ខេត្តកណ្តាល ៖ កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើផ្នែក និងសង្កាត់កៀនស្វាយ បានរកឃើញឈើគ្រញូងជិត១៦២ដុំ ដែលឈ្មួញ ដឹកច្រកក្នុងថង់យកមកលាក់ទុកកប់ក្នុងដីមាត់ទន្លេ ដោយមានដាក់សំរាមពីលើ ដើម្បីបំភ័ន្ត ភ្នែកសមត្ថកិច្ច និងមួយផ្នែកទៀតដាក់នៅក្នុងទ្រុងជ្រូកដែលគេបោះបង់ចោល ដោយមានគ្របកម្ទេចកម្ទីពីលើផងដែរ ។
ករណីបង្ក្រាបឈើគ្រញូងនេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ វេលាម៉ោង៩និង ៣០នាទីព្រឹក នៅចំណុចភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ដោយឈ្មួញដឹកយកមកលាក់ទុកនៅខាងក្រោយដីឈ្មោះ ជឹង ឆៃសាយ ភេទស្រី អាយុ៤៣ឆ្នាំ គឺកប់ នៅក្នុងដីមាត់ទន្លេជម្រៅជិត១ម៉ែត្រ និងមួយផ្នែកទៀតដាក់នៅក្នុងទ្រុងជ្រូកជាប់ដីរបស់ឈ្មោះ ជឹង ឆៃសាយ ។
សមាសភាពដឹកនាំបង្ក្រាបឈើគ្រូញូង រួមមាន ទិត្យ វង្ស នាយការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល, លោក រស់ ចន្ថា អធិការនគរបាលស្រុកលើកដែក, លោក អ៊ី សុភី នាយសង្កាត់រដ្ឋបាលព្រៃឈើកៀនស្វាយ ដែលគ្រប់គ្រងដែនរដ្ឋ បាល៣ស្រុក រួមមានស្រុកកៀនស្វាយ ស្រុកល្វាឯម និងស្រុកលើកដែក, កងរាជអាវុធហត្ថ ស្រុកលើកដែក, យោធាស្រុក ។ ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចរកឃើញឈើ គ្រញូងប្រភេទលេខ១ចំនួន១៦២ដុំធំៗ
ស្មើនឹង១.៩៩០គីឡូក្រាម
ដែលឈើខ្លះមានដំដែកគោល និងឈើខ្លះទៀតមានវ៉ៃអក្សរ ML និងឈើមួយចំនួនទៀតមានសញ្ញាសម្គាល់ ។
ពាក់ព័ន្ធនឹងការបង្ក្រាបឈើគ្រញូងដែលឈ្មួញកប់ក្នុងដី និងលាក់ទុកក្នុងទ្រុងជ្រូកនេះដែរ សមត្ថកិច្ចចម្រុះបានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានជន គួរឲ្យសង្ស័យចូលមកទីតាំងកប់ឈើនៅពេលយប់ សមត្ថកិច្ចក៏បានដាក់កម្លាំងតាមដាន ហើយឈានដល់ការរកឃើញឈើគ្រញូងជាច្រើនដុំដែលបម្រុងនាំទៅកាន់ប្រទេសវៀតណាម ហើយឈើនេះគឺជារបស់កូនឧកញ៉ាម្នាក់នៅតំបន់អ្នកលឿង ដោយសហការជាមួយឈ្មោះ ថា ជាឈ្មូញនៅភ្នំពេញដឹកយកមកលាក់ទុកបំណងនាំចេញ តែត្រូវសមត្ថកិច្ចចម្រុះបង្ក្រាបបាន។
លោក អ៊ី សុភី នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកកៀនស្វាយ បានឲ្យដឹងថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចទទួលបានព័ត៌មាន កម្លាំងចម្រុះក៏បានឆ្លងយោបល់ទៅព្រះរាជអាជ្ញា ហើយឈាន ដល់ការចុះបង្ក្រាបជាក់ស្តែង រកឃើញឈើគ្រញូងជាច្រើនដុំ ហើយឈើគ្រញូងនេះនឹងធ្វើ កំណត់បញ្ជូនយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកណ្តាលបណ្តោះអាសន្ន ដើម្បីចាត់ការបន្តតាមនីតិវិធី ។
សូមបញ្ជាក់ថា ម្ចាស់ឈើដែលសមត្ថកិច្ចបង្ក្រាបរឹបអូសខាងលើនេះ មិនត្រូវបានស្គាល់អត្ត សញ្ញាណនោះទេ ៕