ខេត្ដកំពង់ចាម ៖ ប៉ុន្មានថ្ងៃកន្លងទៅនេះជំងឺគ្រុនផ្ដាសាយបក្សី H5N1 បានផ្ទុះឡើងនៅកសិដ្ឋានចិញ្ចឹមទា២គ្រួសារ ស្ថិតនៅក្នុងភូមិស្វាយព្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្ដកំពង់ចាម ប៉ុន្ដែបើ តាមមន្ដ្រីជំនាញមន្ទីរកសិកម្មខេត្ដ កំពង់ចាមឱ្យដឹងថា ការផ្ទុះឡើងនូវជំងឺ គ្រុនផ្ដាសាយបក្សី H5N1 នេះរហូតមក ដល់ថ្ងៃទី១១-១២ មិនទាន់មានឆ្លងទៅ លើមនុស្សនោះទេ ។
ទាក់ទិននឹងករណីនេះលោកនង ម៉េង ហ៊ាង ប្រធានការិយាល័យផលិតកម្មនិង បសុព្យាបាលនៃមន្ទីរកសិកម្មខេត្ដបាន ឱ្យដឹងថា កសិដ្ឋានចិញ្ចឹមសត្វទាចំនួន ២កន្លែងដែលផ្ទុះជំងឺផ្ដាសាយបក្សី H5N1 នេះទី១ជាកសិដ្ឋានចិញ្ចឹមសត្វទា របស់ឈ្មោះញឹប ស្រ៊ន់ ភេទប្រុស អាយុ ២៥ឆ្នាំ និងទី២-ឈ្មោះខុន ញ៉ ភេទប្រុស អាយុ៣៥ឆ្នាំ ។ កសិដ្ឋានលោកញឹប ស្រ៊ន់ មានសត្វទាសរុប២.៧៥០ក្បាល ហើយបានឈឺងាប់១៩២ក្បាល ។ លុះដល់ថ្ងៃ៨-១១ ខែកុម្ភៈ ឆ្នាំ២០១៤ឈឺ ងាប់រហូតដល់១.៨៥០ក្បាល ហើយទា ចំនួន៥ក្បាលរតូវបានយកទៅពិនិត្យនៅ វិទ្យាស្ថានស្រាវជ្រាវបសុពេទ្យឃើញថា ពិតជាមានផ្ទុកវិរុសH5N1 នេះមែន ។
ចំណែកកសិដ្ឋានចិញ្ចឹមទារបស់ ឈ្មោះ ខុន ញ៉ មានសត្វទាចំនួន២.៥០០ក្បាលឈឺងាប់អស់ចំនួន២.៣០០ក្បាល ហើយចាប់ពីថ្ងៃទី៨-១១ ខែកុម្ភៈ បានឈឺងាប់បន្ដទៀតអស់ចំនួន១២៤ ក្បាល ហើយមន្ដ្រីបានយកទៅពិនិត្យស្រាវ ជ្រាវនៅវិទ្យាស្ថានបសុពេទ្យឃើញថា មានវិរុសH5N1 ដូចគ្នានេះដែរ ។ បន្ទាប់ពីរកឃើញវិរុសH5N1 សត្វទា សរុប៥.២៥០ក្បាលត្រូវបានដុតកម្ទេចចោល ។
យោងតាមរបាយការណ៍លោកគឹម សាវឿន ប្រធានមន្ទីរកសិកម្មខេត្ដកំពង់ចាម ចុះថ្ងៃទី១០ ខែកុម្ភៈ ឱ្យដឹងថា បក្សីនៅក្នុងស្រុកបាធាយមានទាសរុប១៦០. ៣៧៧ក្បាល និងមានមាន់សរុប ៦៥. ៩០៧ក្បាល ហើយនឹងមានកសិដ្ឋានចិញ្ចឹមទាចំនួន៣៣កន្លែង ។ ក្នុងនោះ ភូមិសណ្ដែកមានមាន់សរុបចំនួន ៧.១៦៨ក្បាល និងទាចំនួន៣៣.៨៥៥ ក្បាល ។ ចំណែកនៅក្នុងភូមិស្វាយព្រៃ ឃុំសណ្ដែក ស្រុកបាធាយដែលជាកន្លែង ផ្ទុះជំងឺវិញ មានកសិករប្រមាណ១៩ គ្រួសារបាននិងកំពុងចិញ្ចឹមទាសរុប ចំនួន២១.២៥០ក្បាល ។ ក្នុងនោះមាន២គ្រួសារប្រកបរបរចិញ្ចឹមទា ហើយ បានកើតមានជំងឺឆ្លងគឺគ្រួសារលោក ញឹប ស្រ៊ន់ មានទាចំនួន២.៧៥០ក្បាល និងលោកខុន ញ៉ មានទាចំនួន២.៥០០ក្បាល ។
របាយការណ៍ដដែលបានបង្ហាញថា ទារបស់កសិករទាំង២គ្រួសារនោះមាន អាយុ៣ខែនិងមានទម្ងន់ប្រហែល ០,៨០ គីឡូក្រាម ។ ម្ចាស់ទាទាំង២បានឱ្យទា ដើររកចំណីតាមវាលស្រែជាធម្មតា ដោយក្នុងមួយថ្ងៃប្រហែលជា៦ម៉ោង ។
មុនដំបូងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ ទារបស់លោកខុន ញ៉ បានឈឺ និងងាប់ចំនួន២.៣០០ក្បាលនិងទា របស់លោកញឹប ស្រ៊ន់ បានឈឺនិងងាប់ ចំនួន១៩២ក្បាល ដោយមានរោគសញ្ញា ទន់ជើង រាករូស រមួលក ភ្នែកសល្អក់ សំកុក មិនស៊ីចំណីនិងប្រកាច់ងាប់ជាបន្ដបន្ទាប់ ។ សរុបទាំង២គ្រួសារទាងាប់ អស់ចំនួន៥.២៥០ក្បាល ។
របាយការណ៍នេះបានបង្ហាញពីវិធាន ការទប់ស្កាត់បង្ការកុំឱ្យរីករាលដាលនូវ ការផ្ទុះជំងឺផ្ដាសាយបក្សីនៅបន្ទាប់ពីយក សត្វទាចំនួន១០ក្បាលបញ្ជូនទៅធ្វើ រោគវិនិច្ឆ័យនៅឯវិទ្យាស្ថានជាតិស្រាវ ជ្រាវបសុព្យាបាលនៃនាយកដ្ឋានផលិត កម្មនិងបសុព្យាបាល ។ វិធីនៃការទប់ ស្កាត់គឺបាញ់ថ្នាំរម្ងាប់មេរោគនៅកន្លែង កើតហេតុនិងព័ទ្ធជុំវិញទីនោះ ការបោសសម្អាតអនាម័យនៅក្នុងភូមិស្ថាន ការបិទរូបភាពនិងចែកខិត្ដប័ណ្ណស្ដីពី ហានិភ័យនៃជំងឺផ្ដាសាយបក្សី ព្រមទាំង ណែនាំដល់អ្នកចិញ្ចឹមសត្វនិងបក្សីកុំ ឱ្យបរិភោគសត្វបក្សីឈឺនិងងាប់ត្រូវជីក រណ្ដៅកប់និងដុតសាកសពសត្វនិងបក្សី ទាំងនោះ ៕