ភ្នំពេញ: ក្នុងខែមករា ឆ្នាំ២០១៤នេះ
អគ្គនាយកដ្ឋានពន្ធដារបានប្រមូល
និងបង់ប្រាក់ពន្ធចូលថវិកាជាតិបានចំនួន ២៦៥.៦៩៧លានរៀល គឺកើនបាន
១៤,៥% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៣។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានកិច្ចប្រជុំ ស្ដីពី
សរុបលទ្ធផលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០១៤ បានធ្វើឡើងកាលថ្ងៃទី៧
ខែកុម្ភៈ ឆ្នាំ២០១៤ នៅអគ្គនាយកដ្ឋានពន្ធដារ។
ក្នុងខែមករា ឆ្នាំ២០១៤ នេះ អគ្គនាយកដ្ឋានពន្ធដារបានប្រមូល
និងបង់ប្រាក់ពន្ធចូលថវិកាជាតិបានចំនួន ២៦៥.៦៩៧លានរៀល
(គិតជាដុល្លារប្រមាណ ៦៦,៤លានដុល្លារ)។ បើប្រៀបធៀបទៅនឹងខែមករា
ដូចគ្នាក្នុងឆ្នាំ២០១៣ មានការកើនឡើងស្មើនឹង ១៤,៥%
ក្នុងនោះថវិការដ្ឋសម្រេចបានចំនួនស្មើនឹង ៦,៧%
និងថវិការដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបានចំនួនស្មើនឹង ៤,៦%។
តាមការវិភាគប្រភេទពន្ធឃើញថា ចំណូលក្នុងឆ្នាំ២០១៤
មានការកើនឡើងគ្រប់ប្រភេទពន្ធ
ក្នុងនោះប្រភេទពន្ធសំខាន់ៗដែលមានការកើនឡើងមានដូចជា
ពន្ធលើប្រាក់បៀវត្សមានការកើនឡើងប្រមាណ ២៤,៨%
ពន្ធលើប្រាក់ចំណេញមានការកើនឡើងប្រមាណ ៣១,១%
និងអាករលើតម្លើបន្ថែមមានការកើនឡើងប្រមាណ ១១%។
ការពិនិត្យតាមវិស័យឃើញថា ចំណូលក្នុងឆ្នាំ២០១៤
មានការកើនឡើងស្ទើរគ្រប់សកម្មភាព ក្នុងនោះ
ផ្នែកសេវាហិរញ្ញវត្ថុកើនឡើងប្រមាណ ២៧,៨%
ផ្នែកនីហរ័ណ-អាហរ័ណកើនឡើងប្រមាណ ៤២,៥%
ស្ថាបត្យកម្មនិងសំណង់កើនឡើងប្រមាណ ៤៩,២% ផ្នែកថ្នាំជក់កើនឡើងប្រមាណ
២០៨,៣% ផ្នែកអាកាសយន្ដដ្ឋាន និងកំពង់ផែកើនឡើងប្រមាណ ១៣៨,៨%
ផ្នែកផលិតសម្លៀកបំពាក់ ៣៥% ផ្នែកសណ្ឋាគារ និងផ្ទះសំណាក់កើនឡើប្រមាណ
២៥,៣% និងផ្នែកដឹកជញ្ជូន និងទេសចរណ៍ ២១,៨%។
ក្នុងការពិភាក្សាអង្គប្រជុំបានផ្តោតលើចំណុចសំខាន់ៗមួយចំនួន
ដូចជា ១. របាយការណ៍វឌ្ឍនភាពការងាររបស់នាយកដ្ឋាន
សាខាពន្ធដារខេត្ត-ខណ្ឌ, ២. ពិភាក្សាអំពីពន្ធប៉ាតង់
និងការដាក់លិខិតប្រកាសពន្ធប្រចាំឆ្នាំ, ៣.
សេចក្ដីជូនដំណឹងស្ដីពីបែបបទ
នៃការដាក់ពាក្យស្នើសុំឈប់ប្រកបអាជីវកម្មជាស្ថាពរ
និងជម្រះបញ្ជីសារពើពន្ធ និង ៥. បញ្ហាផ្សេងៗ៕