា នឹងបានជួបសម្តេចហើយ។
ក្រៅពីការឧបត្ថម្ភ ប្រាក់ពីរលានរៀល លោកកែប ជុតិមា នៅបានទិញថ្នាំ
តាមវេជ្ជបញ្ជា គ្រូពេទ្យផ្នែកប្រព័ន្ធប្រសាទ នៃមន្ទីរពេទ្យកាល់ម៉ែត
ឧបត្តម្ភជូនលោកតា ទទួលទានរហូតជំងឺ បានធូរស្រាលបន្តិច។ លោកកែប
ជុតិមា សន្យាថា នឹងត្រឡប់ទៅសួរសុខទុក្ខ លោកតាផ្លុង មឿក ម្តងទៀត
ដោយអាចនាំគ្រូពេទ្យ ទៅពិនិត្យជំងឺដល់ផ្ទះលោកតាតែម្តង៕